បាត់ដំបង៖ ខណៈតុលាការបន្តសវនាការរឿងគ្រូពេទ្យអត់អាជ្ញាប័ណ្ណបានបង្កឲ្យពលរដ្ឋជាង ២០០ នាក់ក្នុងភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង ឆ្លងមេរោគអេដស៍យុវជន និងយុវតីបានពួនសង្ងំក្នុងផ្ទះនៅភូមិរកាគេចវេះមិនទៅឆ្លើយបំភ្លឺនៅតុលាការដើម្បីបិទបាំងមិនឲ្យអ្នកណាដឹងថាខ្លួនបានផ្ទុកមេរោគអេដស៍។
យុវជនអាយុ ១៨ ឆ្នាំរៀនថ្នាក់ទី ១១ រូបនេះបានដើរចេញពីបន្ទប់ប្រាប់ថាតាមពិតខ្លួនត្រូវទៅបំភ្លឺនៅតុលាការក្នុងនាមជាដើមបណ្តឹង ប៉ុន្តែខ្លួនពុំបានទៅទេដោយកុហកតុលាការថាជាប់ប្រឡង។
យុវជនឈ្មោះ ស្រស់ បានបញ្ជាក់ថា៖ «ខ្ញុំមិនហ៊ានទៅទេខ្លាចអ្នកដទៃដឹងគេរើសអើងម្យ៉ាងខ្ញុំខ្មាសគេខ្លួននៅក្មេងសោះបែរជាកើតរោគដែលសង្គមស្អប់ខ្ពើម»។
នៅក្រោមផ្ទះជាមួយប្អូនស្រីវ័យ ៦ ឆ្នាំដែលផ្ទុករោគដូចខ្លួនស្រស់ថ្លែងថាមានតែមិត្តភក្ដិស្និទ្ធស្នាលទេដែលដឹងថាខ្លួនផ្ទុកមេរោគឯមនុស្សទូទៅមិនឲ្យដឹងទេ។ ដោយយកដៃអង្អែលក្បាលប្អូនស្រីយុវជនរូបនោះថ្លែងថា៖ «ខ្ញុំលាក់មិនឲ្យអ្នកណាដឹងថាខ្ញុំផ្ទុកមេរោគនេះទេសូម្បីគ្រូខ្ញុំព្រោះអីគ្រាន់ឮតែដឹងថាខ្ញុំមកពីភូមិរកាគេរើសអើងបាត់ទៅហើយចុះទម្រាំគេដឹងទៀត?»។
ដោយសារពុំហ៊ានបញ្ចេញការពិតយុវជនរូបនេះលំបាកសម្រេចចិត្តថាតើនៅថ្ងៃចូលរៀនថ្ងៃទី ២៧ ខែតុលាខាងមុខនេះខ្លួនអាចទ្រាំទ្របានកម្រិតណានោះទេ។ ស្រស់ថា៖ «បើគេដឹងថាខ្ញុំផ្ទុកមេរោគអេដស៍ហើយរើសអើងមិននិយាយជាមួយនោះខ្ញុំនឹងឈប់រៀន»។
អង្គុយចាំបើកថ្នាំនៅមណ្ឌលសុខភាពកញ្ញា ពែក សុខា អាយុ ២០ ឆ្នាំដែលផ្ទុករោគនេះដែរនោះថ្លែងថានាងពុំដែលទៅណាឬក៏ធ្លាប់មានស្នេហាទេគឺនៅតែផ្ទះប៉ុន្តែបានឆ្លងដោយសារតែការព្យាបាលពីពេទ្យក្នុងភូមិពេលនាងឈឺម្តងៗហើយសព្វថ្ងៃនាងលាក់រឿងនេះ។
នាងថា៖ «ខ្ញុំឈឺចិត្តបំផុតពេលឮគេប្រមាថថាបើអត់លុយរៀបការទៅរកក្រមុំភូមិរកាទៅថោក! ដូច្នេះហើយបានជាខ្ញុំមិនហ៊ានទៅទេដោយសារការរើសអើងនេះ»។
នាងថ្លែងថា៖ «នៅភូមិគេបានពន្យល់កុំឲ្យរើសអើងគ្នាតែអ្នកខាងក្រៅតែងចំអកដាក់យើង»។
មិនខុសគ្នាពីអ្នកទាំង ២ ទេយុវតីរស្មី ១៩ ឆ្នាំបានថ្លែងថាទោះជានាងមិនផ្ទុកមេរោគអ្វីសោះក៏គេរើសអើងដែរដូច្នេះនាងក៏សម្រចចិត្តឈប់រៀន។ កញ្ញាថា៖ «ខ្ញុំកំពុងបារម្ភថាតើក្រមុំដូចពួកខ្ញុំអនាគតនឹងទៅជាយ៉ាងណា? ខ្លាចគេរើសអើងគ្មានអ្នកណាគេហ៊ានមកតើពួកខ្ញុំត្រូវផ្លាស់ទៅកន្លែងថ្មីឬដើម្បីចៀសវាងបញ្ហាទាំងនេះ»។
នាងថាក្រុមគ្រួសារនាងមិនមានអ្នកណាម្នាក់ផ្ទុកមេរោគនោះទេប៉ុន្តែដោយសារតែភូមិនេះល្បីថាភូមិកើតអេដស៍បានធ្វើឲ្យប៉ះពាល់ដល់គ្រួសារនាងដែរ។ នាងថា៖ «ត្រីមួយកន្ត្រកបើស្អុយមួយស្អុយទាំងអស់គេមិនគិតថាល្អ ឬអាក្រក់ទេ»។
លោក កាន សម្បត្តិ ជំទប់ទី ១ ឃុំរកាថ្លែងថាក្នុងភូមិពេលផ្ទុះរឿងនោះភ្លាមពិតជាមានការរើសអើងប៉ុន្តែក្រោយពីមន្ត្រីជំនាញពន្យល់ក៏លែងមានប៉ុន្តែបែរជាមានពីក្រៅទៅវិញ។
លោកថា៖ «ខ្ញុំឮថាសិស្សខ្លះទៅរៀនមិនហ៊ានប្រាប់គ្រូទេខ្លាចគ្រូរើសអើងឯសិស្សរៀននៅសាកលវិទ្យាល័យដោយសារការរើសអើងក៏បានឈប់រៀន»។
លោកបញ្ជាក់ថាលំបាកគឺសាលាខាងក្រៅឃុំដែលលោកមិនអាចធ្វើបានប៉ុន្តែសាលាក្នុងភូមិគឺលោកមិនឲ្យមានការរើសអើងចំពោះសិស្សទេហើយសព្វថ្ងៃនេះមានសិស្ស ៥៣ នាក់ផ្ទុកមេរោគក្នុងចំណោម ៧១ នាក់ក្នុងគ្រឹះស្ថានសិក្សាផ្សេងៗ។
លោកថា៖ «ដោយសារតែកុំឲ្យលំបាកយើងក៏បានសាងសង់មន្ទីរពេទ្យមួយតែម្ដងក្នុងភូមិនេះដើម្បីជួយអ្នកផ្ទុករោគមិនបាច់ឡើងទៅពេទ្យធំដូច្នេះក៏អាចកាត់បន្ថយការរើសអើងនេះដែរ»។
កាលពីថ្ងៃទី ២០ ខែតុលានៅថ្ងៃសវនាការដំបូងលោក យ៉ែម ជ្រិន ដែលជាជនសង្ស័យបានបដិសេធបទចោទលើរូបលោកពីព្រោះលោកមិនបានដឹងរឿងនោះទេ។
សវនាការនាថ្ងៃទី ២ ដែលផ្តោតលើការសួរដេញដោលជនរងគ្រោះជាដើមបណ្តឹងគឺជនរងគ្រោះបាននិយាយដូចៗគ្នាថាការឆ្លងជំងឺនោះគឺដោយសារការទទួលការព្យាបាលពីពេទ្យជ្រិនដោយពួកគេជិត ២០ នាក់បានទាមទារសំណងពី ៣ លានរៀលរហូតដល់ ៤០០០ ដុល្លារអាមេរិកជាសំណងជំងឺចិត្ត។ លើកលែងតែដើមបណ្តឹងពីរនាក់មិនទាមទារសំណង និងសុំឲ្យតុលាការលើកលែងការចោទប្រកាន់ទៅលើលោកគ្រូពេទ្យរូបនោះទោះបីជាពួកគាត់ផ្ទុកមេរោគក៏ដោយ៕