ភ្នំពេញៈ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​គាំទ្រ​សេចក្ដី​សម្រេច​របស់​ថេរសភា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ចាប់​ផ្សឹក​ព្រះតេជគុណ លួន សុវ៉ាត ដែល​កំពុង​រង​ការចោទប្រកាន់​ថា​បាន​សេពមេថុនធម្ម​ជាមួយ​ស្ដ្រីភេទ​។ ការប្រកាស​របស់​ស្ថាប័ន​កំពូល​សង្ឃ​នេះ​ស្រប​ពេល​ព្រះតេជគុណ លួន សុវ៉ាត ជា​សង្ឃ​ធ្វើ​សកម្មភាព​ខាង​ការងារ​សង្គម​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។

កាលពី​ថ្ងៃទី​ ១០ ឧសភា សម្ដេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នន្ទ ង៉ែត បានចេញ​ប្រកាស​ប្រគេន​ទៅកាន់​ព្រះ​មេគណ​ទាំង​ ២៥ ​រាជធានី-ខេត្ត​ថា ការសម្រេច​របស់​ថេរសភា​នៅ​ខេត្តសៀមរាប​គឺមាន​តម្លាភាព យុត្តិធម៌ និង​ត្រឹមត្រូវ​តាម​ពុទ្ធវិន័យ ហើយ​គណៈសង្ឃ​នាយក​ឯកភាព​ទាំងស្រុង​ឱ្យ​ព្រះតេជគុណ លួន សុវ៉ាត លាចាក​សិក្ខាបទ​ពី​ភេទបព្វជិត​។

ប៉ុន្តែ​មកដល់​ពេល​នេះ​បុគ្គល លួន សុវ៉ាត ពុំទាន់​បានចេញ​មុខមក​អនុវត្តតាម​សេចក្ដី​សម្រេច​របស់​ថេរ​សភា​ខេត្ត​នោះឡើយ ពោល​គឺ​បាន​គេចខ្លួន​បាត់​តែម្ដង​។ ផ្អែកលើ​មូលដ្ឋាន​នេះ​គណៈ​សង្ឃនាយក​ស្នើឱ្យ​ព្រះ​មេគណ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​អនុវត្ត​នូវ​សេចក្ដី​សម្រេច​របស់​ថេរសភា​ខេត្ត​សៀមរាប​ឱ្យបាន​ម៉ឺងម៉ាត់ និង​មាន​​ប្រសិទ្ធភាព​ខ្ពស់​។

ការប្រកាស​របស់​គណៈសង្ឃ​នាយក​នេះ​ស្រប​ពេល​ព្រះតេជគុណ លួន សុវ៉ាត បាន​បញ្ជាក់​ថា ព្រះអង្គ​កំពុង​ស្ថិត​នៅក្នុង​ទីកន្លែង​មាន​សុវត្ថិភាព​មួយ ដើម្បី​ភៀសខ្លួន​ពី​ការតាម​ចាប់​ផ្សឹក ខណៈ​ព្រះអង្គ​បាន​ចាត់ទុក​ការចោទ​ប្រកាន់​ថា ព្រះអង្គ​បាន​សេព​មេថុនធម្ម​ជាមួយ​ស្ដ្រីភេទ​គឺជា​រឿង​នយោបាយ​ដែល​បង្កើតឡើង​ពី​អ្នកស្អប់​ព្រះអង្គ​ដែល​បាន​រៀបចំ​ឱ្យ​មាន​ការកាត់ត​រូបភាព និង​សំឡេង ដើម្បី​មួលបង្កាច់ និង​លាប​ពណ៌​ព្រះអង្គ​។

ព្រះអង្គ លួន សុវ៉ាត ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ពី​អន្តរជាតិ​ក្នុង​នាម​ជា​អ្នកការពារ​សិទ្ធិមនុស្ស​បាន​សរសេរ​បង្ហោះ​នៅតាម​ហ្វេសប៊ុក​ថា ការចោទប្រកាន់​នេះ​គឺ​ដោយសារ​ព្រះអង្គ​គឺជា​សកម្មជន​ដ៏ល្បី​ឈ្មោះ​ម្នាក់​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ក្នុង​នាម​ជា​អ្នកធ្វើការងារ​សង្គម​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី សិទ្ធិមនុស្ស នយោបាយ និង​ការពារ​ព្រៃឈើ​ជាដើម​ដែល​ធ្វើឱ្យ​អ្នកមាន​អំណាច​មួយចំនួន​ក្ដៅក្រហាយ​ និង​មិន​សប្បាយចិត្ត​។

កាលពី​ថ្ងៃទី​ ៣ មិថុនា ថេរសភា​ខេត្តសៀមរាប​បាន​ចេញ​ប្រកាស​មួយ​ថា ថេរសភា​ខេត្ត​បាន​បើក​កិច្ចប្រជុំ និង​ស្ដាប់​វីដេអូ​សារ​សំឡេង​សន្ទនា​រៀបរាប់​ពី​សេចក្ដី​ស្នេហា​យ៉ាង​ស៊ីជម្រៅ​រវាង​ភិក្ខុ លួន សុវ៉ាត ជាមួយ​ស្ដ្រី​ជា​ម្ដាយ​ និង​កូនស្រី​ព្រមទាំង​បាន​ស្ដាប់​កំណត់ហេតុ​បំភ្លឺ​របស់​កូនស្រី​ ១ ​រូប និង​បាន​សន្មត​ថា ព្រះអង្គ​ លួន សុវ៉ាត ពិតជា​បាន​សេពមេថុនធម្ម​ជាមួយ​ស្ដ្រីភេទ​ពិតប្រាកដ​មែន​ដែល​ទោសកំហុស​នេះ​គឺ​ត្រូវតែ​លាចាក​សិក្ខាបទ​ជា​សង្ឃ​។ ប្រសិនបើ​នៅតែ​បន្ត​ស្លៀក​ស្បង់​ចីវរ​ទៀត​គឺ​ចាត់ទុក​ថា ព្រះអង្គ លួន សុវ៉ាត ប្រព្រឹត្ត​ក្លែងភេទ​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​អាដហុក​បាន​លើកឡើង​ថា តាម​សត្យានុម័ត​នៅក្នុង​ច្បាប់​គឺ​ករណី​ចោទប្រកាន់​នេះ គួរតែ​ធ្វើ​ការស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់​មុន​មាន​សេចក្ដី​សម្រេច​ឱ្យ​ផ្សឹក​ព្រះអង្គ លួន សុវ៉ាត ហើយ​ថេរ​សភា​ខេត្ត​សៀមរាប​មិនគួរ​ជឿ​លើ​វីដេអូ​ដែល​ជា​ការសន្ទនា​មួយ​ដែល​ត្រូវបាន​បង្ហោះ​ឡើង​ពី​ជនអនាមិក​នោះទេ​។

លោក ស៊ឹង សែនករុណា បាន​ថ្លែងថា​៖«​អ៊ីចឹង​! ការសម្រេច​នេះ​គឺ​ធ្វើ​ឡើង​លឿន​ពេក នេះ​តាម​អ្វីដែល​យើង​មើល​ឃើញ ហើយ​គួរ​ធ្វើ​ការងារ​ឱ្យបាន​ច្បាស់លាស់ ចាំ​សម្រេច​»៕