ភ្នំពេញៈ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​បង្ហាញ​ព្រះទ័យ​គាំទ្រ​ចំពោះ​គោល​នយោបាយ​គាំពារ​សង្គម​ឆ្នាំ ២០១៦-២០២៥ ដែល​ជា​ការ​លើក​កម្ពស់​សុខុមាល​ភាព​និង​សាមគី្គ​ភាព​សង្គម​ព្រម​ទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​អតិបរមា។

ព្រះរាជបន្ទូល​របស់​ស​ម្ដេច​ម៉ែ​ដូចនេះ បាន​ធ្វើឡើង​តាមរយៈ​ព្រះរាជសារ​មួយ​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី ១០៨ នៃ​ទិវា​នារី​អន្តរជាតិ​ ក្នុង​ឆ្នាំ​នេះ។

ការ​ចេ​ញេ​ព្រះ​ជា​សារ​នេះ​ខណៈ​រាជរដ្ឋាភិបាល​បាន​លើកយក​ប្រធាន​បទ «សម​ភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស» ក្នុង​ថ្ងៃ​ទិវា​សិទ្ធិនារី​សម្រាប់​ដាក់​ចេញ​ជា​សកម្មភាព​អនុវត្ត​នយោបាយ​ជាតិ​គាំពារ​សង្គម​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

នៅក្នុង​ព្រះរាជសារ​នេះ ព្រះមហាក្សត្រី បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ដោយ​បាន​ឃើញ​គោល​នយោបាយ​គាំពារ​សង្គម​ដែល​ជា​ផែនការ​យុទ្ធស្រាស្ត​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​សន្ដិសុខ​ប្រាក់​ចំណូល​និង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន។

សម្ដេចម៉ែ បានបញ្ជាក់​ទៀតថា៖ «ខ្ញុំ​សូម​សរសើរ​និង​គាំទ្រ​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ដែល​ជា​ផែនទី​ផ្ដោត​លើ​សសរ​ស្ដម្ភ​ចំនួន ២ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្ដិសុខ​សង្គម»។

ព្រះមហាក្សត្រី បាន​បន្ដថា​ប្រព័ន្ធ​ទាំង ២ នេះ មាន​សារៈ​សំខាន់​ចំពោះ​សង្គម​ដែល​ឆ្លើយ​តប​នឹង​គ្រោះ​អាសន្ន ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ឲ្យ​មាន​ជំនាញ​និង​ចំណេះ​ដឹង​ស្រប​ទៅ​តាម​ការ​វិវឌ្ឍរ​បស់​សង្គម សុខុមាល​ភាព​សម្រាប់​ប្រជាជន​ងាយ​រង​គ្រោះ ព្រម​ទាំង​គិតគូរ​ទៅ​លើ​ការ​ថែទាំ​សុខភាព ហានិភ័យ​ការងារ​និង​ពិការភាព ព្រមទាំង​សោធន​និវត្តន៍​ពេល​វ័យ​ចាស់។

ទន្ទឹមនឹងនេះ នៅក្នុង​ព្រះរាជសារ​ដដែល ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏​បាន​អំពាវនាវ​ផង​ដែរ ឲ្យ​មាតា​បិតា​អាណា​ព្យាបាល​ទាំង​អស់​ចូលរួម​លើក​កម្ពស់​សីលធម៌​សង្គម វប្បធម៌​អហិង្សា នៅ​ក្នុង​គ្រួសារ​និង​សង្គម តាមរយៈ​ការ​ទូន្មាន​ប្រៀន​ប្រដៅ​កូន​ចៅ​ដើម្បី​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ដោយ​ចៀស​វាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​និង​គ្រឿង​ស្រវឹង ការ​ប្រើ​អំពើ​ហិង្សា​ដើម្បី​រក្សា​សុខ​សន្តិភាព សុវត្ថិភាព​ក៏​ដូច​សណ្ដាប់​ធ្នាប់​សង្គម៕