ភ្នំពេញៈ សម្ដេច​រាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី ដែលមាន​ភាពល្បីល្បាញ​ជំនាញ​ខាង​របាំ​ព្រះរាជ​ទ្រព្យ​បាន​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​ចូល​ជិត​ ៧៧ ព្រះវស្សា ដោយ​ព្រះរោគាពាធ​នៅ​មន្ទីរពេទ្យ​ ១ នាទី​ក្រុង​បាងកក ប្រទេស​ ថៃ​ ពី​ម្សិលមិញ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​៖ «​សូម​ថ្វាយ​មហាព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាង​ទៅកាន់​ទីឋាន​ព្រះបរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សម្ដេច​រាជបុត្រី នរោត្តម បុប្ផាទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៧ ​ព្រះវស្សា​ នា​វេលា​ម៉ោង ១២:៣០ ​នាទី ថ្ងៃទី​ ១៨ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ជរាពាធ​»​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បាន​បញ្ជាក់ថា សម្ដេច​រាជបុត្រី នរោត្តម បុប្ផាទេវី ព្រះប្រសូត​នៅ​ថ្ងៃទី​ ៨ ខែ​ មករា ឆ្នាំ​ ១៩៤៣ នា​រាជធានី​ភ្នំពេញ​ទ្រង់​ជា​ព្រះរាជបុត្រី​ច្បង​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះបរម​រតនកោដ្ឋ ដែល​មាន​ព្រះមាតា​គឺ​អ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃ​របាំ​ព្រះរាជ​ទ្រព្យ​។

ព្រះអង្គ​ត្រូវជា​ព្រះរៀម​បង្កើត​មាតា​ទីទៃ​នៃ​ព្រះករុណា​ជា​អង្គម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត និង​ត្រូវជា​ព្រះរៀម​រួម​ព្រះ​មាតា​នៃ​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ​។ ក្នុង​ព្រះបរមនាម​ជា​ព្រះនិមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បាន​ទទួល​ព្រះគោរមងារ​ថា «​ទេពនាថរដ្តីឯក​» ​និង​ជា «​មរតក​មនុស្ស​រស់​របស់​កម្ពុជា​» កាលពី​អំឡុង​ឆ្នាំ​ ២០១៣​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ព្រះមហាក្សត្រ​កម្ពុជា​។

សម្តេច​ចៅហ្វា វាំង គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង មិនអាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ការយាង​សោយ​ទិវង្គត​របស់​សម្ដេច​ព្រះរៀម​បានទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ព្រះ​សព​របស់​សម្តេច​រាជបុត្រី​នឹង​តម្កល់​ធ្វើបុណ្យ​តាម​ព្រះបវេណី និង​ព្រះពុទ្ធសាសនា​នៅក្នុង​វត្ត​បទុមវតី រាជធានី​ភ្នំពេញ​។

ព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មុន​សោយ​ទិវង្គត (​រូប​ស្ដាំ​)​។ហុង មិនា

ជាមួយ​នឹង​ការសោយ​ទិវង្គត​របស់​សម្ដេចព្រះរៀម លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ចេញ​សារ​លិខិត​ចូលរួម​រំលែក​នូវ​ព្រះមរណទុក្ខ​ថា​៖ «​ការបាត់បង់ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី គឺជា​ការបាត់បង់​ដ៏ធំធេង​បំផុត​នូវ​តួអង្គ​ពហុជំនាញ​ក្នុង​វិស័យ​វប្បធម៌ អរិយធម៌​ជាតិខ្មែរ​ជា​ដួងព្រលឹង​រឹងមាំ​ខ្លាំងក្លា​។ ពិសេស​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ដ៏ឧត្តុង្គឧត្តម​ដែល​មាន​ព្រះរាជបុត្រី អង្គព្រះមហាក្សត្រ​ដ៏ឆ្នើម​..​ដ៏ស្រស់​ល្វន់ល្វៃ​ទ្រង់​ពេញ​ព្រះរាជហឫទ័យ​នឹង​នាដកា​ជា​តួឯក​របាំ​អប្សរា លើក​តម្កើង​វប្បធម៌​ពណ្ណរាយ​ជាតិ ថ្កើងថ្កាន ល្បីល្បាញ​រន្ទឺ​ទូទាំង​សកលលោក​»​។

ព្រះអង្គម្ចាស់ ស៊ីសុវតិ្ថ ធម្មិកោ ជា​សមាជិក​រាជវង្ស​មួយអង្គ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ព្រះអង្គ​បាន​ទទួល​ដំណឹង​ពី​ការអាពាធ​របស់​ព្រះរាជបុត្រី​កាលពី​ថ្ងៃអាទិត្យ​។ យ៉ាងណា​ព្រះអង្គ​បាន​បញ្ជាក់ថា ព្រះរាជបុត្រី បុប្ផាទេវី ក្នុង​​ព្រះជន្ម ៧៦ ចូល ៧៧ ព្រះវស្សា​នេះ គឺ​ទទួល​អាពាធ​នូវ​ជំងឺ​ជាច្រើន​មុខ ហើយ​ថ្មីៗ​នេះ ព្រះរាជ​សុខភាព​ព្រះអង្គ​ក៏​បាន​ចុះខ្សោយ​ផងដែរ​។

ព្រះអង្គ​មាន​ព្រះរាជ​បន្ធូល​ថា​៖ «​ខ្ញុំ​មិនដឹង​ច្បាស់​ទេ​ថា ព្រះអង្គ​សោយ​ទិវង្គត ដោយសារ​ជំងឺ​អ្វី​ទេ ប៉ុន្តែ​តាម​ខ្ញុំ​ដឹង​លោក​មាន​រោគ​ច្រើន​ដែរ គឺ​ទឹកនោម​ផ្អែម​ផង លើសឈាម​ផង ខ្ញុំ​មិន​ដឹង​ថា លោក​ សុគត ព្រោះ​មូលហេតុ​អ្វី​។ ខ្ញុំ​ភ្ញាក់​ដែរ ព្រោះ​ទើបតែ​ប៉ុន្មាន​សប្តាហ៍​មុន ខ្ញុំ​ធ្វើបុណ្យ​ជាមួយ​គ្នា​នៅ​វាំង​។ នៅពេល​ហ្នឹង លោក ស្ថានភាព​លោក អស់​ព្រះកាយពល​ដែរ​។ ខ្ញុំ​មាន​ការសោកស្តាយ​ខ្លាំងណាស់ ព្រោះ​ខ្ញុំ​ស្រឡាញ់​លោក ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​លោក​ច្រើន​តាំងពី​ក្មេង​»​។

អ្វី​ដែល​ព្រះអង្គម្ចាស់ ធម្មិកោ កោតស្ញប់ស្ញែង​ព្រះរាជ​ស្នាដៃ​របស់​ព្រះរាជបុត្រី​បំផុត​នោះ​គឺ​៖ «​លោក​បាន​សិក្សា​របាំ​ព្រះរាជទ្រព្យ​លោក​បាន​ស្តារ​របាំ​ព្រះរាជទ្រព្យ​ដែល​ទទួល​កេរ​ពី​ព្រះមហាក្សត្រីយ៍ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា​។ លោក​បាន​ជោគជ័យ​ខ្លាំងណាស់​ក្នុង​ការដាក់​បញ្ចូល​របាំ​ព្រះរាជទ្រព្យ​នៅក្នុង​បេតិកភណ្ឌ​អរូបី​ពិភពលោក ព្រោះ​នេះ​គឺជា​ស្នាម​ព្រះហស្ត​របស់​លោក​ដ៏សំខាន់​បំផុត​»​។

យោងតាម​ព្រះប្រវត្តិ​សង្ខេប​របស់​សម្ដេច​រាជបុត្រី នរោត្ដម បុប្ផាទេវី ទ្រង់​បាន​ហាត់រៀន​របាំ​ព្រះរាជទ្រព្យ​ផ្ទាល់​ពី​សម្ដេចព្រះមហាក្សត្រី​យានី ស៊ីសុវត្ថិ មុនីវង្សកុសមៈ​នារីរតន៍ សិរីវឌ្ឍនា ដែល​ជា​ព្រះអយ្យការ (​ជីដូន​) នៅក្នុង​ព្រះបរមរាជវាំង​តាំងពី​វ័យ​កុមារ រហូត​ចេះ​ចាំ និង​ជា​​តួឯក​ផងដែរ​ក្នុង​ការសម្ដែង​នៅក្នុង​ទសវត្សរ៍​ ៦០​។

នៅ​ឆ្នាំ​ ១៩៦៥ ដល់​ឆ្នាំ ១៩៧០ ព្រះអង្គ​មាន​ព្រះរាជតួនាទី ជា​សាស្ត្រាចារ្យ​របាំ​បុរាណ និង​វប្បធម៌ ហើយ​នៅ​ឆ្នាំ ១៩៩១ ដល់ ឆ្នាំ​ ១៩៩៣ ព្រះអង្គ មាន​ព្រះរាជតួនាទី​ជា​រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បន្ទាប់មក​នៅ​ឆ្នាំ​ ១៩៩៣ ដល់​ឆ្នាំ​ ១៩៩៨ ព្រះអង្គ​មាន​ព្រះរាជតួនាទី​ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ខណៈ​នៅ​អំឡុង​ឆ្នាំ​នោះ ព្រះអង្គ​ក៏​មាន​ព្រះរាជតួនាទី​ជា​អនុប្រធាន​កាកបាទក្រហម​ជាតិ​កម្ពុជា​។

ក្រោយមក​នៅ​ឆ្នាំ​ ១៩៩៩ ដល់​ឆ្នាំ ២០០៤ សម្ដេចរាជបុត្រី នរោត្ដម បុប្ផាទេវី ទ្រង់​ក៏​ឡើង​ជា​រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ម្តងទៀត ហើយ​ចាប់ពី​ពេល​នោះ​មក ព្រះអង្គ​មាន​ព្រះរាជ​តួនាទី​ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ និង​ជា​​សមាជិក​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​។

របាំ​ព្រះរាជទ្រព្យ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​អង្គការ Unesco កាលពី​ថ្ងៃទី​ ៧ ខែ​ វិច្ឆិកា ឆ្នាំ ២០០៣​។ ក្រៅពី​ព្រះរាជតួនាទី​ទាំងនេះ ព្រះអង្គ​ក៏​ទទួល​បាន​នូវ​គ្រឿង​រាជឥស្សរិយយស​ជាច្រើន​ដូចជា កាលពី​ថ្ងៃទី​ ១៥ ខែ​ មីនា ឆ្នាំ​ ២០០៦ គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​ថ្ងៃទី​ ២២ ខែ​តុលា ឆ្នាំ​ ២០០១ ទទួល​គ្រឿង​ឥស្សរិយយស​ពី​សម្ដេចព្រះមហាក្សត្រីយ៍ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា និង​នៅ​ថ្ងៃទី​ ១៦ ឧសភា ឆ្នាំ​ដដែល ព្រះអង្គ​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស មុនីសារាភ័ណ្ឌ ជាដើម​។

ព្រះរាជ​បន្ធូល​របស់​ព្រះអង្គ​ជា​លើកចុងក្រោយ​ដែល​បាន​ផ្តល់​បទសម្ភាស​ផ្ទាល់​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ឆ្នាំ ២០១៧ ​ថា​ចំពោះ​ហឫទ័យ​របស់​ព្រះអង្គ ទោះ​ជា​ទ្រង់​ត្រូវ​សម្ដែង​របាំ​ក្នុង​បន្ទប់​ហ្វឹកហាត់ រាជវាំង ឆាក​អន្ដរជាតិ ឬ​កន្លែង​ណាក៏ដោយ​ក៏​មិន​ជា​បញ្ហា​ចោទ​ដែរ ព្រោះ​ពេល​ព្រះអង្គ​ឡើង​លើ​ឆាក ព្រះអង្គ​ជា​អ្នករបាំ​ម្នាក់ ហើយ​គ្រាន់​តែ​ជា​អ្នករបាំ​ដ៏សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ​។ ជាមួយ​នឹង​ការស្រឡាញ់​នឹង​ការ​ពាំនាំ​របាំ​ខ្មែរ​ជាច្រើន​រួមមាន​របាំ​ព្រះរាជទ្រព្យ និង​របាំ​អប្សរា​សម្តែង​ជុំវិញ​ពិភពលោក ដូចជា បារាំង ញូវយ៉ក ចិន ឥណ្ឌា និង​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។

ព្រះរៀម​មាន​បន្ទូលថា​៖ «​វា​ពិបាក​ក្នុងការ​ទស្សន៍ទាយ​ពី​ជោគជតា​របាំ​ព្រះរាជទ្រព្យ​។ ច្បាស់​ណាស់ គឺ​​ប្រាកដ​ជា​មាន​នរណាម្នាក់​(​បន្តវេន​) ​ខ្ញុំ​មិនអាច​រស់​បាន ១០០ ឆ្នាំ​ឡើយ​»៕

វីដេអូ​៖