ភ្នំពេញៈ សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ទំនង​ជា​មិនអាច​យាង​មក​បោះឆ្នោត​បាន​ទេ ដោយសារ​ទ្រង់​កំពុង​គង់​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ក្រោម​ការតាមដាន​សុខភាព​ពី​គ្រូពេទ្យ ក្រោយ​ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​ខែ​មុន​នោះ​។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ឲ្យ​ដឹង​ពី​ម្សិលមិញ​។

អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានរដ្ឋសភា សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម ប៉ុន្តែ​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា​នេះ​ព្រះអង្គ​ទំនង​ជា​មិន​អាច​យាង​មក​កម្ពុជា ដើម្បី​ចូលរួម​បោះឆ្នោត​បាន​នោះ​ទេ ដោយសារ​តែ​ព្រះអង្គ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​តាមដាន​បញ្ហា​សុខភាព​។

ទោះ​ជា​យ៉ាងណា​បើ​តាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា សម្តេចក្រុមព្រះ​បាន​ធូរស្រាល​ច្រើន​ដែរ​ហើយ ដែល​ឥឡូវ​នេះ​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​បន្ទប់​ព្យាបាល​ធម្មតា​របស់​មន្ទីរពេទ្យ​ថៃ គឺ​មិនមែន​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​ទៀត​នោះ​ទេ​។

មន្ត្រី​ជាន់ខ្ពស់​រូប​នោះ​បញ្ជាក់​ថា​៖ «​បាន​ធូរ​ច្រើន តែ​ [​ព្រះអង្គ​] ​នៅ​តស៊ូ​ជាមួយ​នឹង​ឆ្អឹង​ដែល​ត្រូវ​វះកាត់​។ អ៊ីចឹង​ត្រូវការ​ពេលវេលា​ច្រើន​»​។

មន្ត្រី​ដដែល​ក៏​បាន​បន្ថែម​ថា ជុំវិញ​ស្ថានភាព​ទូទៅ​សម្រាប់​សុខភាព​របស់​សម្តេច​ក្រុមព្រះ ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គួបផ្សំ​នឹង​វ័យ​កាន់តែ​ច្រើន​ក្នុង​ព្រះជន្ម​ជាង​ ៧០ ​ព្រះវស្សា​ហើយ​នោះ​គឺ​សុខភាព​ព្រះអង្គ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ​។

នៅពេល​ទាក់ទង​ពី​ម្សិលមិញ អគ្គលេខាធិការ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក​ យឹម សាវី ឲ្យ​ដឹង​ថា​សម្តេច​ក្រុមព្រះ​សព្វព្រះទ័យ​ខ្លាំង​ណាស់​នឹង​ការបោះឆ្នោត ហើយ​ចង់​យាង​មក​បោះឆ្នោត ប៉ុន្តែ​ថា​ព្រះអង្គ​កំពុង​ស្ថិត​ក្រោម​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រុម​គ្រូពេទ្យ​ថៃ​ក្នុង​ការ​តាមដាន​សុខភាព​របស់​ព្រះអង្គ ដូច្នេះ​គ្រូពេទ្យ​មិន​ទាន់​ចង់​អនុញ្ញាត​ឲ្យ​ព្រះអង្គ​យាង​មក​កម្ពុជា​ក្នុង​អំឡុងពេល​ឆាប់​ពេក​ទេ​។

លោក​ យឹម សាវី ថ្លែង​ថា​៖ «​ធូរ​ហើយ​អត់​មាន​អី​ទៀត​ទេ គ្រាន់តែ​ថា​ពេទ្យ​ចង់​ថែរក្សា​លោក​បន្តិច​ឲ្យ​ល្អល្អះ​មែនទែន​ទៅ​ណា​។ ​តាមពិត​លោក​ជា​ស្បើយ​សឹងតែ​ទាំងអស់​ហើយ ប៉ុន្តែ​ធម្មតា​ត្រូវ​យល់​របួស​ធម្មតា​ទេវា​មិន​សះ​អី​លឿន​ពេក​ទេ​។ អ៊ីចឹង​ [​ពេទ្យ​] ​ក៏​ត្រូវ​ការថែទាំ​លោក​ដែរ​ណា លោក​ក៏​មាន​ព្រះជន្ម​ច្រើន​ដែរ​»​។

លោក​ យឹម សាវី បញ្ជាក់​ថា​៖ «​លោក បើ​ពេទ្យ​កុំ​ហាម លោក​មក​ [​បោះឆ្នោត​] ​ហើយ​។ ប៉ុន្តែ​ពេទ្យ​ចេះ​តែ​ឃាត់​លោក​ពេទ្យ​ចេះ​តែ​ខ្លាច​វា​មាន​បញ្ហា​អី​កើតឡើង យើង​ក៏​ដូច​គ្នា​ដែរ​។ មាន​តែ​លោក​ទេ​ជា​ម្លប់​ទាំងអស់​គ្នា​ហ្នុង ហើយ​បើ​សិន​ជា​អត់​ពី​លោក​ទៅ​ក៏​យើង​វា​ពិបាក​ដែរ គណបក្ស​នេះ​ក្តី​ការ​ធ្វើ​នយោបាយ​ផ្សេងៗ​ក៏​ពិបាក​ច្រើន​ដែរ​»​។

សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​ ១៧ ខែ​មិថុនា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤ ដោយ​បណ្តាល​ឲ្យ​អ្នក​ម្នាងអ៊ុក ផល្លា របស់​ព្រះអង្គ​បាត់បង់​ជីវិត ឯ​ព្រះអង្គ​រងរបួស​បាក់ឆ្អឹង​យ៉ាង​ធ្ងន់ធ្ងរ​៕