ភ្នំពេញៈ នៅក្នុង​ទិវា​នារី​អន្តរជាតិ ៨ ​មីនា ឆ្នាំ​ ២០២១ ​នេះ​សម្តេច​ព្រះវររាជមាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បាន​កត់សម្គាល់ថា ការចូលរួម​របស់​ស្ត្រី​នៅក្នុង​កិច្ចការ​សាធារណៈ នយោបាយ និង​ឯកជន​កាន់​តែមាន​ភាពប្រសើរ​ឡើងជា​បន្តបន្ទាប់​ ខណៈ​ដែល​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​បន្ត​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ជាមួយ​គ្នា​នេះ​សម្តេចម៉ែ​ក៏​បាន​សម្តែង​ការកោតសរសើរ និង​គាំទ្រ​ដល់​ក្រសួង​កិច្ចការនារី​ដែល​បាន​លើកយក​ប្រធានបទ «​ស្ត្រី និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូវីដ​១៩» សម្រាប់​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨ ​មីនា ឆ្នាំ​ ២០២១ ​នេះ​។

ក្នុង​ព្រះរាជសារ​អបអរសាទរ​ខួប​លើក​ទី​ ១១០ ​នៃ​ទិវា​នារី​អន្តរជាតិ​ ៨ ​មីនា​នេះ សម្តេចម៉ែ​បាន​កត់សម្គាល់​ឃើញថា ការចូលរួម​របស់​ស្ត្រី​នៅក្នុង​កិច្ចការ​សាធារណៈ នយោបាយ និង​ឯកជន កាន់​តែមាន​ភាពប្រសើរ​ឡើងជា​បន្តបន្ទាប់​។ ស្ត្រី និង​ក្មេងស្រី​ទទួលបាន​ការអនុវត្ត​នូវ​សិទ្ធិ​ពេញលេញ និង​កាលានុវត្តភាព​ក្នុង​ការអភិវឌ្ឍ​ចំណេះដឹង ជំនាញ​បច្ចេកទេស និង​ធនធាន​របស់ខ្លួន​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស​ជា​សកល​ភាព​ជា​ដៃគូ​ក្នុងការ​រស់នៅក្នុង​គ្រួសារ និង​សង្គម​ប្រកបដោយ​សមភាព និង​សមធម៌ និង​ការចូលរួម​ប្រកបដោយ​សក្តានុពល​នៅក្នុង​បរិបទ​នៃ​ការវិវឌ្ឍ​ថ្មី​របស់​សង្គម​។

សម្តេចម៉ែ​មាន​បន្ទូល​ថា​៖ «​ខ្ញុំ​សូម​សរសើរ និង​គាំទ្រ ក្រសួង​កិច្ចការនារី និង​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា ដើម្បី​ស្ត្រី​ដែល​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការលើកកម្ពស់​សមភាព​យេនឌ័រ ដើម្បី​ស្ត្រី​បានទទួល​នូវ​កិច្ចការពារ សិទ្ធិ និង​ផលប្រយោជន៍ តាមរយៈ​ការកែប្រែ​ឥរិយាបថ​សង្គម​ឱ្យ​ទទួល​ស្គាល់ និង​ចាត់ទុក​ស្ត្រី​ជា​ដៃគូ​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​គ្រួសារ និង​សង្គម ដោយ​ជួយ​ជំរុញ​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព​ស្ត្រី​ក៏​ដូចជា​ការផ្តល់​ឱកាស​ឱ្យ​ស្ត្រី​ចូលរួម​ប្រកបដោយ​សមធម៌​ក្នុង​គ្រប់​ការងារ និង​ក្នុង​គ្រប់​វិស័យ​» ។

ចំណែក​សារលិខិត​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ ៨ ​មីនា​នេះ​បាន​សរសេរ​ថា ប្រធានបទ​ស្ត្រី និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូវីដ​១៩​បង្ហាញ​អំពី​ការចូលរួម​យ៉ាងសកម្ម​របស់​ស្ត្រី​ក្នុង​កិច្ចអភិវឌ្ឍន៍​នៅ​គ្រប់​កម្រិត គ្រប់​វិស័យ និង​គ្រប់​កាលៈទេសៈ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​ ៤ ដែល​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​។

លោកនាយក​រដ្ឋមន្ត្រី​ស្នើ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់រូប​រួម​គ្នា​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅលើ​ចំណុច​អាទិភាព​សំខាន់ៗ​មួយចំនួន​ដូចជា បន្ត​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ជាតិ ថែរក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​ជំរុញ​ចលនា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ដើម្បី​ធានា​សុខុមាលភាព ជីវភាព​ប្រក្រតី​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។ «​ពង្រីក​វិសាលភាព​គ្របដណ្តប់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម រួមទាំង​សុខុមាលភាព​ស្ត្រី និង​ក្មេងស្រី​ជាមួយ​នឹង​ការអនុវត្ត​នូវ​រាល់​កម្មវិធី​ជំនួយ​សង្គម​នានា​។ បន្ត​ពង្រឹង​ភាពអង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​តាមរយៈ​ការបង្កើន​ការយល់ដឹង និង​អភិវឌ្ឍ​អាជីវកម្ម​ដល់​ស្ត្រី ការអភិវឌ្ឍ​អាជីវកម្ម ខ្នាត​មីក្រូ ខ្នាតតូច និង​មធ្យម ពង្រឹង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។​ល​»​។

លោកស្រី មាស សាអ៊ីម អនុប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក ថ្លែងថា អង្គការ​សង្គម​ស៊ីវិល​មាន​ប្រធានបទ​រួមគ្នា​ក្នុង​ការអបអរសាទរ​ខួប​ទី​១១០ ទិវា​នារី​អន្តរជាតិ​ ៨ ​មីនា ឆ្នាំ​ ២០២១ ​នេះ​ដែល​ប្រធានបទ​នោះ​គឺ «​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នាំឱ្យមាន​ប្រព័ន្ធ​គាំពារ​សង្គម និង​យុត្តិធម៌​សម្រាប់​ស្ត្រី និង​ទាំងអស់គ្នា​»​។

លោកស្រី​ពន្យល់ថា បើសិន​ជាមាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​វា​អាច​នឹង​នាំឱ្យមាន​ប្រព័ន្ធ​គាំពារ​សង្គម ដែល​មិន​សម្រាប់តែ​ស្ត្រី​នោះទេ គឺ​យុត្តិធម៌​សម្រាប់​ទាំងអស់គ្នា និង​អត្ថប្រយោជន៍​រួម​សម្រាប់​ទាំងអស់​គ្នា​។ «​ស្ត្រី​ធ្វើ​ការងារ​ច្រើន​ខ្ញុំ​អាច​ថា ច្រើនជាង​បុរស​ប្រសិនបើ​គាត់​ធ្វើ​ការងារ​ទាំង​ខាងក្រៅ និង​ខាងក្នុង ហើយ​គាត់​ត្រូវ​មើល​ថែទាំ​កូន​ទៀត អ៊ីចឹង​គឺ​គាត់​ហ្នឹងហើយ​ជា​គ្រូ​ដំបូង​។ ដោយសារតែ​បញ្ហា​ទាំងអស់​នេះហើយ ដែល​ស្ត្រី អត់​អាច​លើកឡើង​នូវ​សិទ្ធិសេរីភាព​បញ្ចេញមតិ កង្វល់ និង​បញ្ហា​ប្រឈម​របស់គាត់ អ៊ីចឹង​សេរីភាព​របស់​ពួកកាត់ និង​ភាព​រីកចម្រើន​របស់​សង្គម​ក៏​វា​អត់​មាន​ទៅតាម​ហ្នឹង​ដែរ​»៕