ភ្នំពេញ៖ គណៈសង្ឃនាយកកម្ពុជា ណែនាំឲ្យគ្រប់វត្តអារាមនៅទូទាំងប្រទេស ចាប់ផ្ដើមទូងស្គរឲ្យបានព្រមគ្នា ដោយមានការសូត្រធម៌តាមសាសនាឲ្យបានកងរំពង ចាប់ពីរសៀលថ្ងៃទី ២៣ ខែមីនា ខាងមុខនេះ ដើម្បីកម្ចាត់គ្រោះមហន្តរាយដែលបង្កឡើង ដោយមេរោគកូវីដ ១៩ ប៉ុន្តែការប្រមូលផ្តុំនេះមិនចាំបាច់មានមនុស្សច្រើនពេក ដើម្បីសូត្រធម៌នោះទេ។
តាមសេចក្តីប្រកាសរបស់គណៈសង្ឃនាយក ចុះថ្ងៃទី ១៦ ខែមីនា បានឲ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស គួរស្វែងយល់អំពីមេរោគកូវីដ ១៩ ហើយត្រូវមានវិធានការអនាម័យស្អាតជានិច្ច និងសុវត្ថិភាពចំណីអាហារ។
សេចក្តីប្រកាសនោះ បញ្ចាក់ថា៖ «គ្រប់វត្តទូទាំងប្រទេស ត្រូវទូងស្គរឲ្យបានព្រមគ្នា និងប្រកាសសូត្រព្រះធម៌ មាន រតនសុត្តារម្តៈ និងរតនាសូត្រជាដើម ឲ្យបានកងរំពងគ្រប់វត្តអារាម ស្របតាមកិច្ចដែលព្រះមហាអានន្ទត្ថេរដ៏មានអាយុ បានតាំងចិត្តប្រកបដោយមេត្តាចំពោះសព្វសត្វទាំងអស់។ រួចហើយស្វាធ្យាយ នៅក្រុងវេសាលី កាលដែលព្រះអង្គគង់ធរមាននៅឡើយ ដែលមានក្នុងសុគ្គន្តបិដកខុទ្ទកនិកាយលេខ ៥២ ដើម្បីកម្ចាត់បង់នូវភយន្តរាយទាំងឡាយ ដែលកើតមានអំពីរោគអមនុស្ស និងទុរ្ភិក្សជាដើម ឲ្យអន្តរធានបាត់ដោយឆាប់រហ័សក្នុងពេលនោះឯង»។
ជាមួយគ្នានេះ គណៈសង្ឃនាយក សម្តេច នន្ទ ង៉ែត ក៏បានអំពាវនាវដល់ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល អង្គការជាតិ អង្គការអន្តរជាតិ។ ព្រះអង្គបានបន្តថា ប្រសិនបើជួបអ្នកមានអាការក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ត្រូវតែជួយបញ្ជូនទៅមណ្ឌលសុខភាពជិតបំផុត ដើម្បីទទួលពិនិត្យ និងព្យាបាលបន្ទាន់។
សេចក្តីប្រកាសរបស់ព្រះអង្គបញ្ជាក់ថា៖ «គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ព្រះមេគណព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត ព្រះសង្ឃនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន នឹងអនុវត្តតាមសេចក្តីអំពាវនាវនេះដោយសេចក្តីជ្រះថ្លា និងយកចិត្តទុកដាក់ខ្ពស់បំផុត»។
គិតត្រឹមម៉ោង ៩ ព្រឹក ថ្ងៃទី ១៧ មីនា កម្ពុជាបានប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២៤ នាក់ ខណៈដែលចំនួននៃការរកឃើញចុងក្រោយ ១២ នាក់ គឺភាគច្រើនជាពលរដ្ឋខ្មែរអ៊ិស្លាម ក្នុងចំណោមខ្មែរ អ៊ិស្លាមចំនួន ៧៩ នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការចូលរួមពិធីសាសនា នៅប្រទេស ម៉ាឡេស៊ី។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនអាចសុំអត្ថាធិប្បាយបានទេម្សិលមិញ ជុំវិញការប្រកាសរបស់គណៈសង្ឃនាយក ពីការជួបជុំទូងស្គរ សូត្រព្រះធម៌ នៅទូទាំងប្រទេស។
លោក ហែន ភារៈ វេជ្ជបណ្ឌិតផ្នែកផ្លូវដង្ហើម ដែលមានបទពិសោធជាង ២០ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា ក្នុងកាលៈទេសៈដែលជំងឺកូវីដ ១៩ កំពុងរីករាលដាលខ្លាំងយ៉ាងដូច្នេះ ការជួបជុំតាមគ្រប់រូបភាព គួរតែត្រូវផ្អាក ជាពិសេស គឺការជួបជុំតាមលក្ខណៈសាសនាមិនថា ការជួបជុំគោរពសាសនាណានោះទេ។
លោកបញ្ជាក់ថា៖ «មិនល្អទេកាលណា ឲ្យតែមានការជួបជុំ ជាពិសេសវត្តមានមនុស្សចាស់ច្រើន។ ភាគច្រើនមនុស្សចាស់មានប្រព័ន្ធការពារខ្សោយ ដែលងាយឆ្លងជំងឺ។ ប៉ុន្តែបើពិធីសាសនាហ្នឹង ត្រូវតែធ្វើ ដោយខានមិនបាន ព្រោះធ្លាប់ធ្វើពីមុនមកអ៊ីចឹង យើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ដោយការលាងសម្អាតដៃ និងអនាម័យឲ្យបានខ្ពស់ មុននឹងចូលទៅថ្វាយបង្គំព្រះសង្ឃ»។
ការអះអាងបែបនេះ ក៏ព្រោះតែលោកមើលឃើញថា ជំងឺកូវីដ ១៩ ងាយនឹងឆ្លងខ្លាំងបំផុតនៅលើពិភពលោក តាមរយៈពិធីសាសនា ដូចជាពិធីសាសនានៅប្រទេស កូរ៉េខាងត្បូង ពិធីសាសនានៅប្រទេស ម៉ាឡេស៊ី។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា បើការជួបជុំគ្នាក្នុងទីវត្តអារាម ដែលធ្វើឡើង ដើម្បីទូងស្គរ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីជំងឺនេះ ដោយមានអ្នកចូលរួមតិចបំផុតក្រោម ៥ នាក់ នោះក៏ជាការល្អដែរ។
លោកបន្ថែមថា៖ «ការជួបជុំគួរតែមានគ្នាតិចបំផុត ហើយទាល់តែពិធីនេះចាំបាច់ណាស់ ហើយការទូងស្គរទូងអីនេះ គឺធ្វើឡើងត្រូវហើយ ដើម្បីជូនជាដំណឹងឲ្យមានការប្រុងប្រៀបថែរក្សាផ្ទះសំបែង វត្តអារាមយើងឲ្យបានស្អាតបាតដោយការបោសលាងសម្អាត មិនខុសទេ។ កុំតែទូងស្គរប្រមូលបច្ច័យ ហើយនាំគ្នាមកហូបបាយទឹកជុំគ្នាអី គឺកុំឲ្យសោះ»៕