ភ្នំពេញៈ សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នន្ទ ង៉ែត កាលពី​ថ្ងៃទី​ ១៨ ឧសភា ​បានចេញ​លិខិត​ ១ ​ច្បាប់​ ប្រគេន​ដល់​គ្រប់​វត្ត​ទូទាំង​ប្រទេស​មិន​ឲ្យ​សង្ឃ ឡុង ចន្ថា ដែល​ឆាត​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ស្រី​ស្នាក់នៅ​វត្ត​ក្នុង​ប្រទេស​។ ប៉ុន្តែ​មេគណ​ខេត្ត​តាកែវ ព្រះនាម​ កែវ សាវន ប្រាប់​ថា សង្ឃ ឡុង ចន្ថា បាន​គេច​ខ្លួន​ចេញពី​វត្ត​បាត់​តាំងពី​ធ្វើ​កិច្ចសន្យា​ម៉្លេះ​។

ព្រះសង្ឃ ព្រះពុទ្ធវង្ស ហ៊ូ ឈីវ នេត ជា​សមាជិក​លេខាធិការដ្ឋាន​សម្តេច​សង្ឃនាយក​ប្រាប់​កាលពី​ថ្ងៃទី​ ១៩ ឧសភា ថា​កាលពី​ថ្ងៃទី​ ១៨ ឧសភា​ សម្តេច​ នន្ទ ង៉ែត ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​លិខិត​ ១ ​ច្បាប់ ​ដល់​គ្រប់​វត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ហាម​ចៅអធិការ​គ្រប់​វត្ត​ទទួល​សង្ឃ​នាម ឡុង ចន្ថា ស្នាក់នៅ​ក្នុង​វត្ត​ជាដាច់ខាត​។ ប៉ុន្តែ​បើ​ឃើញ​ព្រះសង្ឃ​ ឡុង ចន្ថា គឺ​ត្រូវតែ​ឲ្យ​លោក​អនុវត្តតាម​កិច្ចសន្យា និង​គ្មាន​ការចាប់ចង​ ឬ​ឃាត់​ខ្លួន​អ្វី​ឡើយ​។

ព្រះអង្គ​មាន​ថេរ​ដីកា​បន្តថា​៖ «​ដោយសារ​លោក​មិនបាន​ចូលខ្លួន​សឹក​តាម​កិច្ចសន្យា​អ៊ីចឹង​ហើយ បើ​គ្រប់​វត្ត​ឃើញ​លោក​គឺ​ឲ្យ​លោក​អនុវត្ត​តាម​កិច្ចសន្យា​តែ​ប៉ុណ្ណឹង​»​។

ព្រះមេគណ​ខេត្តតាកែវ ព្រះនាម កែវ សាវន មាន​ថេរ​ដីកា​កាលពី​ថ្ងៃទី​ ១៩ ឧសភា ថា ព្រះសង្ឃ​នាម ឡុង ចន្ថា បាន​ចូល​ខ្លួន​ធ្វើ​កិច្ចសន្យា​ជាមួយ​ព្រះអង្គ​នៅ​ថ្ងៃទី​ ១៤ ​ឧសភា​ បាន​សរសេរ​លិខិត​ ១ ​ច្បាប់​ ដោយ​សន្យាថា​នឹង​លាចាក​សិក្ខាបទ​ជា​គ្រហស្ថ​វិញ​។ ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​នោះមក សង្ឃ​នាម ឡុង ចន្ថា ដែល​គង់​នៅ​វត្តភ្នំ​បុរី ឃុំ​ព្រែកថ្កោល ស្រុក​អង្គរបុរី ខេត្ត​តាកែវ​បាន​គេច​ខ្លួន​ចេញ​ពី​វត្ត​បាត់​ហើយ​។

ព្រះមេគណ​មាន​ថេរ​ដីកា​ថា​៖ «​កិច្ចសន្យា​ហ្នឹង​គ្រាន់តែ​លាចាក​សិក្ខាបទ​ទេ​តែ​លោក​ស្ម័គ្រចិត្ត គ្មាន​នរណា​បង្ខិតបង្ខំ​លោក​ទេ​»​។

ព្រះសង្ឃ​ព្រះនាម ប៊ត តាំងឆេង ជា​ព្រះមេគុណ​ខេត្ត​កំពង់ចាម​មាន​ថេរដីកា​កាលពី​ថ្ងៃទី​ ១៩ ឧសភា ដែរ​ថា ព្រះអង្គ​បាន​ទទួល​លិខិត​របស់​ព្រះសង្ឃ​នាយក​រួចហើយ​។ អត្ថន័យ​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់ថា ហាម​ចៅអធិការ​គ្រប់​វត្ត​ក្នុង​ប្រទេស​កម្ពុជា​មិន​ត្រូវ​ទទួល​ឲ្យ​សង្ឃ នាម ឡុង ចន្ថា ស្នាក់នៅ​ក្នុង​វត្ត​ទេ ហើយ​ត្រូវ​ឲ្យ​សង្ឃ ឡុង ចន្ថា អនុវត្ត​ទៅ​តាម​កិច្ចសន្យា​លាចាក​សិក្ខាបទ​។

ព្រះអង្គ​មាន​ថេរដីកា​ថា​៖ «​ធ្វើ​ម៉េច​បើ​សម្តេចព្រះសង្ឃរាជ​លោក​ដាក់​អ៊ីចឹង យើង​ត្រូវតែ​អនុវត្ត​ទៅ​តាម​លិខិត​នោះ​ទៅហើយ​បើ​ឃើញ​សង្ឃ ឡុង ចន្ថា គឺ​និមន្ត​លោក​ទៅ​ជួប​សម្តេច​តែម្តង​ក៏​ល្អ​»​។

តាម​លិខិត​របស់​សម្តេច​ព្រះសង្ឃនាយក នន្ទ ង៉ែត បាន​សរសេរ​ថា គណៈសង្ឃ​នាយក​សូម​ប្រគេន​ព្រះមេគុណ​ទាំង​ ២៥ ​រាជធានី-ខេត្ត​ជ្រាប​ថា ឆ្លងតាម​សង្ឃ​សវនាការ និង​ដំណោះស្រាយ​របស់​សាលា​គណ​ខេត្តតាកែវ​លើ​អធិករណ៍​ភិក្ខុ ឡុង ចន្ថា រួចមក​ឃើញ​ថា សាលាគណ​អនុវត្ត​ចំណាត់ការ​បាន​ល្អ​ត្រឹមត្រូវ​តាម​វិន័យ​ពុទ្ធសាសនា​ហើយ​។

ប៉ុន្តែ​ភិក្ខុ ឡុង ចន្ថា ពុំ​បាន​អនុវត្ត​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការលាចាក​សិក្ខាបទ​នៅ​ថ្ងៃទី​ ១៤ ឧសភា ឆ្នាំ​ ២០២០ ​នោះ​ឡើយ​ថែម​ទាំង​បាន​រំលោភ​លើ​កិច្ចសន្យា​របស់ខ្លួន​ដែល​បានធ្វើ​ជាមួយ​សាលា​គណខេត្ត​ក្នុង​សកម្មភាព​ប្រព្រឹត្ត​ខុស​វិន័យ​ក្នុង​អតីតកាល​ជាច្រើន​លើក​ច្រើន​សា​មកហើយ​។

គណៈសង្ឃ​នាយក​ចាត់ទុក ភិក្ខុ​ ឡុង ចន្ថា ជា​បុគ្គល​រឹងរូស​មិន​លុះ​ធម៌​វិន័យ និង​ការអប់រំ​ជា​អ្នក​ប្រទូសរ៉ាយ​សាសនា​ជា​អ្នក​មិន​ចម្រើន​ដល់​សាសនា និង​ជា​អ្នក​ទម្លុះ​រដ្ឋបាល​សង្ឃ​ពុំ​អាច​ឲ្យ​ស្ថិត​នៅក្នុង​ភេទ​ជា​បព្វជិត​ក្នុង​ពុទ្ធសាសនា​បន្តទៀត​បាន​ឡើយ​។

អាស្រ័យ​ហេតុនេះ​សូម​ព្រះមេគណ​គ្រប់​រាជធានី-ខេត្ត​កុំ​ផ្តល់​អាវាស​ដល់​បុគ្គល​រូបនេះ​ឲ្យ​ស្នាក់នៅ​បន្ត​ក្នុង​សាសនា​នេះ​តទៅ​ទៀត​។ ផ្ទុយ​ទៅវិញ​បើ​ឃើញ​បុគ្គល​រូបនេះ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ឲ្យ​លាចាក​សិក្ខាបទ​តាម​កិច្ចសន្យា​របស់​ខ្លួន​ដែល​បាន​ធ្វើ​ជាមួយ​សាលាគណ​ខេត្តតាកែវ​៕