ភ្នំពេញៈ សម្តេច នរោត្តម សិរីវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី គឺជាឥស្សរជនម្នាក់ក្នុងចំណោម ជនបរទេសចំនួន ១៤២ រូប ដែលទទួលបានគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០១៩ ពីរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី ២១ ខែ ឧសភា ដែលប្រទេសប្រជាធិបតេយ្យមួយនេះ បានរៀបចំប្រកាសថ្វាយ និងផ្តល់ឲ្យសម្រាប់ជនបរទេស។
តាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២១ ខែ ឧសភា បានឱ្យដឹងថា ការថ្វាយគ្រឿងឥស្សរិយយសនេះដល់សម្តេច នរោត្តម សិរីវុឌ្ឍ គឺជាការទទួលស្គាល់ការរួមចំណែករបស់សម្តេច ដែលបានពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងជប៉ុន និងកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ ១៩៩៣ នាពេលដែលសម្តេច នរោត្តម សិរីវុឌ្ឍ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី សម្តេចបានរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីមិនត្រឹមតែក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ តែក្នុងឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ដូចជាស្ថាបនិកនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពផងដែរ។ ប្រទេសយើងទាំង ២ បានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន អាស្រ័យដោយការលះបង់ឥតឈប់ឈររបស់សម្តេចចំពោះទំនាក់ទំនងរបស់យើង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកគាំទ្រដែលសម្តេច នរោត្តម សិរីវុឌ្ឍ ទទួលបានកិត្តិយស និងការទទួលស្គាល់ពីរដ្ឋាភិបាលជប៉ុន ដែលជាទំនាក់ទំនងល្អមួយបំពេញបន្ថែមទៀត រឹតតែពង្រឹងកិច្ចការបរទេស និងទំនាក់ទំនងបរទេសរវាងប្រទេសទាំង ២។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ព្រះអង្គលោកធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបទេសទី១។ ទី២ ព្រះអង្គបានបង្កើតវិទ្យាស្ថាន [ខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព]។ លោកបានបង្កើន និងបានចូលរួមច្រើនជាមួយនឹងការកសាង បន្សល់នូវស្នាដៃច្រើនដែលចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងកិច្ចការពារប្រទេសជាតិនេះឯង»។
កាលពីឆ្នាំ ២០១៨ លោកកែវ ពុទ្ធរស្មី អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០១៨ នេះដែរ ពីរដ្ឋាភិបាលជប៉ុន ក្នុងចំណោមជនបរទេសចំនួន ១៤០ រូប ដែលជាការទទួលស្គាល់រូប លោកក្នុងការរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមិត្តភាពរវាងប្រទេសជប៉ុន-កម្ពុជា៕