ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បើក​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​សម្របសម្រួល​សុវត្ថិភាព​ទន្លេមេគង្គ​នៅ​ក្រសួង​មហាផ្ទៃ​ដែល​មជ្ឈមណ្ឌល​នេះ​នឹង​ដើរតួនាទី​សំខាន់​សម្រាប់​ប្រទេស​ទាំង​ ៦ ​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ ដើម្បី​សហការ​គ្នា​អនុវត្ដ​ទប់ស្កាត់ បញ្ហា​គ្រឿងញៀន​។

ការបើក​សម្ពោធ​មជ្ឈមណ្ឌល​សម្របសម្រួល​សុវត្ថិភាព​ទន្លេមេគង្គ Safe Mekong Coordination Center (SMCC) នេះ​មាន​ការចូលរួម​ដោយ​លោក ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​, អគ្គលេខាធិការ អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​តំណាង​អង្គទូត​, តំណាង​ក្រសួង​ស្ថាប័ន​នានា​,​ប្រធាន​អនុប្រធាន​គណៈប្រតិភូ​សមាជិក​ប្រទេស​ទាំង​ ៦ ​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​។

លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​សម្របសម្រួល​សុវត្ថិភាព​ទន្លេមេគង្គ​នេះ​គឺជា​ឱកាស​ថ្មី​មួយ​ទៀត​ដែល​ប្រទេស​ទាំង ៦ ​នៅក្នុង​មហាអនុតំបន់​ទន្លេមេគង្គ​បាន​​ឯកភាព​គ្នា​ក្នុង​ការពង្រឹង និង​ពង្រីក​ប្រសិទ្ធភាព​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​តាមរយៈ​កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ​ព័ត៌មាន រវាង​មន្ត្រី អនុវត្ត​ច្បាប់​ជួរមុខ​ដែល​មក​ប្រចាំការ​នៅក្នុង​មជ្ឈមណ្ឌល​នេះ​។

លោក​បាន​ថ្លែងថា​៖ «​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កត់សម្គាល់​ឃើញ​ថា បណ្តា​ប្រទេស​ជា​សមាជិក​បាន​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស៊ើបអង្កេត និង​បង្ក្រាប​បាន​ទាន់ពេលវេលា និង​ដកហូត​បាន​គ្រឿងញៀន​ជាច្រើន​ក្នុង​ពេល​កន្លងមក​»​។

លោក ជួន សុវណ្ណ អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម និង​ការខិតខំ ប្រឹងប្រែង​ដ៏​មាន​តម្លៃ និង​សារៈសំខាន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រទេស ចិន ថៃ ភូមា និង​ឡាវ​នាពេល​កន្លងមក​ក្នុង​ការបង្កើត​បាន​នូវ​យន្តការ​សម្របសម្រួល​សម្រាប់​បម្រើ​ឱ្យ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅក្នុង​ប្រទេស​មហា​អនុតំបន់​ទន្លេគង្គ​ទាំង​ ៦ ​និង​ការទប់ស្កាត់ ជាពិសេស​ការផលិត ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ត្រីកោណមាស​ទាំងមូល​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​អ្វី​ដែល​ជា​លក្ខណពិសេស​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​សុវត្ថិភាព​ទន្លេមេគង្គ​របស់​យើង​គឺ​ការចាត់តាំង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ជា​សមាជិក​ទាំង​ ៦ ​ឱ្យ​មក​ធ្វើការ​ជាមួយ​គ្នា​ចែករំលែក​ព័ត៌មាន និង​បទពិសោធ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​បាន​ភ្លាមៗ​ទាន់សភាពការណ៍ ធ្វើការ​សិក្សា​ស្វែងយល់​ពី​ទីតាំង​ភូមិសាស្ត្រ និង​បទពិសោធ​ការងារ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លក្ខណៈ​ប្ដូរវេន​ម្ដងម្នាក់​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ការងារ​»​។

លោក ជួន សុវណ្ណ បាន​ថ្លែង​ថា​បើ​ទោះបី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប្រទេស​កម្ពុជា​ក៏​ដូច​ប្រទេស​ជា​សមាជិក​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក្តី ក៏​សង្កេតឃើញ​ថា​ស្ថានភាព​នៃ​ការដាំដុះ ការផលិត ការចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ពិភពលោក ពិសេស​ក្នុង​តំបន់​ត្រីកោណមាស​ហាក់​មិនមាន​សញ្ញា​ថយចុះ​នោះឡើយ ដែល​បញ្ហា​នេះ​បាន​បង្ក​នូវ​ផល​លំបាក ជាច្រើន​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​ព្រម​ទាំង​សុខភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​មជ្ឈមណ្ឌល​សម្របសម្រួល​សុវត្ថិភាព ទន្លេមេគង្គ​នេះ គឺជា​យន្តការ​អនុតំបន់​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​ដែល​យើង​ត្រូវផ្តោត​ការយក​ចិត្ត​ទុកដាក់​ចំពោះ​ការពង្រឹង​ និង​បង្កើន​នូវ​ប្រសិទ្ធភាព​នៃ​យន្តការ​នេះ​ឲ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​ថ្មី​នៃ​បញ្ហា​គ្រឿងញៀន​នៅក្នុង​តំបន់​របស់​យើង​»៕