ភ្នំពេញៈ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានអះអាងកាលពីម្សិលមិញថា សម្ព័ន្ធសហជីពធំៗចំនួន ៨ និងសមាជិកប្រមាណ ២០០០ នាក់ នៅតែបង្ហាញពីបំណងហែក្បួនក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ស្របពេលដែលសាលារាជធានីភ្នំពេញបដិសេធការហែក្បួននេះ។
លោកបានថ្លែងថា៖ «យើងបានធ្វើលិខិតជូនដំណឹងទៅសាលាក្រុងតាំងពីថ្ងៃទី ៧ ខែមីនាមក ហើយកាលថ្ងៃទី ២៣ ខែ មេសា ខាងសាលាក្រុង អញ្ជើញខាងយើងទៅជួបហើយគេអត់ឱ្យហែក្បួនទេ ប៉ុន្ដែគេឱ្យរៀបចំកម្មវិធីនៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឥឡូវយើងនឹងរៀបចំទៅតាមហ្នឹង»។
ទាក់ទងនឹងគម្រោងហែក្បួននេះលោក អាត់ ធន់ បានឲ្យដឹងថា សហជីពបានត្រៀមមនុស្សប្រមាណ ២ ពាន់នាក់ សហជីពជាង ១០០ និងសហព័ន្ធសហជីពធំៗចំនួន។
លោកបញ្ជាក់ថា៖ «យើងនឹងធ្វើតាមកម្មវិធី និងមើលតាមស្ថានភាពជាក់ស្ដែង។យើងនៅតែចង់ហែក្បួនដដែល តែចាំមើលតាមលទ្ធភាពជាក់ស្ដែង»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញដែរថា មានសម្ព័ន្ធសហជីពធំៗបានដាក់លិខិតចំនួន ៤ ដើម្បីស្នើសុំប្រារព្ធពិធី និងហែក្បួនក្នុងថ្ងៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ហើយសាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យប្រារព្ធពិធីនេះតែនៅតាមទីតាំងរបស់ពួកគាត់ប៉ុន្ដែមិនឱ្យហែញត្ដិទេ។
លោក មាសភក្ដី បានបញ្ជាក់ថា៖ «ក្នុង ៤ សហជីពនេះ មាន ១ ធ្វើនៅទីតាំងរបស់គាត់នៅ សែន សុខ ២ ទៀតធ្វើនៅសួនប្រជាធិបតេយ្យ និង ១ ទៀតធ្វើនៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ យើងអាចឱ្យគាត់បញ្ចូនតំណាងរបស់ពួកគាត់ទៅដាក់ញត្ដិនៅគោលដៅរបស់ពួកគាត់ ប៉ុន្ដែមិនឱ្យមានការហែក្បួនទេព្រោះអាចបណ្ដាលឱ្យប៉ះពាល់ដល់ចរាចរណ៍»។
ចំពោះការប្រារព្ធទិវាពលកម្មអន្ដរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាតំណាងរួមជាមួយអង្គការអន្តរជាតិខាងការងារកាលពីថ្ងៃទី ២៤ ខែ មេសា បានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ខួបលើកទី១៣៣ ក្រោមប្រធានបទ «កិច្ចគាំពារសង្គមដើម្បីផលិតភាព» រួចហើយ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងថា តាមរយៈកំណើនសេដ្ឋកិច្ចជាមធ្យម ៧ ភាគរយ ក្នុងរយៈពេល ២ ទសវត្សរ៍ រាជរដ្ឋាភិបាលបានបង្កើតការងារធ្វើជូនពលរដ្ឋបានជាច្រើនក្នុងអត្រា ៩៩,៣ ភាគរយនៃកម្លាំងពលកម្មសរុបប្រមាណ ១០ លាននាក់។
លោកបានបន្តថា រដ្ឋាភិបាលក៏បានបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងកិច្ចការពារសិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជាដែលមានចំនួនជាង ១,២ លាននាក់ ហើយដែលបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសជាង ២ ពាន់លានដុល្លារក្នុង ១ ឆ្នាំផងដែរ។
លោក អ៊ិត សំហេង បន្ថែមថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសន្តិសុខការងាររបស់កម្មករ និយោជិត ដោយមកទល់ពេលនេះរោងចក្រ សហគ្រាសប្រមាណ ៨៨ ភាគរយមានគិលានដ្ឋានប្រចាំរោងចក្រ កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន និងបណ្ណាល័យសម្រាប់កម្មករអានជាដើម។
ក្រៅពីនោះលោកក៏បង្ហាញពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១៨២ ដុល្លារ ក្នុង ១ ខែ ការប្តេជ្ញាចិត្តលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារដើម្បីឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅឆ្នាំ ២០២៥ និងបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសសមាគមនិយោជក អង្គការសហជីព កម្មករនិយោជិតត្រូវបន្តការយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗផងដែរ៕