ក្រចេះ: ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដក្រចេះបង្គាប់ឲ្យឃុំខ្លួនឧកញ៉ាឈ្មួញឈើល្បីឈ្មោះ គង់ គ្រឹង និងកូនប្រសាឈ្មោះ ម៉ាត់ ណាស៊ាត នៅពន្ធនាគារខេត្ដក្រចេះក្រោយបញ្ចប់ការស៊ើបសួរពីករណីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងឃាត់ខ្លួនកាលពីសប្ដាហ៍មុន។
ដីការបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី ១៧ សីហារបស់ចៅក្រមស៊ើបសួរ ម៉េង តូនី បានបញ្ជាក់ថាឈ្មោះ គង់ គ្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងនាំចេញផលអនុផលព្រៃឈើដោយគ្មានអាជ្ញាប័ណ្ណ» ប្រព្រឹត្តនៅភូមិច្រាបថ្មី ឃុំស្នួល ស្រុកស្នួលកាលពីអំឡុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ តាមបញ្ញត្តិមាត្រា ៩៨ កថាខណ្ឌ ២ ចំណុច ១ និងចំណុច ៧ នៃច្បាប់ស្តីពីព្រៃឈើ។
ដីកាបង្គាប់ឲ្យឃុំខ្លួនបានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ គង់ គ្រឹង និង ឈ្មោះ ម៉ាត់ ណាស៊ាត ទៅពន្ធនាគារខេត្ដក្រចេះដោយអនុវត្ដឲ្យបានត្រឹមត្រូវតាមច្បាប់។ បង្គាប់ឲ្យប្រធានពន្ធនាគារខេត្ដក្រចេះ ទទួល និងឃុំជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ»។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដក្រចេះឲ្យដឹងថាជនជាប់ចោទឈ្មោះ គង់ គ្រឹង ភេទប្រុស អាយុ ៥៥ ឆ្នាំជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ដតាកែវ។ បច្ចុប្បន្នរស់នៅភូមិច្រាបថ្មី ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្ដក្រចេះមានបុខរបរជាយោធា។ ចំណែកជនជាប់ចោទជាកូនប្រសាឈ្មោះ ម៉ាត់ ណាស៊ាត ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ-អ៊ិស្លាម ទីកន្លែងកំណើតនៅភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្ដកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្ដក្រចេះមានមុខរបរម្ចាស់សិប្បកម្ម។
ឧកញ៉ា គង់ គ្រឹង និងកូនប្រសាឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិសម្រេចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។ ក្រោយពីឃាត់ខ្លួននេះពេញមួយព្រឹកថ្ងៃទី ១៦ ខែសីហាសមត្ថកិច្ចបាននាំខ្លួន ឧកញ៉ា គង់ គ្រឹង ទៅឆែកឆេរដល់ផ្ទះ និងកន្លែងកែច្នៃឈើនៅស្រុកស្នួល ខេត្តក្រចេះផងដែរ។
គួររំឭកថាការឃាត់ខ្លួនឧកញ៉ា គង់ គ្រឹង និងកូនប្រសាបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងមានការសម្របសម្រួលពីតំណាងអយ្យការ និងអាវុធហត្ថខេត្តក្រចេះ។
លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា គណៈកម្មការនៅតែបន្តរឹតបន្តឹងចំពោះជនប្រព្រឹត្ដបទស្មើសព្រៃឈើបែបនេះនៅក្នុងប្រទេសកម្ពុជាដដែល។
លោកថ្លែងថា៖ «ចំពោះអ្នកដែលប្រព្រឹត្ដបទល្មើសយើងនៅតែបង្ក្រាបដដែល។ ចំណែកមធ្យោបាយ យើងនៅតែដុតបំផ្លាញចោលនូវមធ្យោបាយណាដែលជាមធ្យោបាយបំផ្លាញព្រៃឈើ។ យើងក៏សូមឲ្យមានការចូលរួមទាំងអស់គ្នា ទាំងមន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដើម្បីរក្សាព្រៃឈើយើងឲ្យបានគង់វង្ស»។
ពាក់ព័ន្ធលទ្ធផលនៃការចុះពិនិត្យផ្ទាល់ដល់ផ្ទះជនជាប់ចោទខាងលើកាលពីថ្ងៃសៅរ៍ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបកស្រាយបន្ថែមពីលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដក្រចេះបានទេកាលពីម្សិលមិញ។ លោក ទាវ វុធធេន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ដក្រចេះប្រាប់ថាមិនអាចបកស្រាយបានទេ ព្រោះមិនបានចូលរួមពិនិត្យ។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើអបអរសាទរចំពោះការបង្ក្រាបបទល្មើសព្រៃឈើរបស់គណៈកម្មការជាតិ និងសមត្ថកិច្ចនេះ។ ប៉ុន្ដែលោកសំណូមពរឲ្យតុលាការបន្តធ្វើការស៊ើបអង្កេតស្វែងរកជនពាក់ព័ន្ធបន្ថែមទៀត ព្រោះបទល្មើសនេះអាចធ្វើទៅបានគឺមានអ្នកពាក់ព័ន្ធច្រើននៅមូលដ្ឋាន។
សកម្មជនរូបនេះបានបញ្ជាក់ថា៖ «យើងទាមទារឲ្យបើកការស៊ើបអង្កេត មិនមែនតែឧកញ៉ា គង់ គ្រឹង ម្នាក់ទេនៅមានអ្នកជាប់ពាក់ព័ន្ធច្រើនទៀតដែលទទួលបានផលប្រយោជន៍ពីការកាប់បំផ្លាញព្រៃឈើ និងការរត់ពន្ធឈើខុសច្បាប់ជាច្រើនឆ្នាំកន្លងមកពីប្រទេសកម្ពុជាយកទៅប្រទេសវៀតណាម»៕