តាកែវៈ ចៅក្រម​សាលាដំបូង​ខេត្តតាកែវ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ «​ប៉ុនប៉ង​មនុស្សឃាត​»​ បន្ទាប់ពី​បាន​កាប់​ប្រហារ​លើ​ស្ត្រី​ម្នាក់​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​ដាច់​កដៃ​ខាងឆ្វេង និង​ជះ​ទឹក​អាស៊ីត​កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នៅ​ភូមិ​ព្រះម្លប់ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ​ដែល​កាលនោះ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ទៅ​ខេត្ត​ប៉ៃលិន ពោធិ៍សាត់ និង​ខេត្តបាត់ដំបង​។

លោក​ លឹម សុខន អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​តាកែវ​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ គុប ផា ភេទ​ប្រុស អាយុ ៤៣ ​ឆ្នាំ ​រស់នៅ​ភូមិ​ព្រះម្លប់ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ​ត្រូវ​បាន​លោក​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្តតាកែវ​សម្រេច​ឃុំខ្លួន​នៅ​ល្ងាច​ថ្ងៃទី​ ៦ ខែ​កញ្ញា ​នៅក្នុង​ពន្ធនាគារ​ខេត្ត​។ ជននេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​តាម​មាត្រា​ ២៧ និង​មាត្រា​ ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បានសម្រេច​ឃុំខ្លួន​តាម​សាលក្រម​របស់​តុលាការ ខេត្ត​តាកែវ ចុះ​ថ្ងៃទី​ ១៨ ខែ​មេសា ឆ្នាំ​ ២០២០ ដែល​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ដោយ​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​តាកែវ​រយៈពេល​ ១៤ ​ឆ្នាំ បន្ទាប់ពី​គាត់​បាន​ប្រព្រឹត្ត​បទល្មើស ហើយ​រត់គេចខ្លួន​ជិត​ ២ ​ឆ្នាំ​»​។

លោក​ ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃទី​ ៦ ខែ​កញ្ញា ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។

លោក​បន្តថា កាលពី​ថ្ងៃទី​ ៥ ខែ​កញ្ញា លោក​ ខេង ម៉េងឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន និង​កម្លាំង​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឃុំខ្លួន​លេខ​ ១០៤/២០២០ ចុះ​ថ្ងៃទី​ ៨ មេសា ឆ្នាំ​ ២០២០ ​របស់​សាលាដំបូង​ខេត្តតាកែវ​។ ក្នុងការ​អនុវត្ត​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ គុប ផា នៅ​ចំណុច​ភូមិ​ចម្លងរមាំងលើ ឃុំ​អូរសំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។

លោក​បញ្ជាក់ថា​៖ «​តាម​ដីកា​តុលាការ​គឺ​ចោទប្រកាន់​គាត់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​នីតិវិធីតុលាការ​សម្រេច ឃុំខ្លួន ឬ​បែបណា​ទេ​»​។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ សាន ចិន្តា ពី​ម្សិលមិញ​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ ដើមហេតុ​នៃ​ករណីនេះ​បានទេ​។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ គុប ផា កាលពី​ថ្ងៃទី​ ២៧ កុម្ភៈ ឆ្នាំ​ ២០១៩ បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ងតោ កាប់ប្រហារ​ទៅលើ​ស្ត្រី​ឈ្មោះ​ សាន ចិន្តា ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​ដាច់​កដៃ​ខាងឆ្វេង បន្ទាប់មក​ជះ​ទឹក​អាស៊ីត​បន្ថែម​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រលាក​ពេញ​ផ្ទៃមុខ និង​ខ្លួន​នៅ​ភូមិ​ឃុំ​ខាងលើ ដោយសារ​ទំនាស់​ពាក្យសម្តី​។

របាយការណ៍​បន្តថា បន្ទាប់ពី​ប្រព្រឹត្ត​អំពើ​ដ៏សាហាវ​ទៅលើ​ស្ដ្រី​រងគ្រោះ ជនសង្ស័យ​បាន​រត់​ទៅ​សំងំ​លាក់ខ្លួន​នៅតាម​បណ្ដា​ខេត្ត​នានា​ដូចជា​នៅ​ខេត្ត​ប៉ៃលិន ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង​ជាដើម​។ ប៉ុន្តែ​តុលាការ​ខេត្ត​តាកែវ បាន​សម្រេច​បើក​សវនាការ​កាត់ទោស​កំបាំងមុខ​ជន​ត្រូវ​ចោទ​ឲ្យ​ជាប់គុក​ចំនួន​ ១៤ ​ឆ្នាំ ដោយ​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​» ​ហើយ​ការដាក់ទោស​នេះ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន​៕