
លោក សម រង្ស៊ី ថ្លែងនាពេលកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោក សម រង្ស៊ី ថ្លែងជាថ្មីទៀតថា លោកនឹងវិលចូលស្រុកវិញនៅពេលពលរដ្ឋគ្រប់មជ្ឈដ្ឋានងើបបះបោរប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដោយមានការគាំទ្រពីសំណាក់អន្តរជាតិ ជាលទ្ធផលនៃការដក EBA ឬ GSP។ ប៉ុន្តែអ្នកវិភាគថា ការថ្លែងរបស់អតីតមេបក្សប្រឆាំងរូបនេះ វាគ្រាន់តែជាសារនយោបាយប៉ុណ្ណោះ។
លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំងបានថ្លែងក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃសៅរ៍ ដោយពន្យល់ពីពេលវេលាអំណោយផលក្នុងការបញ្ចប់អំណាចដែលលោកថា «ផ្តាច់ការ និងគ្រួសារ និយម» និងអំណោយផលឲ្យលោកវិលត្រឡប់មកកម្ពុជាវិញ។
លោកថា លោកនាយករដ្ឋមន្ត្រី បានកុហកកម្មករថា ចិនអាចជួយកម្ពុជាបាន បើមានការដក EBA ពីកម្ពុជា។
លោកអះអាងថា បើអឺរ៉ុបដក EBA ហើយអាមេរិកអនុវត្តវិធានការដែលគេរៀបចំនោះ ពេលនោះនឹងមានវិបត្តិធ្ងន់ធ្ងរនៅកម្ពុជាហើយលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ។ ប្រទេសមហាអំណាចផ្សេងទៀតនឹងជួយគាំទ្រដល់ការប្រឆាំងនឹងលោក ហ៊ុន សែន ដោយលោកថា លោក ហ៊ុន សែន សេពគប់ជាមួយចិនដោយអនុញ្ញាតឲ្យចិនបង្កើតមូលដ្ឋានយោធាដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជិតខាង និងមហាអំណាចខ្លះ។
លោកបរិយាយថា៖ «ពេលនោះហើយ ដែលប្រជាពលរដ្ឋត្រូវងើប ពេលនោះហើយ ដែល សម រង្ស៊ី ត្រូវវិលត្រឡប់ទៅស្រុកខ្មែរវិញ ពេលដល់រោងចក្របិទ ដល់កម្មករក្ដៅក្រហាយ គឺគេដាក់ប្រទេចផ្ដាសា ហ៊ុន សែន ថា ហ៊ុន សែន នៅសុខៗ ទៅរំលាយគណបក្សសង្គ្រោះជាតិ ហ៊ុន សែន នៅសុខៗ ទៅចាប់លោក កឹម សុខា។ ដល់គេប្រាប់ថា ឲ្យដោះលែងលោក កឹម សុខា ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញបើមិនចង់ឲ្យគេដាក់ទណ្ឌកម្ម លោកហ៊ុន សែនគាត់ធ្វើមិនដឹងមិនឮ គាត់ឲ្យប្រទេស កម្ពុជា ទទួលទណ្ឌកម្មដោយសារគាត់ជំនួសគាត់ស្មានតែប្រជារាស្ត្រខ្មែរជាពិសេសកម្មករសប្បាយចិត្ត ពេលនោះគេថា ទេ វិបត្តិរឿងរ៉ាវទាំងអស់នោះគឺដោយសារហ៊ុន សែន»។
លោកបន្តថា៖ «ដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងទាល់តែដក ហ៊ុន សែន ចេញ។ ពេលនោះជាកត្តាមួយដែលអំណោយផលពេលដែលខ្ញុំវិលត្រឡប់ទៅស្រុកខ្មែរវិញ កម្មករក៏បះបោរ ប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីក៏បះបោរ ប្រជាពលរដ្ឋដែលជំពាក់បំណុលគេវណ្ឌក ក៏បះបោរ និស្សិតយុវជន ដែលអត់មានការងារធ្វើក៏បះបោរ ទាហានកងកម្លាំងប្រដាប់អាវុធដែលប្រាក់ខែតិចតួចស្ដួចស្ដើងដែលមេធំៗកេងប្រវ័ញ្ចញើសឈាមពួកគាត់ហើយដែលចង់ឲ្យគាត់មកបាញ់សម្លាប់កូនចៅគាត់ ប្ដីប្រពន្ធគាត់ កូនក្មួយគាត់ ដែលធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន ប៉ូលិសទាហានទាំងអស់ហ្នឹងក៏បះបោរ។ អ៊ីចឹងហើយយើងត្រូវគួបផ្សំទាំងអស់ហ្នឹង ថែមអន្តរជាតិ ពីព្រោះខ្ញុំវិលទៅវិញនេះមិនមែនវិលតែឯងដោយគ្មានការមើលខុសត្រូវការគាំទ្រការការពារពីអន្តរជាតិទេ។ ពេលហ្នឹងយើង មើលកម្លាំងណាខ្លះនៅប្រទេសណាខ្លះ ដែលជំរុញឲ្យមានការផ្លាស់ប្ដូរនៅប្រទេស កម្ពុជា»។
បើទោះបីជាលោកថ្លែងថា លោកមិនចង់ឃើញបដិវត្តន៍កើតឡើងក៏ដោយក៏លោកបញ្ជាក់ថា លោករំពឹងលើអំណាចប្រជារាស្ត្រ គឺរុញឲ្យប្រជារាស្ត្រ និងកងកម្លាំងប្រដាប់អាវុធឈប់ស្ដាប់បញ្ជាពីជនផ្ដាច់ការ ឈប់ទៅបាញ់ប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ដែលតវ៉ាដោយសន្តិវិធី អហិង្សា តែផ្ទុយទៅវិញ ត្រូវការពារប្រជារាស្ត្រ ឈរខាងប្រជារាស្ត្រ តែបើត្រូវបែរចុងកាណុង ត្រូវបែរទៅជនផ្ដាច់ការកុំសំដៅលើប្រជារាស្ត្រស្លូតត្រង់។
លោកអះអាងថា កំពុងមានចលនា ២ កើតឡើង ក្នុងការធ្វើឲ្យពលរដ្ឋ មានការប្ដេជ្ញាចិត្តខ្ពស់ គាំទ្រជំហររបស់លោក និងគណបក្សសង្គ្រោះជាតិ គឺការទាក់ទងជាមួយមជ្ឈដ្ឋានកងកម្លាំងប្រដាប់អាវុធ ដោយផ្ទាល់ និងដោយប្រយោលដើម្បីធ្វើឲ្យកងកម្លាំងប្រដាប់អាវុធ ចាប់ផ្ដើមប្រែចិត្តគំនិតឲ្យឈប់គាំទ្រ «របបផ្ដាច់ការ»។
ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា ការលើកឡើងរបស់លោក សម រង្ស៊ី ជាការលើកឡើងបែបកំសាក មិនហ៊ានចេញមុខហើយរង់ចាំឱកាសហុចឲ្យនៅពេលមានការបះបោរ។
លោកថ្លែងថា៖ «បានសេចក្តីថា គាត់ចង់ថា គាត់ជាអ្នកនៅពីក្រោយខ្នងនៃការបះបោរ ហើយនេះជាការកំសាក ហើយជាសារមួយ ដែលថា គាត់មិនហ៊ានចូល។ ការបះបោរ មិនអាចទៅរួចទេ នៅក្នុងទឹកដីកម្ពុជាដែលរាជរដ្ឋាភិបាលកើតចេញពីការគាំទ្រភ្លូកទឹកភ្លូកដី»។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគយល់ថា ការថ្លែងរបស់លោក សម រង្ស៊ី វាគ្រាន់តែជាសារនយោបាយតែប៉ុណ្ណោះ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវអំពីបញ្ហាសង្គម បានថ្លែងថា លោក សម រង្ស៊ី អាចចូលមកវិញដរាបណាមានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានក្នុងស្រុក។ លោកថា លោកមើលមិនឃើញមានកម្លាំងណា អាចទៅផ្ដួលរំលំរដ្ឋាភិបាលបានទេនៅពេលបច្ចុប្បន្ន។
លោកបន្តថា៖ «រដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងទប់ទល់នឹងសង្គ្រាមចិត្តសាស្ត្រមួយនេះ។ ខ្ញុំគិតថា រដ្ឋាភិបាលនៅតែមានការព្រួយបារម្ភ ចំពោះការវិលត្រឡប់របស់លោកសម រង្ស៊ីដែរទោះបីជាមិនមានសញ្ញាអីធំដុំ ប៉ុន្តែការព្រួយបារម្ភ យើងឃើញមានជាបន្តបន្ទាប់»។
លោកយល់ថា អ្វីដែលលោក សម រង្ស៊ី លើកឡើង គឺលោកចង់ឲ្យមានព្រឹត្តិការណ៍កើតឡើង ដូចនៅប្រទេសវ៉េណេស៊ុយអេឡា ដែលមេបក្សប្រឆាំងត្រូវបានទទួលស្វាគមន៍ និងហែហមចូលមកស្រុកវិញ។
ប៉ុន្តែលោកថា ស្ថានភាពនៅវ៉េណេស៊ុយអេឡា គឺគណបក្សប្រឆាំង បានដឹងពីកម្លាំងគាំទ្រដ៏ខ្លាំងចំណែកស្ថានការណ៍នៅ កម្ពុជាវិញគណបក្សប្រឆាំងត្រូវធ្វើការច្រើនទៀត បើសិនជាចង់ដូចនៅវ៉េណេស៊ុយអេឡា។
លោក មាស នី បន្តថា ព្រឹត្តិការណ៍ដូចអ្វីដែលលោក សម រង្ស៊ី លើកឡើង វាត្រូវការពេលវេលាច្រើនទៀត ប៉ុន្តែសុំមិនអត្ថាធិប្បាយថាតើអាចទៅរួចឬអត់។ លោកបន្តថា អ្នកដែលធ្លាប់គាំទ្រអតីតគណបក្សសង្គ្រោះជាតិមានរហូតដល់ជាង ៣ លាននាក់ ប៉ុន្តែថាតើកម្លាំងនោះនៅមូលស្រុះគ្នាឬយ៉ាងណានោះវាជាសំណួរ។
លោកថា រដ្ឋាភិបាល មិនបានទាក់ទាញការគាំទ្រពីមនុស្សទាំងនេះ ហើយមិនបានចំណាយពេលច្រើនដើម្បីទិញបេះដូងពួកគេ តែផ្ទុយទៅវិញ បានគំរាម តាមដាន និងបំបែក ក្រុមអ្នកប្រឆាំង។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានថ្លែងថា ការអំពាវនាវរបស់លោក សម រង្ស៊ី មិនមានឥទ្ធិពលអ្វី ដែលធ្វើឲ្យមានការងើបបះបោរទេ ព្រោះកម្លាំងខាងក្នុងរបស់អតីតគណបក្សសង្គ្រោះជាតិ ទទួលរងការរឹតត្បិត និងមានការថមថយសកម្មភាព។
លោកថា៖ «ប្រសិនបើកម្ពុជា ត្រូវបានគេដាក់វិធានការច្រើនពាក់ព័ន្ធនឹង EBA ឬ GSP ឬបញ្ហាផ្សេងៗយូរក្នុងរយៈពេល ៥ ឆ្នាំ ទៅ ១០ ឆ្នាំខាងមុខទៀតអាហ្នឹងវាអាចកើតឡើងក្នុងករណីណាមួយ ប៉ុន្តែបច្ចុប្បន្ន ឬក្នុងរយៈពេល ១ ឆ្នាំឬ ២ ឆ្នាំ យើងមិនឃើញមានព្រឹត្តិការណ៍បែបនេះកើតឡើងទេ។ គាត់គ្រាន់តែថា ហើយគាត់ក៏មិនវិលចូលដែរ ក្នុងអំឡុងពេលនេះ»។
លោកថ្លែងថា ការថ្លែងរបស់លោក សម រង្ស៊ី គឺក្នុងគោលបំណងពញ្ញាក់ស្មារតីអ្នកនៅក្នុងបក្សកាន់អំណាចឲ្យមានភាពពុះកញ្ជ្រោល ហើយទី ២ ដើម្បីពង្រឹងស្មារតីអ្នកដែលដើរតាមលោក រង្ស៊ី។
លោក មាស នី បានថ្លែងថា ប្រសិនបើមានការងើបឡើងរបស់ប្រជាពលរដ្ឋ វានាំឲ្យមានការបង្ហូរឈាម ហើយលោកផ្ទាល់មិនចង់ឃើញមានការផ្លាស់ប្ដូរណាមួយដោយការបង្ហូរឈាមទេ៕