ភ្នំពេញៈ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ប្រែក្លាយ​ថ្ងៃ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ថ្ងៃទី​ ៩ វិច្ឆិកា របស់​លោក​ទៅ​ជា​ឱកាស​ ១ ​សម្រាប់​កិច្ចសន្ទនា និង​ការផ្សះផ្សា​ជាតិ ហើយ​ចង់​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ធានា​លើ​បញ្ហា​នេះ​។

លោក​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​លិខិត​ ៣ ​ទំព័រ ​របស់​លោក​ផ្ញើ​ទៅកាន់​លោក​ Coly Seck ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។

លោក​បាន​សរសេរ​ថា​៖ «​យើង​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ធានា​ថា​ការវិលត្រឡប់​នៅ​ខែ​ វិច្ឆិកា ​ឆ្នាំ​ ២០១៩ ​ដែល​ត្រូវ​បាន​ប្រកាស​​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​និរទេស ត្រូវ​បាន​ប្រែក្លាយ​ទៅ​ជា​ឱកាស​មួយ​ត្រឡប់​ទៅរក​កិច្ចសន្ទនា និង​ការផ្សះផ្សា​»​។

ការលើក​ឡើង​នេះ​ស្រប​នឹង​អនុសាសន៍​របស់​លោកស្រី​ Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ កម្ពុជា ​ដែល​ថ្មីៗ​នេះ​បាន​ដាក់​របាយការណ៍​ប្រចាំឆ្នាំ​របស់​លោកស្រី​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ ​របាយការណ៍​លោក​បាន​ផ្តល់​អនុសាសន៍​​ឲ្យ​មាន​ការបង្កើត​លម្ហ​មួយ​សម្រាប់​កិច្ចសន្ទនា​នយោបាយ​រវាង​រដ្ឋាភិបាល និង​អ្នក​នយោបាយ​ប្រឆាំង​រួមមាន សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​បាន​បញ្ចប់​ក្នុង​លិខិត​របស់​លោក​ថា​៖ «​ចំពោះ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញាចិត្ត​ធ្វើ​ជា​ដៃគូ​ស្ថាបនា​បំផុត និង​​គោរព​ទាំងស្រុង​ទៅតាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​ដើម្បី​ធ្វើការងារ​លើ​ការបង្កើត​ស្មារតី​នៃ​កិច្ចសន្ទនា និង​ការផ្សះផ្សា និង​ស្មារតី​នៃ​វប្បធម៌​នយោបាយ​ថ្មី​ដោយ​ផ្តោត​ទៅ​លើ​បញ្ហា​បើកចំហ​ចំពោះ​មតិយោបល់​ផ្សេងៗ និង​ចំពោះ​ការបញ្ចេញមតិ​ដោយ​សេរី ដោយ​ធានា​នូវ​អនាគត​រួមគ្នា​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​»​។

លិខិត​របស់​លោក សម រង្ស៊ី ក៏​បាន​ជម្រាប​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ផង​ដែរ​អំពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​សមាជិក​ និង​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ «​យាយី ឃុំខ្លួន និង​ចោទប្រកាន់​»​។

លោក​បន្ថែម​ថា​៖ «​កម្រិត​នៃ​ការភ័យខ្លាច​ និង​ការធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​រួមមាន​ការគំរាមកំហែង ការ​បំភិតបំភ័យ ការយាយី និង​ការចោទប្រកាន់​មិន​ពិត ការចាប់ខ្លួន​ជា​បន្តបន្ទាប់​ និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ទាំង​កំរោល​»​។

លោក​បាន​បន្ថែម​ថា​ការភ័យខ្លាច​នេះ​បាន​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធំធេង រួមមាន ការបែកបាក់​គ្រួសារ ការរំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ កុមារ​បោះបង់​សាលារៀន និង​ស្រែចម្ការ​មិនមាន​អ្នក​មើលថែ​។

លោក​បាន​លើក​ទស្សនៈ​ថា ស្ថានភាព​នេះ​នឹង​កាន់តែ​ដុនដាប​ទៅ ប្រសិន​បើ​មាន​ការព្យួរ​ការអនុគ្រោះ​ពន្ធ​ពី​សហភាព-អឺរ៉ុប​នាពេល​ខាងមុខ​។ លោក​ក៏​បាន​អំពាវនាវ​ទៅ​អង្គការ​សហប្រជាជាតិ អាស៊ាន សហភាព-អឺរ៉ុប សហភាព​អន្តរសភា និង​ស្ថាប័ន​ដទៃៗ​ទៀត​ឲ្យ​ផ្តល់​ការគាំទ្រ​ដល់​ការប្តេជ្ញាចិត្ត​វិល​ត្រឡប់​មកវិញ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ «​ការស្វែងរក​ការរស់រាន​ឡើងវិញ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

លោក​ សម រង្ស៊ី ធ្លាប់​បាន​ប្រកាស​ថា លោក​ និង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃៗ​ទៀត​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន និង​ទាហាន​ក្រោកឈរ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ប្រសិន​បើ​គាត់​បញ្ជា​ឲ្យ​បាញ់​ប្រជាជន​។

លោក សម រង្ស៊ី បាន​ថ្លែង​ថា​ការវិលត្រឡប់​របស់​លោក​មិនមែន​ដើម្បី​ចរចា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ប៉ុន្តែ​គឺ​ដើម្បី​ចាប់​ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី​ហើយ​ឲ្យ​ប្រជាជន​កាត់ទោស​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែងថា លោក សម រង្ស៊ី ​បាន​រៀបចំ​ផែនការ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដោយ​ប្រកាស​ផ្តល់​ប្រាក់​ដល់​ទាហាន ហើយ​លោក​ថា វា​ «​មិនអាច​ទទួល​យក​បាន​ទេ​»​។

លោក​ថ្លែង​ថា រដ្ឋាភិបាល​បាន​ពិចារណា​ចំពោះ​ការវាយប្រហារ​របស់​លោក សម រង្ស៊ី ទៅ​លើ​ព្រះមហាក្សត្រ​ដែល​ស្មើ​នឹង​ការរំលោភបំពាន​រដ្ឋធម្មនុញ្ញ​បន្ថែម​ពី​លើ​ផែនការ​រដ្ឋប្រហារ​បណ្តេញ​លោកនាយក​រដ្ឋមន្ត្រី​។

លោក​បន្តថា​៖ «​ដូច្នេះ​វា​ពិបាក ហើយ​គាត់​ជា​ទណ្ឌិត​ដែល​ពិបាក​និយាយ​ជាមួយ​។ គាត់​កំពុង​រៀបចំ​ផែនការ​រដ្ឋប្រហារ​។ វា​ពិបាក​សម្រាប់​យើង​ពិភាក្សា​ជាមួយ​គាត់​។ រដ្ឋាភិបាល​កើត​ចេញ​ពី​ការបោះឆ្នោត​ដែល​ការពារ​​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ស្ថិរភាព​សង្គម និង​សន្តិសុខ​»​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា​៖ «​ក្នុង​​ស្ថានភាព​បែបនេះ វា​ពិបាក​នឹង​ឃើញ​ពួកគេ​ជួបគ្នា លុះត្រា​តែ​មាន​អ្នក​ផ្សះផ្សា​អន្តរជាតិ​ដែល​អាច​ជឿជាក់​ និង​គោរព​ផ្តល់​ការិយាល័យ​ល្អ​មួយ​ដើម្បី​បំបែក​បញ្ហា​​នេះ ហើយ​ជួយ​ពួកគេ​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា មាន​ទិដ្ឋភាព​ ៣ អំពី​លិខិត​របស់​លោក សម រង្ស៊ី ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ លោក​ថ្លែង​ថា​៖ «​ទី​ ១ គាត់​ចង់​ទទួល​បាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ការវិល​ត្រឡប់​មក​វិញ​របស់​គាត់​។ ​ទី​ ២ ​គាត់​នឹង​ប្រើប្រាស់​​កត្តា​នេះ ជា​លេស​និយាយ​ថា គាត់​មិន​អាច​ត្រឡប់​មក​វិញ​បាន​ដោយ​មិន​មាន​ការគាំទ្រ​បែបនេះ​។ ទី​ ៣ គាត់​និយាយ​ថា ដើម្បី​រុញ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​តុ​ចរចា​ជាមួយ​គាត់​»​។

លោក​ថ្លែងថា​លោក សម រង្ស៊ី ខ្លាច​មិន​ហ៊ាន​វិលត្រឡប់​មកវិញ ដូច្នេះ​គាត់​ព្យាយាម​ស្វែងរក​វិធី​ផ្សេងៗ​ដើម្បី​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន រួមទាំង​ការស្វែងរក​សម្ពាធ​ពី​សហគមន៍​​អន្តរជាតិ​។ លោក​បន្តថា​៖ «​នៅ​ទីបំផុត គាត់​នឹង​លើក​យក​លេស​ទាំងអស់​នោះ​មក​ការពារ​ខ្លួន​គាត់​នៅពេល​គាត់​មិន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​»៕ PS