ភ្នំពេញៈ លោក សម រង្ស៊ី បាន​​​ប្រតិកម្ម​​ខ្លាំងៗ​ក្រោយ​ពេល​លោ​ក​​​ត្រូវ​បាន​​សាលា​ដំបូង​រាជ​ធានី​​ភ្នំ​ពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​​គារ​កំណត់​ពេល​ ៤ ​ឆ្នាំ កាល​ពី​សប្ដាហ៍​មុនរឿង​ប្រមាថ​លើ​អង្គ​​ព្រះ​មហា​ក្សត្រ​ ព្រះ​បាទ​សម្ដេច​​​ព្រះ​បរមនាថ នរោត្ដម​ សីហមុ​នី ព្រះមហា​ក្សត្រ​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

លោក សម រង្ស៊ី ដែល​ជា​ប្រធាន​ស្តី​ទី​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​តុលាការ​​កំពូល​រំលា​យ​កាល​ពី​ចុង​ឆ្នាំ ២០១៧ បាន​ប្រតិកម្ម​លើ​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់​ទោស​រូប​លោក​ចំពោះ​​ការ​លើក​ឡើង​របស់​លោក​ថា សារ​លិខិត​របស់​ព្រះ​មហា​ក្សត្រ​ ដែល​​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០១៨ គឺ​ជា​សារ ​«ក្លែង​ក្លាយ» ឬ​ធ្វើ​ឡើង​ដោយ​ការ​បង្ខិតបង្ខំ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​​បាន​កាត់​ ទោស​លោកឲ្យ​ជាប់ពន្ធ​នាគារ​ ៤ ​ឆ្នាំ​ទៀត ក្នុង​​បទ​ល្មើស​ញុះ​ញ​​ង់​យោធិន​កុំ​​ឲ្យ​ស្ដាប់​បង្គាប់ និង​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព។

ឆ្លើយ​តប​នឹង​ការ​ផ្ដន្ទា​ទោស​ទាំង ​២ ​នេះលោក​ សម រង្ស៊ី បាន​ថ្លែង​តា​ម​​ហ្វេសប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​គ្រាន់​តែ​និយាយ​ការពិត​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា «លើការ​ចោទ​ប្រកាន់ទី២ ដែលថា ខ្ញុំ "ប្រមា​ថ​​ព្រះមហា​ក្សត្រ" ខ្ញុំ​គ្រាន់​តែ​និយាយ​ការ​ពិត​ទេ»។

ក្រៅ​​ពី​នេះ​លោក​ សម រង្ស៊ី ក៏បាន​ធ្វើការ​រិះ​គន់​ធ្ងន់​ៗ​ផង​ដែរ​ទៅ​លើ​ព្រះ​មហ​ក្សត្រ។ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា អ្វី​ដែល​លោក​ សម រង្ស៊ី សរសេ​រ​គឺ​ជា​ «សារ​​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ លើ​ព្រះ​មហាក្សត្រ»។

ប៉ុន្តែ​ថា​ តើ​នឹង​មាន​ការ​ចោទ​ប្រកាន់​សាជា​ថ្មី​ពី​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ» លើ​​លោក សម រង្ស៊ី​ នោះ គឺ​អាស្រ័យ​លើ​តុលាការ​​អ្នក​សម្រេច។ លោក​ថា ប្រសិន​បើ​មិន​មាន​បទ​ចោទ​ថ្មី​ទេអ្វី​ដែល​លោក​ ស​ម​​ រង្ស៊ី ថ្លែង​នេះ​ក៏​អាច​ត្រូវ​បាន​ដា​ក់​បញ្ជូល​លើ​បទ​ល្មើស​ដែល​មាន​ស្រាប់​ដើម្បី​បន្ថែម​ស្ថាន​ទម្ងន់​ទោស។

លោក សម រង្ស៊ី បាន​ថ្លែង​តាម​រយៈ​​អីុមែល ​កាល​ពី​ម្សិល​មិញ​ថា លោក​គិត​ថា ​នឹង​មាន​បណ្តឹង​ជា​ច្រើន​ទៀត​នៅ​តុលា​ការ ដែល​ប្តឹង​ដោយ​រដ្ឋាភិបា​ល​។ លោក​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​ប្តឹង​លោក​កាន់​តែ​ច្រើ​ន​ ប៉ុន្តែ​ជា​បណ្ដឹង​ដែល «គ្មាន​ប្រសិ​​ទ្ធភាព» និង​ «គួរ​ឲ្យ​អស់​សំណើច​» ហើយ​បណ្តឹង​ទាំង​នោះ​ ធ្វើ​ឲ្យ​លោក​មាន​ឱកាស​រិះ​គន់​លើ ​«របប​ផ្ដាច់ការ​បច្ចុប្បន្ន»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភា​គ​​នយោបាយ​យល់​ឃើញ​ថា វា​មិន​សម​ទាល់​តែ​សោះ ដែល​លោក សម រង្ស៊ី ធ្វើ​ការ​វិនិច្ឆ័យ​ជា​សាធារណៈ​បែប​នេះ​ អំពី​ព្រះមហាក្សត្រ។ ការ​ធ្វើ​បែប​នេះ ​មិន​បាន​ផល​ចំណេញ​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​ឲ្យ​លោក​ក្លា​យ​​ជា​សត្រូវ​របស់​​ព្រះ​មហា​ក្សត្រ​ និង​អ្នក​រាជា​និយម ហើយ​ទី​បំផុត​ ប្រឈម​នឹង​ការ​ចោទ ប្រកាន់​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ» សាជា​ថ្មី។

លោក​ថ្លែង​ថា៖ «គាត់អាច​​ឆ្លាត​ជាង​នេះក្នុង​នាម​ធ្លាប់ជា​​ថ្នាក់​​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួ​យ ហើយ​ត្រូវ​បាន​គេ​យល់​ថា​ ជាគូ​ប្រជែង​​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បើ​សិន​គាត់​សរសើរ​ដល់​ការ​លំបា​ក​របស់​ព្រះ​មហា​ក្សត្រ​ ដែល​គេ​ដឹង​គ្រប់​គ្នា ហើយ​ទូល​ថ្វាយ​ដល់​ព្រះ​អង្គ​ដោយ​ស្ងាត់ៗ​ ឲ្យ​ចាក​ចេញ​ពី​ស្ថាន​ការណ៍​នេះ ហើយ​បំពេញ​តួនាទី​ប្រកប​ដោយ​ប្រសិ​ទ្ធភាព​លើ​តួនាទី​ជា​ច្រើន​ ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​តួនាទី​ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ»។

ប៉ុន្តែ​អ្នក​សិក្សា​បញ្ហា​សង្គម លោក មាស នី យល់​ថា អ្នកនយោបាយ​កម្ពុជា​ ដែល​រួម​មាន​ទាំង​លោក​ សម រង្ស៊ី ផង​ តែង​តែ​បញ្ចេញ​មតិ​ញុះ​​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ថា​ នៅ​កម្ពុ​ជា គណបក្ស​កាន់​អំណាច​តែង​តែ​​ឈ្នះ​បណ្តឹង​ទាំង​អស់​នៅ​តុលាការ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា លោក សម រង្ស៊ី បាន​ដឹង​ហើយ ​ពី​ទោស​ដែល​គាត់​ជាប់​ គឺ​ជាង​មួយ​ជីវិត។ ដូច្នេះ​ វា​ក្លាយ​ជា​រឿង​សាមញ្ញសម្រាប់​គាត់សម្រា​ប់​​តុលាការនិង​សម្រាប់​រដ្ឋាភិបាល​ ក្នុង​ការ​ចំអក​ដាក់​គ្នា​ទៅវិញ​ទៅមក»។

លោក​បន្ត​ថា ការលើកឡើង​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្នុង​ន័យ​​រុញ​ឲ្យ​មាន​ប្រតិ​កម្ម​ពី​លោក ហ៊ុន សែន ដែល​បាន​ប្រកាសកាល​ពី​ពេល​ថ្មីៗ​នេះ​​ថា ឈប់​ឆ្លើយ​ឆ្លង​ជាមួយ​លោក។ លោក​ថា គូ​ភាគី​ទាំង​ ២ ​គឺលោក​ សម រង្ស៊ី និង​លោក ហ៊ុន សែន មិន​ស្ងប់​ស្ងាត់​បាន​ទេ​ពេល​ភាគី​ម្ខាង​ចំអក​ដោយ​ប្រើ​ពាក្យ​ខ្លាំងៗ៕