ភ្នំពេញៈ សវនាការ​ក្នុង​ថ្ងៃទី ២ ​នៅ​សាលាឧទ្ធរណ៍​ទៅ​លើ​អតីត​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១ រូប​ក្នុង​សំណុំ​រឿង​ផ្ទុះ​អំពើ​ហិង្សា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​រវាង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​កាលពី​ឆ្នាំ ២០១៤ តុលាការ​បាន​អាន​ចម្លើយ​មនុស្ស​ចំនួន ៣៩ រូប​ស្តាប់​ចម្លើយ​ផ្ទាល់​របស់​សន្តិសុខ ២ ​រូប និង​មើល​វីដេអូ​ឃ្លីប​ជាច្រើន​ដែល​ដាក់​បន្ទុក​ទៅលើ​ជន​ជាប់ចោទ​ដែល​ធ្វើឲ្យ​មាន​ការតវ៉ា​ពី​ជនជាប់ចោទ និង​មេធាវី​។

សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​បន្ត​បើក​សវនាការ​លើ​សំណុំ​រឿង​ហិង្សា នៅ​ស្ពាន​នាគ​កាលពី​ថ្ងៃទី ១៥ ខែ​កក្កដា ឆ្នាំ​ ២០១៤ ដែល​អំពើ​ហិង្សា​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចាត់ទុក​ថា​ជា​អំពើ​ «​កុបកម្ម​» ​ហើយ​បាន​កាត់ទោស​សកម្មជន និង​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន ១៤ រូប​ដាក់​ពន្ធនាគារ​ពី ៧ ឆ្នាំទៅ ២០ ឆ្នាំ​ពី​បទ​ចូលរួម និង​ដឹកនាំ​កុបកម្ម​។ ប៉ុន្តែ​សំណុំ​រឿង​ដែល​បើក​សវនាការ​ពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ជន​ជាប់ចោទ​តែ ១១ ​រូប​ប៉ុណ្ណោះ​។

នៅក្នុង​សវនាការ​នាពេល​ព្រឹក សន្តិសុខ​ខណ្ឌ​ដូនពេញ ២ ​រូប​ដែល​ជា​ដើមបណ្ដឹង​មាន​ឈ្មោះ មាស ភឿន និង ណន ផល្លា បាន​ធ្វើ​សក្ខីកម្ម​ដោយ​អះអាង​ថា​ពួកគេ​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​ឲ្យ​រងរបួស​ដោយ​គ្រាន់តែ​ទៅ​សម្រួល​ចរាចរណ៍​នៅ​ស្ពាន​នាគ​។ ពួកគេ​ថា​ពួកគេ​បាន​ប្តឹង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​។

ប៉ុន្តែ​លោក សំ សុគង់ មេធាវី​ការពារ​ជនជាប់ចោទ​ទាំង ១១ រូប​បាន​សួរ​ដេញដោល​លើ​ដើមបណ្ដឹង​ទាំង ២ រូប​លើ​ចំណុច​ដែល​ដើម​បណ្ដឹង​បាន​រៀបរាប់​ឈ្មោះ​អ្នក​ដឹកនាំ​បាតុកម្ម ដែល​ពួកគេ​បាន​ប្រាប់​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលា​ដំបូង​រាជធានី​ថា​មាន​ឈ្មោះ លោក ស្រី មូរ សុខហួរ លោក ហូ វ៉ាន់ លោក រៀល ខេមរិន្ទ្រ លោក ម៉ែន សុថាវរិន្ទ និង​លោក លោក កែវ ភិរម្យ ជាដើម​។

នៅពេល​លោក លោក សំ សុគង់ សួរ​ដេញ​ទាំង​លោក មាស ភឿន និង​លោក ណន ផល្លា ថ្លែង​ថា​ពួកគាត់​មិន​បាន​សរសេរ​ពាក្យបណ្ដឹង​ដោយ​ខ្លួនឯង​ទេ​គឺ​មាន​គេ​យក​ពាក្យ​បណ្ដឹង​ទៅ​ឲ្យ​គាត់​ផ្ដិត​មេដៃ​នៅពេល​ពួកគាត់​នៅ​មន្ទីរពេទ្យ​។

លោក​ ផល្លា និយាយ​ថា​៖ «​ខ្ញុំ​បាន​ទៅ​ណែនាំ​បាតុករ​ឲ្យ​បំបែក កុំ​ឲ្យ​ស្ទះចរាចរណ៍ ខ្ញុំ​ប្រាប់​កុំ​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​។ ខ្ញុំ​ស្គាល់​ច្បាស់​ជាង​គេ​គឺ​លោកស្រី មូរ សុខហួរ និង​លោក មាជ សុវណ្ណារ៉ា​។ ខ្ញុំ​ឃើញ​គាត់​ចង​បដា ខ្ញុំ​ទៅ​ឃាត់ តែ​ខ្ញុំ​ដើរ​ចេញ​ព្រោះ​ឃាត់​អត់​ស្តាប់​»​។

នៅ​ពេល​សួរ​ដេញដោល​ដោយ​មេធាវី ជូង ជូងី ដែល​ការពារ​ជន​ជាប់ចោទ​ទាំង ១១ រូប ថា​តើ​អំពើ​ហិង្សា ឬ​ភាព​ប្រទាំង​ប្រទើស​កើតឡើង​ដោយសារ​អ្វី​នោះ​លោក​ ផល្លា ​ថា​៖ «​ការ​ប្រទាំង​ប្រទើស​កើតឡើង​នៅពេល​សន្តិសុខ​ទៅ​ដក​បដា​ពី​បាតុករ​បើ​អត់​មាន​ការដក​បដា ក៏​អត់​មាន​ការប្រទាំង​ប្រទើស​ដែរ​»​។

ក្រោយ​សួរ​លើ​ដើមបណ្ដឹង តុលាការ​បាន​អាន​ចម្លើយ​របស់​សាក្សី​ ៣២ ​រូប​ទៀត​ដែល​ចម្លើយ​ពួកគេ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​។ ចម្លើយ​ដើមបណ្ដឹង​ដែល​ជា​ក្រុម​សន្តិសុខ​សង្កាត់ និង​ខណ្ឌ​ដូនពេញ​បញ្ជាក់​ថា​នៅ​ថ្ងៃទី​ ១៥ កក្កដា ២០១៤ ពួកគេ​បាន​ទៅ​ប្រជុំ​ជួរ​នៅ​ខាង​កើត​ស្ពាន​នាគ ដើម្បី​ចែក​កិច្ចការ​គ្នា​ធ្វើ ដោយ​មាន​អ្នក​ខ្លះ​ត្រូវ​ទៅ​សម្រួល​ចរាចរណ៍ ហើយ​អ្នក​ខ្លះ​ទៅ​ហាមឃាត់​ក្រុម​បាតុករ មិន​ឲ្យ​ជួបជុំ​គ្នា និង​ហាម​មិន​ឲ្យ​យក​ក្រណាត់​ទៅ​ដាក់​លើ​របងលួស​ដែល​អាជ្ញាធរ​បាន​ដាក់​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​។ ចម្លើយ​របស់​សន្តិសុខ​ភាគច្រើន​អះអាង​ថា​បាតុកម្ម​ត្រូវ​បាន​ដឹកនាំ​ដោយ​លោកស្រី មូរ សុខហួរ លោក ហូ វ៉ាន់ និង​លោក រៀល ខេមរិន្ទ​។

ក៏ប៉ុន្តែ​ក្នុង​សវនាការ​នៅពេល​រសៀល​តុលាការ​បាន​អាន​ចម្លើយ​របស់​តំណាងរាស្ត្រ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ៧ ​រូប​ដោយ​ចម្លើយ​របស់​លោកស្រី មូរ សុខហួរ បាន​អះអាង​ប្រាប់​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលា​ដំបូង​ថា លោកស្រី​មិន​បាន​ដឹកនាំ​បាតុកម្ម​នោះ​ទេ​។ ទោះយ៉ាង​ណា​មាន​វីដេអូ​ឃ្លីប​មួយ​ដែល​តុលាការ​បាន​ចាក់​ដោយ​មាន​លោកស្រី​ សុខហួរ និង​លោក រៀល ខេមរិន្ទ្រ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ទៅ​ចូលរួម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​ ១៥ កក្ដដា ២០១៤​។

ក្រៅពី​អាន​សក្ខីកម្ម​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ តុលាការ​បាន​ចាក់​វីដេអូឃ្លីប​ជាច្រើន​ដែល​វីដេអូឃ្លីប​ខ្លះ​មាន​រយៈពេល​ប្រហែល​តែ ៥ វិនាទី​ប៉ុណ្ណោះ ខណៈ​វីដេអូ​ផ្សេង​ទៀត​មាន​រយៈពេល​ជាច្រើន​នាទី​ជាពិសេស​វីដេអូ​ដែល​បង្ហាញ​ក្រុម​បាតុករ​វាយ​ទៅ​លើ​ក្រុម​សន្តិសុខ និង​ការ​ថ្លែង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​។

ទោះ​យ៉ាង​ណា​វីដេអូឃ្លីប​ទាំងនេះ​ត្រូវ​បាន​ចាក់​នៅ​លើ​អេក្រង់​ទំហំ ៣២ អ៊ីញ​តែ​មួយ​សម្រាប់​អង្គសវនាការ​ទាំង​មូល​ដែល​ការណ៍​នេះ​បាន​ធ្វើឲ្យ​ក្រុម​មេធាវី​ការពារ​ក្តី និង​ជន​ជាប់ចោទ​តវ៉ា​។ លោក​មេធាវី ជូង ជូងី ​បាន​ស្នើឲ្យ​តុលាការ​បង្ហាញ​វីដេអូ​ឃ្លីប​ឲ្យ​បាន​ច្បាស់ និង​ទូលំទូលាយ​សម្រាប់​សាធារណៈជន​ដែល​ចូលរួម​ដោយ​លោក​និយាយ​ថា​៖​ «​ដំណាក់កាល​ពិនិត្យ​ភ័ស្តុតាង​សំខាន់​ណាស់​។ វីដេអូឃ្លីប​នេះ យើង​មើល​អត់​ច្បាស់​»​។ ក៏​ប៉ុន្តែ​លោក ចៅក្រម ប្លង់ សំណាង ថ្លែង​ថា លោក​ធ្វើ​តាម​លទ្ធភាព​របស់​ឧទ្ធរណ៍​។ «​លទ្ធភាព​របស់​សាលា​ឧទ្ធរណ៍​មាន​ប៉ុណ្ណឹង​» ។

សវនាការ​បាន​ចាក់​វីដេអូ​ឃ្លីប​ជាច្រើន​ដោយ​ភាគច្រើន​បង្ហាញ​ការវាយដំ​លើ​ក្រុម​សន្តិសុខ​ពី​សំណាក់​ក្រុម​បាតុករ និង​ការ​ថ្លែង​អំពី​ការរំដោះ​ទីលាន​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​លោក មាជ សុវណ្ណារ៉ា និង​មេធាវី​បាន​តវ៉ា​ឲ្យ​តុលាការ​ចាក់​វីដេអូឃ្លីប​ចំនួន ២ ដែល​មិន​ត្រូវ​បាន​ប្រគល់​ដោយ​សាលាដំបូង​។ វីដេអូ​មួយ​បង្ហាញ​ពី​ក្រុម​សន្តិសុខ ពាក់អាវ ពណ៌​ទឹក​ប៊ិក​លើក​ដំបង​ក្នុង​ការ៉ុង​ចេញ​ពី​ឡាន ហើយ​ចែក​ដំបង​គ្នា​។ វីដេអូ​មួយ​ទៀត​បង្ហាញ​ក្រុម​សន្តិសុខ​ដើរ​ទៅ​បក​បដា​ចេញ​ពី​របង​លួស​ហើយ​ហិង្សា​បាន​កើតឡើង​ដោយ​ក្រុម​សន្តិសុខ និង​បាតុករ​បាន​វាយ​ប្រតាយ​ប្រតប់​គ្នា​ទៅវិញ​ទៅមក​។

សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​ពុធ​នេះ​ទៀត​៕