ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​បទ​រួមគំនិត​ក្បត់​ និង​ញុះញង់​ដែល​មាន​ជនជាប់ចោទ​ជា​មន្ត្រី និង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ ៦០ ​នាក់​ ប៉ុន្តែ​បន្ទាប់ពី​បើកសវនាការ​បាន​ប្រមាណ​ ៤ ​ម៉ោង​ ចៅក្រម​បានប្រកាស​ផ្អាក​សវនាការ ដោយ​លើក​ទៅធ្វើ​នៅ​ចុងខែ​នេះ​។

សវនាការ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​មាន​ការឃ្លាំមើល​ពី​មន្ត្រី​ស្ថានទូត និង​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​។ យ៉ាងណា​ក៏ដោយ​មាន​ជនជាប់ចោទ​តែ​ ១១ ​នាក់​ប៉ុណ្ណោះ​មាន​វត្តមាន​ក្នុង​សវនាការ​ដែល​ក្នុង​នោះ​អ្នក​ដែល​កំពុង​ជាប់​ក្នុង​ឃុំ​មាន​ ២ ​នាក់​ គឺ​លោក​ កាក់ កុម្ភារ និង ហេង ចាន់សុធី និង ៩ ​នាក់​នៅក្រៅ​ឃុំ​។ ចំណែក​ជនជាប់ចោទ​ផ្សេងទៀត​អវត្តមាន​។

សវនាការ​នេះ​ពាក់ព័ន្ធ​នឹង​ការប្រកាស​វិលត្រឡប់​មក​មាតុប្រទេស​វិញ​របស់​លោក សម រង្ស៊ី ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ ២០១៩ ដែល​លោក សម រង្ស៊ី ធ្លាប់បាន​ប្រកាស​ថា លោក​នឹង​វិល​ត្រឡប់មក​កម្ពុជា​ហើយ​មក​ចាប់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ រដ្ឋាភិបាល​ចាត់ទុក​គម្រោង​នេះ​ថា ជា​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល​។

នៅក្នុង​សវនាការ​លោក កាក់ កុម្ភារ ដែលមាន​អាយុ​ ៤៥ ​ឆ្នាំ​បាន​ឆ្លើយថា កាលពី​គណបក្ស​សង្គ្រោះជាតិ​មិនទាន់​ត្រូវបាន​រំលាយ លោក​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធានការិយាល័យ​ខាង​កិច្ចការ​បោះឆ្នោត​។ ប៉ុន្តែ​ក្រោយពី​គណបក្ស​ត្រូវ​រំលាយ​មក លោក​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ពាក់ព័ន្ធ​នឹង​ក្រុម​របស់​លោក សម រង្ស៊ី ទៀត​ទេ​។

លោក​បន្តថា ពាក់ព័ន្ធ​នឹង​ការប្រកាស​វិល​ចូល​ប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី នៅ​ថ្ងៃទី​ ៩ ​វិច្ឆិកា ឆ្នាំ​ ២០១៩ នោះ​គឺ​លោក​គ្រាន់តែ​បានដឹង​ហើយ​លោក​ក៏​មិនបាន​ធ្វើ​ចលនា​ដើម្បី​ប្រមូល​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី ដែរ​។ លោក​ កាក់ កុម្ភារ ថ្លែងថា​៖ «​ប៉ុន្តែ​ខ្ញុំ​ធ្លាប់​និយាយ​លេង​ជាមួយ​មិត្តភកិ្ត​ធ្លាប់​ស្គាល់គ្នា និង​លើកដៃ​ទាំង​ ២ ​ឡើងលើ​តែ​គេ​ថត​ឱ្យ​ទេ​។ ឥឡូវនេះ​សូម្បីតែ​ខ្លួន​ខ្ញុំ ក៏​មិន​ដឹង​ច្បាស់​ថា ខ្ញុំ​ញុះញង់​ និង​រួមគំនិត​ក្បត់​អី​ដែរ​»​។

រីឯ​លោក​ ហេង ចាន់សុធី ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ដែរ​នោះ ក៏បាន​ប្រាប់​ចៅក្រម​ផងដែរ​ថា កាលពី​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​រំលាយ លោក​ជា​អនុប្រធាន​គណបក្ស​ប្រចាំ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ក្រោយពី​រំលាយ​បក្ស​មក​គឺ​លោក​មិន​ធ្វើ​សកម្មភាព​អ្វី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ទេ​។ លោក​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​មែន ហើយ​លោក​ក៏​ធ្លាប់​សរសេរ​សារ​បង្ហោះ​ប្រើ​ពាក្យ​សម្តី​ខ្លះៗ​ដែរ​តែ​គ្រាន់​ជា​ការបញ្ចេញមតិ​តែប៉ុណ្ណោះ​។

លោក​បន្តថា៖ «​ខ្ញុំ​បាន​ស្តាប់​វិទ្យុ​អាស៊ីសេរី ហើយ​ខ្ញុំ​គ្រាន់តែ​បញ្ចេញមតិ​ខ្លះ​កុំឱ្យ​ខ្មែរ​បែកបាក់​គ្នា ដើម្បី​កសាង​ប្រទេសជាតិ​។ ខ្ញុំ​ថា អ្នកឈ្នះ​ទទួល​ជោគជ័យ រីឯ​អ្នកចាញ់​ត្រូវ​ជួយ​អ្នក​ឈ្នះ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​»​។ លោក​ប្រាប់​ចៅក្រម​ថា លោក​បាន​ដឹង​ពី​គម្រោង​នៃ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា ហើយ​ប្រសិនបើ​លោក​ សម រង្ស៊ី មក​មែន​លោក​នឹង​ទៅ​ទទួល​។

បន្ទាប់ពី​សួរដេញដោល​អស់​រយៈពេល​ប្រមាណ ៤ ម៉ោង​លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ផ្អាក​សវនាការ​ដោយ​លើក​ទៅ​ជម្រះ​នៅ​ថ្ងៃទី ២៨ មករា បន្តទៀត​ដោយ​លើក​ហេតុផល​ថា ដោយសារ​ជនជាប់ចោទ​មាន​ចំនួន​ច្រើន​។

១ ​ថ្ងៃមុន​ការបើក​សវនាការ​នេះ​ចាប់ផ្ដើម​លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានចេញ​សារ​នៅលើ​បណ្ដាញ​សង្គម​បង្ហាញ​ពី​ក្ដីកង្វល់​របស់​លោកស្រី​អំពី​ការបើក​សវនាការ​ដែល​មាន​ជន​ជាប់ចោទ​ច្រើន​បែបនេះ​។ លោកស្រី​ថា ការជំនុំជម្រះ​បែប​នេះ​ធ្វើឱ្យ​សិទ្ធិ​បុគ្គល​របស់​ពួកគេ​ក្នុង​ការទទួល​បាន​ការជំនុំជម្រះ​ក្តី​ប្រកប​ដោយ​យុត្តិធម៌​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​។

លោកស្រី​ក៏​សម្ដែង​កង្វល់​ផងដែរ អំពី​ជនជាប់ចោទ​មួយចំនួន​ដែល​ត្រូវ​បាន​កាត់ទោស​កំបាំង​មុខ​បើទោះជា​ពួកគេ​បាន​ព្យាយាម​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុង​ការជំនុំជម្រះ​ក្តី​នេះ​ក៏ដោយ​។ លើសពីនេះ​ទៀត​លោកស្រី​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ក្តី​ប្រកបដោយ​យុត្តិធម៌​ដល់​បុគ្គល​ទាំងនោះ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដោយ​ស្មើភាព​គ្នា ឱ្យ​អាជ្ញាធរ​ជួយ​សម្រួល​ដល់​ការវិលត្រឡប់​របស់​បុគ្គល​ទាំងនេះ​ដោយ​សុវត្ថិភាព និង​អនុញ្ញាត​ឱ្យ​ពួកគេ​ចូលរួម​សវនាការ និង​ការពារ​ក្តី​របស់ខ្លួន​នៅក្នុង​តុលាការ​។ ក្នុងករណី​ការបង្ហាញ​ខ្លួន​របស់​ពួកគេ​មិនអាច​ចាត់ចែង​បានទេ​នោះ ខ្ញុំ​សូម​លើកទឹកចិត្ត​អាជ្ញាធរ​ជួយ​សម្រួល​ឱ្យ​មាន​ការចូលរួម​សវនាការ​ពី​ចម្ងាយ​ពី​បុគ្គល​ទាំងនោះ ឬ​ពន្យារ​ការជំនុំជម្រះ​រហូត​ដល់​ជនជាប់ចោទ​អាច​ធ្វើ​ដំណើរ​មក​បាន​»​។

យ៉ាងណា​ក៏ដោយ​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ថា ការលើកឡើង​ពី​ក្ដីកង្វល់​របស់​លោកស្រី​ ស្ម៊ីត គឺជា​រឿង​ធម្មតា ហើយ​សមត្ថកិច្ច​នៅ​តែ​អនុវត្ត​ភារកិច្ច​របស់​ពួកគេ តាម​បញ្ញត្តិ​ច្បាប់ និង​នីតិវិធី​ច្បាប់​ដែលមាន​ជាធរមាន​៕