
លោក កឹម សុខា ពេលនាំមកសាលាដំបូងកាលពីចុងខែមករា។ ហេង ជីវ័ន
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនឹងបន្តបើកសវនាការសំណុំរឿងសន្ទិដ្ឋភាពជាមួយបរទេសរបស់លោក កឹម សុខា នៅសប្ដាហ៍នេះបន្ទាប់ពីសម្រេចផ្អាកកាលពីសប្ដាហ៍មុនក្រោយពីក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា បាននាំគ្នាដើរចេញពីបន្ទប់សវនាការទាំងពាក់កណ្ដាលទី។
លោក ចាន់ ចេង មេធាវីម្នាក់របស់លោក កឹម សុខា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា សវនាការលើសំណុំរឿងចោទប្រកាន់លោក កឹម សុខា នឹងបន្តធ្វើដូចធម្មតានៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍នេះ ដោយលោក កឹម សុខា បន្តយកក្រុមមេធាវីចាស់ដដែល។
លោកថា៖ «សវនាការនៅសាលាដំបូងនឹងប្រព្រឹត្តទៅធម្មតា។ គាត់នៅតែយកមេធាវីដដែល»។
កាលពីថ្ងៃទី ១៤ កុម្ភៈ ក្រុមមេធាវីរបស់លោក កឹម សុខា ទាំង ៤ នាក់ បាននាំគ្នាដើរចេញពីបន្ទប់សវនាការដោយសារមិនសប្បាយចំពោះប្រធានក្រុមប្រឹក្សាជំនុំជម្រះដែលមិនអនុញ្ញាតឱ្យពួកគាត់ឆ្លើយតបចំពោះការលើកឡើងរបស់តំណាងអយ្យការ និងក្រុមមេធាវីការពារក្ដីឱ្យរដ្ឋាភិបាល។
លោក កុយ សៅរ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានហៅការដើរចេញពីបន្ទប់សវនាការរបស់ក្រុមមេធាវីលោក កឹម សុខា ថាជាក្រុមមេធាវីទំនើង និងបានសម្រេចផ្អាកសវនាការរយៈពេល ១ សប្ដាហ៍ ដើម្បីទុកពេលឱ្យលោក កឹម សុខា ពិចារណា និងសម្រេចចិត្តស្វែងរកមេធាវីថ្មី ឬចង់រក្សាក្រុមមេធាវីចាស់ដដែល ។
លោក កុយ សៅរ៍ ថែមទាំងព្រមានថា តុលាការនឹងចាត់វិធានការតាមច្បាប់ចំពោះក្រុមមេធាវីរបស់លោក កឹម សុខា ប្រសិនបើពួកគេមិនចូលរួមសវនាការតាមការកំណត់របស់តុលាការនាពេលខាងមុខនេះ។ ក៏ប៉ុន្តែលោក ចាន់ ចេង បានបញ្ជាក់ថា ក្រុមមេធាវីរបស់លោក កឹម សុខា នឹងចូលរួមក្នុងសវនាការនាសប្ដាហ៍នេះ។
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការសួរដេញដោលលើលោក កឹម សុខា អស់ពេល ៥ សប្ដាហ៍ មកហើយលើអង្គហេតុចាប់ផ្ដើមពីឆ្នាំ ១៩៩៣ ដែលលោក កឹម សុខា បានធ្វើជាតំណាងរាស្ដ្រ ការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឆ្នាំ ២០០៧ និងការបង្កើតគណបក្សសិទ្ធិមនុស្សឆ្នាំ ២០១២ និងបានចាប់ផ្ដើមសួរដេញដោលលើអង្គហេតុថ្មីគឺពីពេលលោក កឹម សុខា ចូលរួមជាមួយលោក សម រង្ស៊ី បង្កើតអតីតគណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា ទោះមានការដក EBA ២០ ភាគរយ ពីគណៈកម្មការអឺរ៉ុបក្ដី ក៏លោកមិនអាចយកការអនុវត្តច្បាប់ និងអធិបតេយ្យកម្ពុជាទៅដោះដូរជាមួយការអនុគ្រោះពន្ធ ២០ ភាគរយដែលត្រូវបង់ពន្ធប្រហែល ១០០ លានដុល្លារ ទៅអឺរ៉ុបមកវិញនោះទេ។
លោកថា៖ «មិនអាចទុកឱ្យអ្នកបំផ្លាញជាតិបានរួចខ្លួនឡើយ ដំណើរការផ្លូវច្បាប់នៅក្នុងតុលាការនៅតែបន្តអត់មានថយក្រោយទេ។ ច្បាប់របស់អ្នក អ្នកអនុវត្តចុះ ឯច្បាប់របស់យើងខ្ញុំគឺយើងខ្ញុំត្រូវតែអនុវត្ត ដូច្នោះមិនអាចលាយឡំគ្នាបានទេ»។
លោកបន្តថា៖ «ថ្ងៃនេះជូនសារជាក់លាក់ច្បាស់លាស់ថា កម្ពុជាមិនថយក្រោយលើការកាត់ក្ដីចំពោះជនក្បត់ជាតិ ឬអ្នកដែលទទួលនូវទណ្ឌកម្មទេ។ អ្នកឯងត្រូវតែច្បាស់អ្វីដែលអ្នកឯងបានធ្វើ អ្នកឯងយកថ្ងៃទី ២៩ ខែធ្នូ ២០១៣ គឺជាថ្ងៃផ្ដាច់ព្រ័ត្រក្នុងការផ្ដួលរលំ។
បន្ទាប់ពីអ្នកឯងប្ដេជ្ញាទៅលើរឿងនេះហើយហិង្សាបានកើតឡើងនៅផ្លូវវេងស្រេងចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤...»។
លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា លោកក៏មិនស្វាគមន៍ចំពោះការស្នើសុំចរចាដើម្បីទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា នោះដែរ។
លោកបានបញ្ជាក់ថា៖ «តិចមកចរចាជាមួយកម្ពុជាថា សុំឱ្យតុលាការលើកលែងការចោទប្រកាន់សុំឱ្យតុលាការធ្វើបែបនេះបែបនោះ ឬសុំឱ្យនាយករដ្ឋមន្ត្រីធ្វើការលើកលែងទោស ដើម្បីដោះដូរជាមួយជំនួយ អត់ទេ។ នោះគឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី ចង់ធ្វើ ឬមិនចង់ នោះគឺជារឿងរបស់ខ្ញុំ។
ព្រោះអ្នកឯងបានជ្រុលដំណើរដល់ប៉ុណ្ណឹងហើយ ខ្ញុំក៏ហ៊ានប្ដូរផ្ដាច់ដើម្បីធ្វើការងារទាក់ទងនឹងការពារឯករាជ្យ និងអធិបតេយ្យជាតិដែរ»៕