ភ្នំពេញៈ សំណុំរឿងអតីតតំណាងរាស្ត្រ ២ រូប នៃគណបក្សសង្គ្រោះជាតិ ដែលរងការវាយដំដោយក្រុមអង្គរក្សនាយករដ្ឋមន្ត្រី បានឈានជិតដល់រយៈពេល ២ ឆ្នាំ ទើបសាលាឧទ្ធរណ៍ ប្រកាសនឹងបើកសវនាការនៅថ្ងៃសុក្រនេះ ប៉ុន្តែមេធាវីថា ពួកគេនឹងមិនចូលរួមនោះទេ ដោយសារកំពុងស្ថិតនៅក្រៅប្រទេស។
អតីតតំណាងរាស្ត្រលោក គង់ សភា និង ញ៉យ ចំរើន ដែលកំពុងស្ថិតនៅក្រៅប្រទេស ត្រូវបានជនជាប់ចោទ ៣ នាក់ ដែលគេស្គាល់ថា ជា អង្គរក្សលោក ហ៊ុន សែន បានប្រើហិង្សារហូតដល់របួសជាទម្ងន់ នៅច្រកខាងត្បូងវិមានរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ ២០១៥។
ជនដៃដល់ទាំងបី ត្រូវបានចាប់ខ្លួន បញ្ជូនទៅពន្ធនាគារដោយមានឈ្មោះ ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណី ដោយរងការចោទពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ។
ពួកគេ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ២០១៦ សម្រេចផ្ដន្ទាទោសឲ្យជនទាំង ៣នាក់ ជាប់ពន្ធនាគារ ៤ ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ ១ ឆ្នាំ និងបង្គាប់ឲ្យពួកគេទាំង៣នាក់ រួមគ្នាសងជំងឺចិត្តចំនួន ៤០លានរៀលឲ្យជនរងគ្រោះ។
ក្រោយពីបាននៅក្រៅឃុំ ជនជាប់ចោទទាំង ៣ នាក់ ដែលសុទ្ធតែជាយោធា ថែមទាំងទទួលបានការដំឡើងឋានន្តរស័ក្តិទៀតផង។
យោងតាមដីកាកោះដែលចុះហត្ថលេខាដោយលោកស្រី សា កញ្ញារិទ្ធ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ដែលចុះហត្ថលេខាតាំងពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ និងមេធាវី ទទួលបានម្សិលមិញ បានកោះហៅលោក គង់ សភា និងលោកញ៉យ ចំរើន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឲ្យទៅចូលរួមសវនាការ នាសាលាឧទ្ធរណ៍នៅម៉ោង៨ ព្រឹក ថ្ងៃសុក្រ ទី២៣ ខែមីនា លើបណ្ដឹងឧទ្ធរណ៍របស់ពួកគេប្រឆាំងជនជាប់ចោទទាំង ៣ រូប ។
លោក កែត ឃី មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្ដីឲ្យជនរងគ្រោះថ្លែងថា កូនក្ដីរបស់លោកនឹងមិនបង្ហាញខ្លួនសម្រាប់សវនាការដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះទេ ដោយសារតែពួកគេកំពុងបំពេញភារកិច្ចនៅក្រៅប្រទេស ហើយមេធាវីនឹងការពារក្ដីជំនួស តែលោក ហាក់មិនពេញចិត្តចំពោះការប្រើរយៈពេលយូរក្នុងការលើកសំណុំរឿងនេះមកជំនុំជម្រះ។
ទាក់ទងនឹងសំណុំរឿងមួយនេះ ចំណាយពេលយូរ ក្នុងការទទួលការកាត់ក្តី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា ការយឺតយ៉ាវនៃសំណុំរឿងអាចដោយសារ «ភាពស្មុគស្មាញ»នៃសំណុំរឿងដែលត្រូវការពេលវេលាបន្ថែមដើម្បីសិក្សា ព្រមទាំងការកកស្ទះនៃសំណុំរឿងដោយសារតែសាលាឧទ្ធរណ៍មានតែមួយកន្លែងនៅភ្នំពេញ។
ទោះយ៉ាងណា លោកបញ្ជាក់ថា ៖«ចេតនារបស់ពួកគាត់មិនមែនជាចេតនាក្នុងការស្វែងរកយុត្តិធម៌ទេ គឺជាចេតនាក្នុងការចំណេញនយោបាយច្រើនជាង»៕