
ភ្នំពេញៈ សកម្មជនតវ៉ាបញ្ហាដីធ្លីតំបន់បឹងកក់អ្នកស្រី យ៉ោម បុប្ផា បានចាកចេញពីសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញដោយស្រែកសុំឲ្យមានយុត្តិធម៌បន្ទាប់ពីចៅក្រមបានផ្អាកសវនាការរបស់អ្នកស្រីរហូតថ្ងៃសុក្រសប្តាហ៍ក្រោយទើបបន្តនិងបានបញ្ជាឲ្យនាំអ្នកស្រីទៅពន្ធនាគារវិញ។
ស្រ្តីសកម្មជនវ័យ២៩ឆ្នាំរូបនេះដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំកាលពីខែធ្នូឆ្នាំមុនពាក់ព័ន្ធនឹងករណីចោទប្រកាន់ថា អ្នកស្រីបានបញ្ជាឲ្យមានការវាយប្រហារដោយប្រើពូថៅ និងទួរណឺវីសទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ត្រូវបាននាំឡើងរថយន្តពន្ធនាគារ PJ បន្ទាប់ពីសវនាការនៅតុលាការប្រព្រឹត្តទៅអស់រយៈពេលជាងបីម៉ោង។
លោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ បានថ្លែងថា៖ «យើងនឹងបន្តការជំនុំជម្រះនៅថ្ងៃទី១៤ មិថុនា វេលាម៉ោង២រសៀលពីព្រោះឥឡូវនេះវាម៉ោង៦ល្ងាច ហើយ យើងត្រូវបន្តស្តាប់សាក្សីទាំង៦នាក់ដែលមកពីភាគីទាំងពីរ»។ តែលោកបន្តថា៖ «យើងមិនអាចបន្តសវនាការលើសំណុំរឿងនេះទាំងយប់បានទេ»។
ផ្អែកលើការជំនុំជម្រះនៅសាលាឧទ្ធរណ៍ក្នុងសវនាការកាលពីម្សិលមិញមានការកត់សម្គាល់ចំពោះការឆ្លើយតបហាក់បីដូចជាផ្ទុយដោយ លោក ង៉ែត ចិត្រ អាយុ២៨ឆ្នាំ និងបងប្អូនជីដូនមួយរបស់គាត់គឺ លោក វ៉ាត ថៃសេង អាយុ២៤ឆ្នាំ ដែលអ្នករត់ម៉ូតូឌុបទាំងពីរនាក់នេះ បានអះអាងថា អ្នកស្រី យ៉ោម បុប្ផាបានបញ្ជាបងប្អូនប្រុសឈ្មោះ យ៉ោម កន្លង់ និង យ៉ោម សិដ្ឋ វាយពួកគេនៅក្នុងបារ៍ និងផ្ទះសំណាក់កាលពីខែសីហា។
លោក វ៉ាត ថៃសេង បានថ្លែងថា ឈ្មោះ យ៉ោម កន្លង់ បានវាយប្រហារគាត់ដោយប្រើទួរណឺវីសចាក់ត្រូវចំសៀតផ្កានិងត្រូវចំកណ្តាលក្បាល។
លោក វ៉ាត ថៃសេង បានបន្តនិយាយថា៖ «នៅពេលយ៉ោម កន្លង់ វាយខ្ញុំ យ៉ោម សិដ្ឋ បានវាយប្រហារមិត្តរបស់ខ្ញុំដោយប្រើពូថៅកាប់ហើយបានបណ្តាលឲ្យគាត់ដួលសន្លប់»។
ប៉ុន្តែលោក ច័ន្ទតារាវណ្ណដែលជាចៅក្រមម្នាក់ក្នុងចំណោមចៅក្រមបីនាក់លើសំណុំរឿងនេះបានចោទសួរចំពោះការរៀបរាប់នេះដោយថ្លែងថា ថៃសេង កាលពីដំបូងបានប្រាប់ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះថា បងប្អូនប្រុសរបស់អ្នកស្រី យ៉ោម បុប្ផាដទៃទៀតជាអ្នកវាយគាត់។
លោកចៅក្រមបានបន្តថា៖ «អ្នកនិយាយក្នុងអំឡុងការស៊ើបអង្កេតពីដំបូងថា យ៉ោម សិដ្ឋ បានវាយប្រហារអ្នក»។
លោក ថៃសេងមិនបានផ្តល់ការឆ្លើយតប ចំពោះការលើកឡើងនេះទេ។លោកចិត្រ បាននិយាយថា ឈ្មោះ សិដ្ឋ បានវាយគាត់ពីរដងចំក្បាលដោយប្រើពូថៅ។ តែចៅក្រម ច័ន្ទតារាវណ្ណ បានរំឭកថា កាលពីពេលមុនគាត់និយាយថាឈ្មោះ កន្លង់ ជាអ្នកវាយប្រហារគាត់។
នៅក្នុងការការពារអ្នករត់ម៉ូតូឌុបទាំងពីរនាក់អយ្យការលោក តាន់ សេណារ៉ុង បានថ្លែងថា ការរៀបរាប់របស់ពួកគេគឺដូចនឹងការរៀបរាប់នៅក្នុងអំឡុងការជំនុំជម្រះរបស់អ្នកស្រី យ៉ោម បុប្ផា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីចុងខែធ្នូដែរ។
លោកបន្តថា៖ «ដូច្នេះតុលាការគួរផ្តោតទៅករណីរបួសរបស់ពួកគេវិញ»។
នៅក្នុងសក្ខីកម្មខុសគ្នារវាងលោក ថៃសេង លោក ចិត្រ បានបដិសេធចំពោះការដួលសន្លប់នោះហើយដែលបាននិយាយថា គាត់បានឃើញយ៉ាងច្បាស់ចំពោះព្រឹត្តិការណ៍ដែលកើតឡើងបន្តបន្ទាប់។
លោកចៅក្រម ច័ន្ទតារាវណ្ណ បានសួរថា៖ «តើអ្នកស្គាល់[បងប្អូនប្រុសរបស់ យ៉ោម បុប្ផា]មុនការវាយប្រហារនោះទេ?»
លោក ចិត្របានឆ្លើយថា គាត់មិនស្គាល់ទេ ហើយនៅពេលជំរុញឲ្យពន្យល់អំពីថាតើគាត់ស្គាល់បងប្អូនរបស់ យ៉ោម បុប្ផា បែបណាគាត់ថ្លែងថា គាត់«ឮគេនិយាយថាបងប្អូនប្រុសទាំងពីរនាក់នេះវាយពួកគាត់»។
លោកចៅក្រម ច័ន្ទតារាវណ្ណ សាកសួរបន្តថា៖ «តើអ្នកបានឮពីនរណាម្នាក់ឬតើអ្នកស្គាល់ប្រាកដថា ពិតជាបងប្អូនប្រុសទាំងពីរនាក់របស់យ៉ោម បុប្ផា?»។
លោក ង៉ែត ចិត្រ ឆ្លើយតបទៅចៅក្រមវិញថា៖ «ខ្ញុំបានឮតពីគេដែរទេ»។
ឯសំណួរពាក់ព័ន្ធថាតើបុរសទាំងពីរនាក់នោះបានផឹកស្រាកម្រិតណានៅយប់នោះក៏ត្រូវបានលើកឡើងផងដែរ៕ PS