
យុវជនពេលរៀនតន្ត្រីបុរាណកាលពីឆ្នាំមុន។ រូបថត Friend Music page
ភ្នំពេញៈ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញគ្រោងដំណើរការកម្មវិធី «មរតកតន្ត្រីយុវជនខ្មែរ» ដែលជាការផ្តល់ឱកាសដល់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃពីទេពកោសល្យ និងស្វែងយល់ពីការប្រើប្រាស់ឧបករណ៍តន្ត្រីបុរាណខ្មែរ ដើម្បីចូលរួមកសាងធនធានបន្តវេននៅក្នុងវិស័យនេះ។
តាមសេចក្តីជូនដំណឹងរបស់ (សសយក) ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីថ្ងៃ ៩ ធ្នូ ឱ្យដឹងថាលក្ខខណ្ឌនៃការជ្រើសរើសឱ្យចូលរៀនវគ្គបណ្តុះបណ្តាលនេះគឺយុវជនត្រូវមានអាយុចាប់ពី ១៣ ដល់ ៣៥ ឆ្នាំ មានកាយសម្បទាល្អ មានការប្តេជ្ញាចិត្តខ្ពស់ និងគោរពពេលវេលាក្នុងការរៀនសូត្រ។ រីឯការទទួលពាក្យសុំចូលរៀនត្រូវចាប់ផ្ដើមពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១។
លោក ស៊ុម មនោរម្យ ប្រធានលេខាធិការដ្ឋាន (សសយក) រាជធានីភ្នំពេញបានឱ្យដឹងថាកាលបរិច្ឆេទនៃការបណ្តុះបណ្តាលនេះ គឺអាស្រ័យទៅលើចំនួនអ្នកចុះឈ្មោះ ក្រោយពេលពិនិត្យពាក្យសុំចូលរៀនរួចបូកសរុបបែងចែកសិន ទើបអាចរៀបចំកាលវិភាគសម្រាប់ចូលរៀនបាន។
លោក មនោរម្យ ថ្លែងថា៖ «មែនទែនទៅយើងអត់ដឹងចំនួនប៉ុន្មានជាក់ស្តែង ដែលយុវជននឹងត្រូវចូលរៀនទេពេលនេះ តែយើងមានទម្រង់ឱ្យគាត់បំពេញពាក្យសុំចូលរៀន អ៊ីចឹងបើគាត់បំពេញលើទម្រង់ហ្នឹង ទើបយើងអាចដឹងព័ត៌មានថា អ្នកណាខ្លះរៀនពីចន្ទដល់សុក្រ ហើយអ្នកណាខ្លះរៀនសៅរ៍ អាទិត្យ»។
បើតាមលោក មនោរម្យ ការបង្រៀននេះដើម្បីកុំឱ្យយុវជនភ្លេចឧបករណ៍តន្ត្រីខ្មែរ និងចង់ឱ្យចេះរបៀបប្រើ ហើយអាចលេងកម្សាន្តលក្ខណៈគ្រួសារ ប៉ុន្តែប្រសិនបើពួកគាត់ចង់ចាប់យកធ្វើជាអាជីពក៏ (សសយក) បន្តជួយបង្រៀនដែរ។
លោក ភារម្យ បញ្ជាក់ថា៖ «ប្រសិនបើមានអ្នកចង់វិវឌ្ឍខ្លួនក្លាយជាអ្នកភ្លេងបុរាណខ្មែរអាជីពនោះ យើងនឹងបន្តធ្វើកិច្ចការហ្នឹងថែមទៀត ប៉ុន្តែជំហានដំបូងត្រូវវាស់ស្ទង់លើកម្រិតនៃការចាប់អារម្មណ៍សិន»។
លោក មនោរម្យ ឱ្យដឹងដែរថា (សសយក មានទីតាំងបង្រៀនផ្ទាល់នៅអគារខេមរានី វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកគ្រូបង្រៀនគឺសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រសួងវប្បធម៌។
លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌ ទទួលខុសត្រូវលើបេតិកភណ្ឌអរូបី បានឱ្យដឹងថា ការរៀនពីរបៀបប្រើឧបករណ៍តន្ត្រីបុរាណខ្មែរគឺជាការចូលរួមអភិរក្សបេតិកភណ្ឌអរូបីយ៉ាងពិតប្រាកដ។ បេតិកភណ្ឌវប្បធម៌អរូបី គឺសំដៅលើទាំងអស់គ្នា។
លោក សុភារិទ្ធ បានបញ្ជាក់ថា៖ «បេតិកភណ្ឌអរូបីគឺទាំងអស់គ្នាហ្នឹងមិនមែនតែក្រសួងទេ ក្រសួងគ្រាន់តែមានផ្នែកណាមួយជួយលើកស្ទួយ ជួយតម្រង់ ជួយបំពេញការខ្វះខាតអ្វីមួយអ៊ីចឹងទៅ ដើម្បីលើកតម្កើង»។
លោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានគាំទ្រកម្មវិធីបង្រៀននេះ។
លោកថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក៏មានការបណ្តុះបណ្តាលដែរ ប៉ុន្តែចំនួនមានកំណត់។ ទោះបីសម័យថ្មីយុវជនមានទំនោរលើសិល្បៈសម័យក្ដី ប៉ុន្តែក៏នៅតែមានយុវជនចាប់អារម្មណ៍លើការសិក្សាភ្លេងបុរាណខ្មែរដែរ។
លោក សុផាឌី ថ្លែងថា៖ «ខ្ញុំនៅតែយល់ឃើញថា យុវជនគាត់នៅតែឱ្យតម្លៃដល់សិល្បៈវប្បធម៌ខ្មែរ គ្រាន់តែមានមួយផ្នែកណានោះគាត់ទៅតាមសម័យអ៊ីចឹងទៅ... »។
លោក សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ឧបករណ៍ភ្លេងបុរាណខ្មែរទាំងអស់មានប្រមាណជាង ១០០ ឧបករណ៍ ប៉ុន្តែការយកមកបង្រៀនយុវជនខ្មែរក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជ្រើសរើសយកតែឧបករណ៍ដែលមានប្រជាប្រិយភាពជាងគេប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «យើងបង្រៀនប្រហែលជា ១០ ជាងសិនទេក្នុងនោះមានដូចជា ទ្រឆេ ទ្រសោ ទ្រអ៊ូ រនាតឯក រនាតធុង រនាតដែក គងតូច គងធំ ស្រឡៃ ស្គរថូន ស្គររមនា ឃឹម តាខេ អ៊ីចឹងទៅ...»៕