ភ្នំពេញៈ ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស.ស.ស.ក) កាល​ថ្ងៃទី​ ២៩ ខែ​តុលា​ បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​ «​គណៈកម្មាធិការ​កម្ពុជា វាយតម្លៃ​សេរីភាព​សារព័ត៌មាន​» ដែល​​ហៅ​កាត់​ថា «​ស៊ីម៉ា​» ដើម្បី​ជា​យន្ដការ​ថ្មី​មួយ​ក្នុងការ​ដើរតួនាទី​សរសេរ​របាយការណ៍​វាយតម្លៃ​អំពី​ស្ថានភាព​ និង​លំហ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ស.ស.ស.ក បាន​បញ្ជាក់ថា​៖ «​គណៈកម្មាធិការ​កម្ពុជា​វាយតម្លៃ​សេរីភាព​សារព័ត៌មាន​» ហៅ​កាត់​ថា «​ស៊ីម៉ា​» ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា The Cambodian Committee for Media Assessment (CCMA) កើតឡើង​ដោយ​ផ្តើមចេញ​ពី​លទ្ធផល​សមាជ​លើក​ទី​ ២ របស់ ស.ស.ស.ក កាលពី​ថ្ងៃទី​ ១២ ខែ​តុលា ឆ្នាំ​ ២០១៩​។ ការបង្កើត​គណៈកម្មាធិការ​នេះ​ដើម្បី​ជា​យន្តការ​ថ្មី​មួយ​ដើរតួនាទី​សរសេរ​របាយការណ៍​វាយតម្លៃ​អំពី​ស្ថានភាព និង​លំហ​សេរីភាព​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​នេះ​គឺជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា ដែល​រៀបចំ​យន្តការ​វាយតម្លៃ​ខ្លួនឯង ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង ហ៊ាន​ទទួល​ស្គាល់​ការពិត​ដើម្បី​កែលម្អ​ក៏ដូចជា​ស្នើសុំ​ផ្នែក​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​កែលម្អ​ទាំងអស់​គ្នា ដើម្បី​ធ្វើឲ្យ​គុណភាព​សារព័ត៌មាន​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ធ្វើឲ្យ​លំហ​សេរីភាព​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ទូលំទូលាយ ធ្វើឲ្យ​សារព័ត៌មាន​មាន​តួនាទី​កាន់តែ​សំខាន់​នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ និង​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​មួយ​មាន​វិបុលភាព​សុខដុមរមនា និង​ចីរភាព​»​។

ស.ស.ស.ក បាន​ចាត់ទុក​ថា​ក្នុង​នាម​ជា​អ្នកសារព័ត៌មាន និង​ជា​ពលរដ្ឋ​របស់​ប្រជាជាតិ​មួយ​មិន​គួរ​នៅ​ស្ងៀម​បន្ត​ស្តាប់ និង​អាន​តែ​របាយការណ៍​របស់​ភ្នាក់ងារ​បរទេស​ដែល​វាយតម្លៃ​ពី​ខាងក្រៅ​អំពី​គុណតម្លៃ​សារព័ត៌មាន​នៅ​កម្ពុជា​នោះឡើយ​។

ស.ស.ស.ក បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវតែ​ឈរលើ​ការពិត ឆ្លុះបញ្ចាំង​ចេញពី​ខ្លួន​យើង​ជាមុន ដើម្បី​យក​ជា​មូលដ្ឋាន​ប្រៀបធៀប​ជាមួយនឹង​របាយការណ៍​បរទេស​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​សុចរិតភាព​នៃ​របាយការណ៍​នីមួយៗ ហើយ​យកមក​កែលម្អ​។ យើង​ទទួលស្គាល់​ថា តួនាទី​សារព័ត៌មាន​ដែល​មាន​គុណភាព សេរី និង​ប្រកប​ដោយ​វិជ្ជាជីវៈ គឺ​មាន​គុណតម្លៃ​រួមចំណែក​ជួយ​ដល់​សង្គម​មួយ​មាន​អភិបាលកិច្ច​ល្អ និង​ធ្វើឲ្យ​លំហ​ប្រជាធិបតេយ្យ​កាន់តែ​ទូលំទូលាយ​»​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កាលពី​ពេល​ចូលរួម​ជា​អធិបតី​បិទ​សមាជ​លើក​ទី​ ២ របស់ ស.ស.ស.ក បាន​ថ្លែង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​បង្កើត គណៈកម្មាធិការ​នេះ​ឡើង​។

លោក​បាន​ថ្លែងថា​៖ «​បរទេស​ដែល​សរសេរ​របាយការណ៍​អំពី​សេរីភាព​សារព័ត៌មាន​គឺ​មួយ​ចំនួន​មិនមែន​ជា​អ្នកកាសែត​ ឬ​អ្នកសារព័ត៌មាន​ផង​ទេ​។ ចង់​ឲ្យ​តួនាទី​សារព័ត៌មាន​ចូលរួម​ចំណែក​លើក​កិត្តិយស​ជាតិ គឺ​ត្រូវ​ចាប់ផ្ដើម​ពី​ការលើក​កិត្ដិយស​អ្នក​សារព័ត៌មាន​ជាមុនសិន​»​។

លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បាន​បញ្ជាក់​បន្ថែមថា គណៈកម្មាធិការ​នេះ​នឹង​រួមគ្នា​ជាមួយ​សហភាព​សហព័ន្ធ​សារព័ត៌មាន​, ក្លិប​សារព័ត៌មាន​,​សម្ព័ន្ធ​សារព័ត៌មាន​, សហជីព​សារព័ត៌មាន​, សមាគម​សារព័ត៌មាន​, ប្រធាន​អង្គភាព​សារព័ត៌មាន និពន្ធ​នាយក គ្រូបង្រៀន​សារព័ត៌មាន ព្រឹទ្ធាចារ្យ​សារព័ត៌មាន និង​នីតិបុគ្គល​ជា​អ្នក​សារព័ត៌មាន​ជាដើម ដើម្បី​ពិនិត្យ​លើ​ភាព​ពិត​ជាក់ស្ដែង​អំពី​ទិដ្ឋភាព​នៃ​សារព័ត៌មាន​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​មាន​ផែនការ​ ១៣ ​ចំណុច ដើម្បី​វាយតម្លៃ​លើ​ទិដ្ឋភាព គុណភាព ការរំលោភបំពាន ឬ​ក៏​សិទ្ធិ​នៃ​ការបំពេញ​តួនាទី​របស់​សារព័ត៌មាន ដើម្បី​អាច​ឲ្យ​យើង​រួមគ្នា​កែលម្អ​សម្រាប់​ទុកជា​ម៉ែត្រ​វាស់​សេរីភាព​សារព័ត៌មាន​របស់​យើង​»​។

លោក ណុប វី នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មិនទាន់​អាច​អះអាង​បាន​ថា អាច​នឹងចូលរួម​ជាមួយ​គណៈកម្មាធិការ​នេះ​ឬ​អត់​នោះទេ តែ​នឹង​រង់ចាំ​ការពិនិត្យ​ជាមុន​សិន​លើ​គុណ​តម្លៃ​នៃ​គណៈកម្មាធិការ​នេះ​។

លោក​ថ្លែងថា​៖ «​អ្វី​ក៏ដោយ​ដែល​មាន​ប្រយោជន៍​ដល់​អ្នកសារព័ត៌មាន​ខ្មែរ​មាន​សារៈប្រយោជន៍​ដល់​ការលើកកម្ពស់​សេរីភាព​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​ការជួយ​ការពារ​វិជ្ជាជីវៈ​សារព័ត៌មាន​ដោយ​សេរី នោះ​គឺជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​កំពុង​ធ្វើ​។ ដូច្នេះ​ឲ្យ​តែ​មាន​តម្លៃ​ដូច​ការលើកឡើង​នេះ យើង​នឹងចូលរួម ។ ប៉ុន្ដែ​ត្រង់​ថា​តើ​គណៈកម្មាធិការ​នេះ​មាន​គុណ​តម្លៃ​បែបនេះ​ ឬ​ក៏​អត់​យើង​នឹង​រង់ចាំ​ពិនិត្យមើល​ជា​បន្តទៀត​»៕