ភ្នំពេញ: សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (​ស.ស.ស.ក) បានទទួល​បណ្តឹង និង​ជួយ​អន្តរាគមន៍​ដោះស្រាយ​បណ្តឹង​លើ​អ្នកកាសែត​កម្ពុជា​ចំនួន​ ៣៣ ករណី​ក្នុង​ឆ្នាំ​ ២០២០ ដោយ​កត់សម្គាល់ថា បណ្តឹង​ទាំងនោះ​មិនសូវ​ផ្អែកទៅលើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នោះទេ ប៉ុន្ដែ​ថា​កម្ពុជា​គ្មាន​ចំណុច​ព្រួយបារម្ភ​ពី​សេរីភាព​សារព័ត៌មាន​ឡើយ​។

របាយការណ៍ ស.ស.ស.ក ចុះ​ថ្ងៃទី​ ១១ ខែ​មករា ឱ្យដឹងថា​ពេញ​ ១ ​ឆ្នាំ​កន្លងទៅ ស.ស.ស.ក បានទទួល​បណ្តឹង និង​បាន​ជួយ​អន្តរាគមន៍​ដោះស្រាយ​បណ្តឹង​បាន​ចំនួន ៣៣ ​ករណី​ (៣៣ ​នាក់​) ​ដែលមាន​ចំនួន ២៧ អង្គភាព​ក្នុងនោះ​នៅលើ​ដែន​សមត្ថកិច្ច​ចំនួន​ ៥ ​ករណី​។ របាយការណ៍​នេះ ឆ្លុះបញ្ចាំង​តែ​ករណី​ដែល ស.ស.ស.ក បានទទួល​ពាក្យ​ស្នើសុំ​ពឹងពាក់​ជា​ផ្លូវការ​ពី​អ្នក​សារព័ត៌មាន​ឱ្យជួយ​អន្តរាគមន៍​លើ​រឿងក្តី​របស់​ពួកគេ​នៅ​តុលាការ​ប៉ុណ្ណោះ ប៉ុន្ដែ​មិន​រាប់បញ្ចូល​ករណី​ដទៃ ក្រៅពី​កិច្ច​អន្តរាគមន៍​របស់ ស.ស.ស.ក ទេ​។

ស.ស.ស.ក បាន​កត់សម្គាល់​ឃើញថា នៅក្នុង​បណ្តឹង​ទាំង​ ៣៣ ​ករណី​ គឺ​ភាគច្រើន​ផ្តើមចេញពី​មូលហេតុ​នៃ​ការផ្សព្វផ្សាយ​ពី​បញ្ហា​ទំនាស់​ដីធ្លី និង​ការបង្ហាញ​ទីតាំង​បទល្មើស ប៉ុន្ដែ​មិនមាន​ការប្តឹង​លើ​ការផ្សព្វផ្សាយ​ពី​ទស្សនៈមតិ ឬ​ការបរិយាយ​បញ្ហា​នយោបាយ​ទេ​។

របាយការណ៍​បញ្ជាក់ថា​៖ «​កម្មវត្ថុ​នៃ​ពាក្យ​ប្តឹង​ទាំងអស់ គឺ​សំដៅ​កសាង​បទចោទ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​សូម្បីតែ​ក្នុង​បណ្តឹង​រវាង​អ្នកសារព័ត៌មាន និង​អ្នកសារព័ត៌មាន​ក៏​កសាង​បទចោទ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ​ដែរ​។ ដូច្នេះ​ហាក់ដូចជា​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​នៅ​កម្រិត​ទាបបំផុត​លើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​»​។

លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក ថ្លែង​ពី​ម្សិលមិញ​ថា ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ត្រូវ​បាន​គេ​មើលរំលង ដោយ​មិនបាន​លើក​យក​មក​អនុវត្ត​ក្នុង​វិស័យ​សារព័ត៌មាន​ទេ​។ ប្រសិន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​បាន​រាយការណ៍​ព័ត៌មាន ឬ​ផ្ដល់ដំណឹង​អ្វីមួយ​មិនទាន់​បាន​គ្រប់​ជ្រុងជ្រោយ គួរតែ​មាន​ការជូនដំណឹង ឬ​សរសេរ​លិខិត​ជូនដំណឹង​ទៅ​អង្គភាព​នោះ​ដើម្បី​ធ្វើការ​កែតម្រូវ​ ឬ​បន្ថែម​អត្ថន័យ​ឱ្យបាន​គ្រប់លក្ខណៈ​ជា​សាច់រឿង​។

លោក​បាន​លើក​ទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ឱ្យ​បន្ត​បំពេញ​តួនាទី ដោយ​ឈរលើ​គោលការណ៍​វិជ្ជាជីវៈ​ជា​ចម្បង ហើយ​រួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ សង្គ្រាមចិត្តសាស្ត្រ​នៃ​ភូមិសាស្ត្រ​នយោបាយ និង​ចូលរួមចំណែក​ផ្សព្វផ្សាយ​សក្តានុពល កិត្យានុភាព និង​ឧត្តមភាព​ជាតិ​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ប្រទេស​យើង គឺ​បើកចំហ​លំហូរ​សេរីភាព​សារព័ត៌មាន​ច្រើនណាស់ ប៉ុន្ដែ​បុគ្គល​មួយចំនួន​មានការ​យល់ដឹង​ពី​សិទ្ធិសេរីភាព​របស់ខ្លួន​មាន​កម្រិត​។ អ៊ីចឹង បើ​យើង​ដឹង ឬ​ស្គាល់​ពី​សិទ្ធិ​របស់​យើង​ច្បាស់ គឺ​គ្មាន​នរណា​ហាមឃាត់​យើង ឬ​បិទ​សិទ្ធិសេរីភាព​យើង​ទេ ពោលគឺ​ឱ្យតែ​យើង​ដឹងថា ធ្វើទៅ​វា​ត្រូវ​នឹង​ច្បាប់ និង​មិន​ប៉ះពាល់​សិទ្ធិ​របស់​អ្នកដទៃ​»​។

លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បានឃើញ​របាយការណ៍​នេះ​នៅឡើយ ប៉ុន្ដែ​ក្នុងនាម​ជា​តួអង្គ​រាជរដ្ឋាភិបាល មិនមែន​សម្លឹងមើល​តែ​បញ្ហា​មួយ​ជ្រុង​នោះទេ គឺ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ថា តើ​វិសាលភាព ឬ​អង្គហេតុ​នៃ​បញ្ហា​នីមួយៗ​ស្ថិតនៅ​ចំណុច​ណា​ឱ្យ​ពិតប្រាកដ ដើម្បី​ងាយស្រួល​ដោះស្រាយ​។

លោក​បញ្ជាក់ថា ពេលខ្លះ គឺ​អ្នក​សារព័ត៌មាន​មួយចំនួន គាត់​មាន​បំណង​ធ្វើឱ្យ​ប្រាសចាក​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ​ពិតប្រាកដ អ៊ីចឹង​បុគ្គល​ដែល​ត្រូវបាន​គេ​ផ្សាយ​ខ្លះ គាត់​មិន​ចង់​ប្រើប្រាស់​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ទេ គឺ​គាត់​ចង់​ឈ្នះ​តែម្ដង​។

លោក​បញ្ជាក់ថា​៖ «​បើ​ទោះបី​ជា​សេរីភាព​សារព័ត៌មាន​យើង​បើកចំហ​ច្រើន​មែន​ប៉ុន្ដែ​អ្នក​សារព័ត៌មាន​មួយចំនួន​គួរតែ​ទៅ​រៀនសូត្រ​ពី​វិជ្ជាជីវៈ ក្រមសីលធម៌​ឱ្យបាន​ច្រើនជាង​នេះ​ដើម្បី​ចៀសវាង​កំហុសឆ្គង​ក្នុងពេល​រាយការណ៍​ព័ត៌មាន​»​។

លោក​ ស៊ុន ណារិន អ្នកយក​ព័ត៌មាន​វិទ្យុ​វីអូអេ​ (VOA) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចំពោះ​អ្នក​សារព័ត៌មាន​មាន​វិជ្ជាជីវៈ​មិន​គួរ​ត្រូវបាន​ប្ដឹងទៅ​តុលាការ​ទេ​ដោយ​គ្រាន់តែ​អនុវត្ត​តាមច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ដើម្បី​ធ្វើការ​កែតម្រូវ​ចំណុច​ដែល​មិនទាន់​ច្បាស់លាស់ ឬ​មិន​ត្រឹមត្រូវ​ណាមួយ​។ ស្ថាប័ន​តុលាការ​ក៏​មិនគួរ​ចោទប្រកាន់​ពួកគាត់​ចូលក្នុង​ច្បាប់ព្រហ្មទណ្ឌ ឬ​បទឧក្រិដ្ឋ​នានា​ដែរ​។

លោក​បញ្ជាក់ថា​៖ «​អ្នក​ដែល​ប្ដឹង​អ្នកសារព័ត៌មាន គឺ​គាត់​តែងតែ​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ផ្ទាល់​តែម្ដង​អ៊ីចឹង​បង្ហាញ​យ៉ាងច្បាស់​ថា ភាគី​ទាំង​អស់ហ្នឹង មិនទាន់​បាន​យល់ដឹង​ពី​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ទេ​។ ខ្ញុំ​គិតថា យើង​មិនគួរ​ប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ​ប្រឆាំងនឹង​អ្នក​សារព័ត៌មាន​បែបនេះ​ទេ​»៕