ភ្នំពេញៈ សហព័ន្ធ​សហភាព​អ្នកសារព័ត៌មាន​កម្ពុជា​ (​ស.ស.ស.ក​) ដោយមាន​ការចូលរួម​សហការ​ពី​ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ ក្រសួង​កិច្ចការ​នារី និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​មួយ ដើម្បី​ជំរុញ​ឱ្យ​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ ដើម្បី​ចូលរួម​លើកកម្ពស់​តម្លៃ​របស់​សង្គម​ ប៉ុន្តែ​យុទ្ធនាការ​នេះ​នឹង​មិន​ប្រឆាំង​ទៅ​នឹង​សិទ្ធិសេរីភាព​បញ្ចេញមតិ​ឡើយ​។

លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ថ្ងៃ​អង្គារ​ថា យុទ្ធនាការ​ព័ត៌មាន​ស្អាត គឺជា​យុទ្ធនាការ​មួយ ដើម្បី​ដាស់​ស្មារតី​ឱ្យ​មាន​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន និង​សម្ដែង​មតិ​ដោយ​ឈរលើ​គោលការណ៍​ការពិត និង​ត្រឹមត្រូវ​ដែល​ស្មារតី​នេះ​គឺ​មាន​ប្រយោជន៍​ក្នុង​ការកសាង​តម្លៃ​នៅក្នុង​សង្គម​។

លោក​បន្តថា យុទ្ធនាការ​នេះ​គឺ​ធ្វើយ៉ាងណា ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ការផ្សាយ​ព័ត៌មាន និង​បញ្ចេញមតិ​ដែល​មាន​លក្ខណៈ​ធ្វើឱ្យ​សង្គម​មើល​ទៅ​ហាក់បី​ដូចជា​គ្មាន​​សង្ឃឹម​។ លោក​ថា​៖ «​យុទ្ធនាការ​ហ្នឹង​មិន​ខ្ទាស់​ជាមួយ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​បញ្ចេញមតិ​ទេ ប៉ុន្តែ​យើង​ចៀសវាង​ការបញ្ចេញ​ពាក្យសម្ដី​ណាមួយ​ដែល​មាន​លក្ខណៈ​មួលបង្កាច់​ការពិត​របស់​សង្គម​ធ្វើឱ្យ​សង្គម​ហ្នឹង​មើលទៅ​ហាក់ដូចជា​គ្មាន​សង្ឃឹម​»​។

លោក​បន្ថែមថា​ការធ្វើ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​ស៊ី​វិល័យ​តាមបែប​កេរដំណែល​ខ្មែរ និង​មាន​អរិយធម៌​ថ្លៃថ្នូរ​ដែល​ទាំងនេះ គឺ​ចាំបាច់​ត្រូវ​ចាប់ផ្ដើម​ពី​ប្រជាពលរដ្ឋ​ថ្លៃថ្នូរ​ដែរ​។

លោក​បានលើកឡើង​ទៀតថា យុទ្ធនាការ​នេះ​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ប្រយ័ត្ន​ក្នុង​ការទទួល​បាន​ព័ត៌មាន ពិសេស​ការផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ពលរដ្ឋ អ្នកព័ត៌មាន​តាម​បណ្ដាញ​សង្គម និង​ការផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​ខុសពី​ការពិត​ដែល​ធ្វើឡើង​ពី​សំណាក់​អ្នក​ផ្សាយ​មនោគមន៍វិជ្ជា​ព័ត៌មាន​ពី​ក្រៅ​ប្រទេស ប៉ុន្តែ​លោក​មិន​ព្រួយបារម្ភ​ចំពោះ​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ដែល​មាន​ស្ថាប័ន​ត្រឹមត្រូវ​ឡើយ​។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់ ស.ស.ស.ក បាន​ឱ្យដឹង​ដែរ​ថា យុទ្ធនាការ​ «​សារព័ត៌មាន​ស្អាត​» គឺ​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​ ៣ ខែ​ មីនា ឆ្នាំ​ ២០២០ នៅ​អគារ​សេរីភាព​ដែល​ជា​ទីស្នាក់ការ​កណ្ដាល​របស់ ស.ស.ស.ក នឹង​បើក​ឱ្យមា​ន​ការចូលរួម​ពី​សំណាក់​អ្នកសារព័ត៌មាន និស្សិត អ្នក​និយម​បណ្ដាញ​សង្គម សិល្បករ និង​សាធារណជន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា យុទ្ធនាការ​នេះ​គឺ​មាន​គោលបំណង​ ៣ ​យ៉ាង​គឺ​លុបបំបាត់​ការផ្សព្វផ្សាយ​រូបភាព​ហិង្សា ភាសា​អសុរោះ ព័ត៌មាន​ក្លែងក្លាយ ការចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ដើម្បី​កសាង​សង្គម​ស្អាតស្អំ សម្រាប់​អនាគត​ដ៏ប្រសើរ​របស់​កម្ពុជា និង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការចូលរួម​ពង្រឹង​ការផ្សព្វផ្សាយ​ខ្លឹមសារ​ជា​វិជ្ជមាន ដើម្បី​រួមចំណែក​ពង្រឹង​សីលធម៌​សង្គម សុចរិតភាព និង​អភិបាលកិច្ច​ល្អ​រួមទាំង​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ជាតិ និង​អារ្យធម៌​ដ៏ខ្ពង់ខ្ពស់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ឆាក​អន្តរជាតិ​។

លោក​ ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា​កន្លងមក​ពិតជា​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​នាំ​ឱ្យមាន​ផល​អវិជ្ជមាន​ដល់​សង្គម​មែន​ដែល​ការផ្សាយ​នោះ​ធ្វើ​ឡើង​ដោយ​អ្នកព័ត៌មាន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូចជា​អ្នក​ដែល​តាំងខ្លួន​ជា​អ្នក​សារព័ត៌មាន​ផង និង​តាំងខ្លួន​ជា​ចាងហ្វាង​ស្ថាប័ន​សារព័ត៌មាន​ផង ហើយ​អ្នក​ខ្លះទៀត​ថែម​ទាំង​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​នោះទេ​។

លោក​បញ្ជាក់​ថា​៖ «​ព័ត៌មាន​ទាំងអស់​ហ្នឹង​ផ្សាយ​ទៅ វា​មាន​ផល​អវិជ្ជមាន គួរសម​ដែរ ហើយ​ប្រសិន​បើ​ប្រជាជន​យើង​ចេះដឹង​ទាំងអស់​គ្នា​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន វា​អត់​មាន​បញ្ហា​ចោទ​ទេ​ប៉ុន្តែ​ប្រជាជន​ខ្លះ​នៅ​តែ​គេ​បោក​បន្លំ​បាន​តាមរយៈ​ការផ្សព្វផ្សាយ​ហ្នឹង​»​។

លោក​ ផុស សុវណ្ណ ​បន្ត​ថា​កន្លង​មក​ដែល​ក្រសួង​ពិបាក​បង្ក្រាប​លើ​អ្នកសារព័ត៌មាន​ប្រភេទ​ទាំងនេះ​គឺ​ដោយសារ​នៅមាន​ការថ្លឹងថ្លែង និង​ញែក​មិន​ទាន់​ដាច់ស្រេច​រវាង​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​សិទ្ធិសេរីភាព​នៃ​ការសម្ដែង​មតិ ខណៈ​វា​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​តែមួយ​នៅឡើយ​។

លោក​បន្តថា​ បច្ចុប្បន្ន​ក្រសួង​កំពុង​ខិតខំ​រៀបចំ​លិខិតបទដ្ឋាន​មួយចំនួន ដើម្បី​ធ្វើយ៉ាងណា​ញែក​រវាង​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​សិទ្ធិសេរីភាព​នៃ​ការសម្ដែង​មតិ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងនោះ​បាន​ដឹង​ចៀសវាង​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ទៅ​ជា​ការប្រព្រឹត្ត​បទ​បរិហារកេរ្ដិ៍​ដែល​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​។

លោក​ ហ៊ុយ វណ្ណៈ បាន​អះអាង​ថា យុទ្ធនាការ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​នេះ​គឺ​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ស្ដ្រី​ក្នុង​វិស័យ​សារព័ត៌មាន​របស់​សហព័ន្ធ​សហភាព​អ្នក​សារព័ត៌មាន​កម្ពុជា​ដោយ​នឹងមាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ដូចជា​ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ ក្រសួង​កិច្ចការនារី អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រុមនិស្សិត​ជាដើម​។

លោក​ជឿជាក់​ថា យុទ្ធនាការ​នេះ​នឹង​អាច​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ហើយ​នឹង​ទទួល​បាន​ការគាំទ្រ​កាន់តែ​ធំ​ឡើង​ជា​លំដាប់ ដែល​អាច​ក្លាយ​ទៅ​ជា​យុទ្ធនាការ​ថ្នាក់ជាតិ​មួយ​ដូច​ទៅនឹង​យុទ្ធនាការ​ថ្នាក់ជាតិ​សិទ្ធិនារី ៨ ​មីនា និង​យុទ្ធនាការ​សិទ្ធិមនុស្ស​ ១០ ​ធ្នូ​ជាដើម​៕