មណ្ឌលគិរីៈ សហគមន៍​ការពារ​ព្រៃឈើ​ចំនួន​ ២០ ​ភូមិ​ក្នុង​ខេត្ត​មណ្ឌលគិរី​នឹង​ទទួល​បាន​ថវិកា​ពី​ការលក់​ឥណទាន​កាបូន​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា ដើម្បី​យក​ទៅ​អភិវឌ្ឍ សហគមន៍​ព្រោះ​បាន​ចូលរួម​អភិរក្ស​ព្រៃឈើ​សកម្ម​។

ក្រសួង​បរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការសម្រេច​ប្រគល់​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​របស់​គម្រោង​រេដបូក​ជូន​សហគមន៍​ចំនួន​ ២០ ​ភូមិ​ដែល​កំពុងតែ​ចូលរួម​ការពារ​ព្រៃឈើ​។

សហគមន៍​នីមួយៗ​នឹង​ទទួល​បាន​ថវិកា​យ៉ាង​ហោចណាស់ ១ ​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​តាម​ផែនការ​អាទិភាព​អភិវឌ្ឍ​សហគមន៍ ដែល​ពួកគេ​បាន​ដាក់​ទៅ​ក្រសួង​បរិស្ថាន និង​អង្គការ​ WCS​។ ថវិកា​ទាំង​នោះ​នឹង​ត្រូវ​ចំណាយ​សម្រាប់​ការងារ​អភិវឌ្ឍន៍​សហគមន៍​ជា​អាទិភាព​របស់​ពួកគាត់​ដូចជា ការទទួល​បាន​ទឹកស្អាត និង​ការសាងសង់​ស្នាក់ការ សហគមន៍​សម្រាប់​ប្រជុំ​ជាដើម​។

ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​បរិស្ថាន​ ក្រោម​កិច្ចសហការ​ជាមួយ​ WCS ​បាន​ចុះ​កិច្ចសន្យា​លក់​ឥណទាន​កាបូន​ដំបូង​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិតភាព​យន្ត​ដ៏ល្បីល្បាញ​អាមេរិក​ ឈ្មោះ Disney ក្នុង​ទំហំ​ទឹកប្រាក់ ២៦០ ម៉ឺន​ដុល្លារ​កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៦ ។

គម្រោង​រេដបូក (REDD+) ឬ​ គម្រោង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បណ្តាល​មកពី​ការបាត់បង់​ព្រៃឈើ និង​ការរេចរឹល​នៃ​ព្រៃឈើ​ដែល​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ត្រូវ​បាន​បង្កើតឡើង ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ជាង​ ១៤ ​លាន​តោន​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១០ ​ទៅ​។ លោក កែន សេរីរដ្ឋា ប្រធាន​អង្គការ​ WCS ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា ប្រជាសហគមន៍​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ឲ្យ​នៅ​គង់វង្ស​ជាច្រើន​ជំនាន់​មក​ហើយ​។

លោក នុត នុ អាយុ​ ៤៣ ​ឆ្នាំ​ជា​ប្រធាន​សហគមន៍​ចក់​ការ​បាន​អះអាង​ថា សហគមន៍​លោក​នឹង​ទទួល​ថវិកា​ចំនួន​ ១១៦៦០ ​ដុល្លា​អាមេរិក​តាមរយៈ​ការផ្តល់​នេះ ហើយ​នឹង​យក​ទៅ​ប្រើប្រាស់​ធ្វើ​អណ្តូងទឹក​ ១ និង​ដាក់​លូ​បង្ហូរ​ទឹក​ចូល​ប្រឡាយ​កាត់​ផ្លូវ​ចំនួន​ ៣ ​កន្លែង​។

យោង​តាម​អង្កការ WCS ដែនជម្រក​សត្វព្រៃ​កែវសីមា​ផ្តល់​ជា​ទីជម្រក​ដល់​សត្វព្រៃ និង​រុក្ខជាតិ​ជាង ៦០ ប្រភេទ​ដែល​មាន​ចុះ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ហើយ​ជា​ប្រភេទ​រង​ការគំរាម​កំហែង​ជា​សកល​។ ដែនជម្រក​សត្វព្រៃ​នេះ​ក៏​មាន​សារៈសំខាន់​ជា​សកល​សម្រាប់​ការអភិរក្ស​ប្រភេទ​សត្វ​ពានរ ដូចជា​ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង ពពួក​ខ្លា ដំរី​អាស៊ី ក្រុម​គោ​សាទិស និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ផ្សេង​ទៀត​។

ក្រសួង និង​អង្គការ​មាន​ប្រព័ន្ធ​តាមដាន​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​សហគមន៍​នីមួយៗ​នឹង​ចំណាយ​ត្រឹមត្រូវ និង​សមស្រប​តាម​គម្រោង​។ បើ​តាម​ការប៉ាន់ស្មាន ដែនជម្រក​សត្វព្រៃ កែវសីមា ទំហំ​ជិត ៣ សែន​ហិកតា​មាន​កាបូន​ជាង ១ លាន​តោន​សម្រាប់​លក់ ហើយ​ក្រុមហ៊ុន​អាច​ទិញ​បន្ត​ទៀត បន្ទាប់ពី​ចប់ ២ ​ឆ្នាំ​នោះ​៕