The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សហគមន៍​ចំនួន​ ១០ ​ប្ដេជ្ញា​បន្ត​​ចុះ​ល្បាត​ព្រៃ​ប្រឆាំង​បទល្មើស

សហគមន៍​ចំនួន​ ១០ ​ប្ដេជ្ញា​បន្ត​​ចុះ​ល្បាត​ព្រៃ​ប្រឆាំង​បទល្មើស

Content image - Phnom Penh Post
ប្រជាសហគមន៍​ពេល​ទទួល​សម្ភារ​បម្រើ​ឲ្យ​ការចុះ​ល្បាត​ព្រៃ​ពី​មន្ត្រី​កសិកម្ម​ថ្នីៗ​នេះ ។ រូបថត ហ្វេសប៊ុក

សហគមន៍​ចំនួន​ ១០ ​ប្ដេជ្ញា​បន្ត​​ចុះ​ល្បាត​ព្រៃ​ប្រឆាំង​បទល្មើស

ព្រះវិហារៈ សហគមន៍​ព្រៃឈើ​ចំនួន​ ១០ ក្នុង​ខេត្ត​ព្រះវិហារ​​បាន​ប្ដេជ្ញា​បន្ត​ចុះ​ល្បាត​ការពារ​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ពិសេស​នៅក្នុង​ពេល​មាន​ពិធីបុណ្យ​ធំៗ​នាពេល​ខាង​មុខ​ដែល​ជនល្មើស​តែងតែ​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទល្មើស​លួច​ ខណៈ​សមត្ថកិច្ច​កំពុង​មមាញឹក​លើ​ការងារ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ។

ការប្ដេជ្ញា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ទទួល​បាន​ការគាំទ្រ​ និង​លើក​ទឹកចិត្ត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ​ដែល​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បាន​នាំ​យក​សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន​ផ្ដល់​ជូន​ដល់​ពួកគេ​ ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការរួម​ចំណែក​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នាពេល​កន្លង​មក ។

លោក ពុត ឃីម ប្រធាន​សហគមន៍​ព្រៃឈើ​សំព្រាង​ព្រៃ​ស្នួល​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​​ថ្ងៃ​ចន្ទ​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​សហគមន៍​របស់​លោក​គ្រោង​ចុះ​ល្បាត​ព្រៃ​រយៈពេល​ពេញ​ ១ ​សប្ដាហ៍​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ៣ ​នៃ​ពិធី​បុណ្យ​អុំទូក​ខាង​មុខ​នេះ​។

លោក​បាន​បន្ត​ថា​តាម​បទពិសោធ​ដែល​សហគមន៍​ជួប​ប្រទះ​កន្លងមក​នៅ​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់ៗ ដូចជា​បុណ្យ​ចូលឆ្នាំ និង​បុណ្យ​អុំទូក ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​តែងតែ​លួច​ឆ្មក់​ចូល​កាប់​ឈើ និង​ដាក់​អន្ទាក់​សត្វព្រៃ​ក្នុង​ព្រៃ​សហគមន៍ ។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​មិន​បណ្ដោយ​ឲ្យ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ឆ្លៀត​ឱកាស​យក​ថ្ងៃ​បុណ្យ​អុំទូក​មក​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​សហគមន៍​របស់​យើង​បាន​ទៀត​ទេ​»​។

លោក ឃឹម ដែល​អះអាង​​ថា ទើប​នឹង​ទទួល​បាន​សម្ភារ​សម្រាប់​គាំទ្រ​ការចុះ​ល្បាត​ព្រៃ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​កាលពី​ថ្ងៃ​សុក្រ រួមមាន អាវ​ភ្លៀង តង់ ពិល ស្បែកជើង សៀវភៅ​កំណត់​ហេតុ ប៊ិក អង្រឹង ក្រមា ឧបករណ៍ GPS និង​សម្ភារ​ការិយាល័យ​មួយ​ចំនួន​ទៀត​នោះបាន​ប្រាប់ទៀត​ថា បញ្ហា​ប្រឈម​របស់​សហគមន៍​គឺ​ការប្រើប្រាស់​ឧបករណ៍ GPS ក្នុង​ការកំណត់​ទីតាំង​នៃ​បទល្មើស​ដោយសារ​ពួកគាត់​នៅ​មិន​ទាន់​ចេះ​ប្រើ​ឧបករណ៍​នេះ​។

ទោះជា​យ៉ាងណា​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​បាន​ថ្លែង​​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ជួយ​បង្រៀន​ដល់​ប្រជាសហគមន៍​ទាំងនោះ​ឲ្យ​ចេះ​ប្រើ​នូវ​ឧបករណ៍​ទាំងនេះ​។

លោក សុខុម បាន​បញ្ជាក់​ថា​៖ «​ក្នុង​អំឡុងពេល​នៃ​ការចុះ​ល្បាត​ព្រៃ​ខាងមុខ​នេះ មន្ត្រី​របស់​​យើង​នឹង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ឧបករណ៍ GPS ដល់​ពួកគាត់​នៅលើ​ទីតាំង​ជាក់ស្ដែង​មាន​ន័យ​ថា ពេល​ជួបប្រទះ​បទល្មើស​យើង​នឹង​កត់ត្រា និង​ថតរូបភាព​បញ្ជាក់ពី​ទីតាំង​នៃ​បទល្មើស​តាម​ប្រព័ន្ធ​ GPS ​នេះ​តែម្ដង​»​។

លោក ស័ក្ដិ ឧត្តម ប្រធាន​សហគមន៍​ព្រៃឈើ​បុស្សគិរី​មានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា សម្ភារ​ដែល​ទទួល​បាន​ពី​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​នោះ ​នៅ​មិន​ទាន់​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្ដែង​របស់​សហគមន៍​ទេ​។

លោក​ថា​៖ «​ទោះ​ជា​បែបណា​ក្ដី អំណោយ​ជា​សម្ភារ​ទាំងនោះ​គឺជា​កម្លាំង​ចលករ​មួយ​ក្នុង​ការលើក​ទឹកចិត្ត​ដល់​សហគមន៍​​របស់​យើង​ក្នុងការ​ពង្រឹង​កិច្ចការពារ​ព្រៃឈើ​ឲ្យ​នៅ​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​សុក្រ​លោក ពឹង ទ្រីដា ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​យក​ថវិកា និង​សម្ភារ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​ការចុះ​ល្បាត​ព្រៃ​ទៅជូន​សហគមន៍​ព្រៃឈើ​ចំនួន​ ១០ ​ក្នុង​ស្រុក​រវៀង និង​ស្រុក​ឆែប​ដើម្បី​លើក​ទឹកចិត្ត និង​ជំរុញ​ដល់​ពួកគេ​បន្ត​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។

សហគមន៍​ព្រៃឈើ​ទាំងនោះ​រួមមាន ភ្នំ​ដែក ចំបក់​ហោះ ដីក្រហម ភ្នំ​រយ​ថ្នល់​កោង សំព្រាង ព្រៃស្នួល ថ្នល់កែង ត្រពាំងផ្ចឹក បុស្សគិរី និង​បុស្សគិរីមានជ័យ ៕

អត្ថបទគួរចាប់អារម្មណ៍