ស្ទឹងត្រែង៖ ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​ប្រមាណ​ជាង ៣០ គ្រួសារ នៅ​ភូមិ​រំពាត់ និង​ភូមិ​តាឡាត ឃុំ​តាឡាត ស្រុក​សេសាន បាន​អះអាង​ថា នៅ​ពេល​នេះ​ក្រុមហ៊ុន SK Plantation (Cambodia) Pte., Ltd ដែល​វិនិយោ​គលើ​ដំណាំ​កសិឧស្សាហកម្ម បាន​ឈូស​ឆាយ​ដី​ចំការ​ដំណាំ​របស់​ពួក​គាត់ និង​គំរាម​កំហែង​បណ្ដេញ​ពួក​គាត់​ឲ្យ​ចេញ​ពី​ទីតាំង​ដី​ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ជាង ២០ ឆ្នាំ​មក​ហើយ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង នៅ​ភូមិរំពាត់ លោក ស៊ិន ដាវ អាយុ ៤២ ឆ្នាំ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ០៣ ខែ​ឧសភា​ថា នៅ​ពេល​នេះ ខាង​ក្រុមហ៊ុន​បាន​ប្រើ​កម្លាំង​សន្តិសុខ មក​ហាម​ឃាត់​ពួក​គាត់​មិន​ឲ្យ​ដាំដុះ​ដំណាំ​ចម្ការ​វិលជុំ​លើ​ទីតាំង​ដី​សមូហភាព​របស់​ពួក​គាត់​ទៀត​ទេ។

បើ​តាម​តំណាង​សហគមន៍​រូប​នេះ ក្រុមហ៊ុន​អះអាង​ថា ដី​ដែល​ពលរដ្ឋ​បាន​រស់នៅ​នឹង​អាស្រ័យ​ផល​តាម​លក្ខណៈ​ប្រពៃណី​ដូនតា​មក​នោះ បច្ចុប្បន្ន​ជា​ដី​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​អភិវឌ្ឍន​ដំណាំ​កសិឧស្សាហកម្ម។

លោក​ថ្លែង​ថា៖ «ឥឡូវ​នេះ ពួក​គេ [ភាគី​ក្រុមហ៊ុន] បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​អារក្ស និង​ចម្ការ​ដំណាំ​របស់​ពួក​យើង​សរុប​ប្រមាណ​ជាង ៣០ ហិកតា​ហើយ និង​បាន​រុះរើ​ផ្ទះ​របស់​អ្នក​ភូមិ​យើង​អស់​ចំនួន ៣ ខ្នង។ ពួក​គេ​បាន​ហាម​ពួក​យើង​មិន​ឲ្យ​សង់​ផ្ទះ​ថ្មី និង​ដាំដុះ​ដំណាំ​ចម្ការ​វិលជុំ​តទៅ​ទៀត​ទេ»។

បើ​តាម ស៊ិន ដាវ ដី​ព្រៃ​សមូហភាព​របស់​សហគមន៍​ទាំង​ប៉ុន្មាន គឺ​ស្ថិត​នៅ​ក្នុង​ទីតាំង​ដី​របស់​ក្រុមហ៊ុន​ទាំង​អស់។

ចំណែក លោក គ្លីម យឿង អាយុ ៧៥ ឆ្នាំ ដែល​ជា​ចាស់ទុំ និង​ជា​មេភូមិ​រំពាត់ បាន​និយាយ​បន្ទរ​ថា៖ «នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នាពេល​កន្លង​មក ទាំង​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​សម្រេច​ឯកភាព​កាត់​ឆ្វៀល​ដី​សហមូហភាព​របស់​សហគមន៍​យើង​ខ្ញុំ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ដំណាំ​កសិឧស្សាហកម្ម​របស់​ក្រុមហ៊ុន​នេះ​ហើយ»។

ប៉ុន្តែ​បច្ចុប្បន្ន​មិន​ដឹង​ជា​មាន​រឿង​អ្វី​ទៀត​នោះ​ទេ ស្រាប់​តែ​ក្រុមហ៊ុន​ចាត់​ឲ្យ​តំណាង​ម្នាក់​ឈ្មោះ​ សម្បត្តិ មក​ឃាត់​អ្នក​ភូមិ​មិន​ឲ្យ​សង់​ផ្ទះ​ថ្មី និង​ដាំ​ដំណាំ​ចម្ការ​វិលជុំ ដោយ​អះអាង​ថា ដី​សមូហភាព​របស់​សហគមន៍​ទាំង​នេះ​គឺ ស្ថិត​នៅ​ក្នុង​ទីតាំង​ដី​របស់​ពួក​គេ​ទៅ​វិញ។

ទន្ទឹម​នឹង​នេះ លោក យឿង បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ-ស្រុក និង​ថ្នាក់​ខេត្ត ព្រម​ទាំង​អង្គភាព​ពាក់ព័ន្ធ​នានា ជួយ​អន្តរាគមន៍​រក​ដំណោះ​ស្រាយ​លើ​ករណី​នេះ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ពួក​គាត់​ផង។

ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​ទៅ​ភាគី​ក្រុមហ៊ុន SK Plantation (Cambodia) Pte., Ltd ជា​ច្រើន​ដង ហើយ​បុរស​ម្នាក់​ដែល​ប្រាប់​ថា ឈ្មោះ សម្បត្តិ ជា​មេ​ការ​ក្រុមហ៊ុន​ប្រចាំ​ក្នុង​តំបន់​ខាង​លើ​នេះ បាន​និយាយ​យ៉ាង​ខ្លី​ថា នៅ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​ដំណើរ​ការ​អភិឌ្ឍន៍​លើ​វិស័យ​ដាំដុះ​ដំណាំ​កសិឧស្សាហកម្ម តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​អាច​ប្រាប់​បាន​តែ​ប៉ុណ្ណឹង បើ​ចង់​ដឹង​លើស​ពី​នេះ សូម​សួរ​ទៅ​ក្រសួង ឬ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ជា​ស្ថាប័ន​ជំនាញ ទទួល​បន្ទុក​ក្នុង​ការ​ឃ្លាំមើល​អំពី​ដំណើរការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​យើង​ខ្ញុំ​ចុះ ព្រោះ​នៅ​ពេល​នេះ ខ្ញុំ​មាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ»។

លោក ជា កុណារ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​កូនមុំ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា រដ្ឋាភិបាល​តាមរយៈ​ក្រសួង​កសិកម្ម​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន SK Plantation (Cambodia) Pte., Ltd ជាង ៦ ៥០០ ហិកតា នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ចំនួន ២ គឺ​ស្រុក​កូន​មុំ នៃ​ខេត្ត​រតនគិរី និង​ស្រុក​សេសាន​ នៃ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ដាំដុះ​ដំណាំ​កសិឧស្សាហកម្ម។

លោក​បាន​ថ្លែង​ថា៖ «មុន​ពេល​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​នេះ ក្រុម​គណៈកម្មការ​ជំនាញ​ដែល​មាន​ក្រសួង​កសិកម្ម ជា​ប្រធាន​បាន​សម្រេច​កាត់​ឆ្វៀល​ដី​សមូហភាព​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​អស់​ចេញ​ពី​គម្រោង​ហើយ។ យ៉ាង​ណា​ក៏​ដោយ បញ្ហា​វិវាទ​ដី​ធ្លី​នេះ នៅ​តែ​បន្ត​កើត​មាន​នៅ​គ្រប់​កន្លែង ដោយ​នៅ​កន្លែង​ខ្លះ​អ្នក​ភូមិ​ជា​អ្នក​បំពាន ហើយ​កន្លែង​ខ្លះ​ក៏​មាន​ការ​បំពាន​ពី​ខាង​ក្រុមហ៊ុន​ផង​ដែរ»។

បើ​តាម​លោក កុណារ៉ា អ្នក​ភូមិ​ដែល​មាន​បញ្ហា​ខាង​លើ​នេះ គួរ​ដាក់​សំណើ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ភ្ជាប់​មក​នូវ​ឯកសារ​យោង​មួយ​ចំនួន ដើម្បី​មាន​ដំណោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់៕