The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សហគមន៍​ដីធ្លី ១០​ក្រុម​សុំ​សាលា​រាជធានី​ហែរ​ញត្តិ​មក ACU




សហគមន៍​ដីធ្លី ១០​ក្រុម​សុំ​សាលា​រាជធានី​ហែរ​ញត្តិ​មក ACU

Content image - Phnom Penh Post
អ្នកគាំទ្រតវ៉ាមុខសាលា​​ដំបូង​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន។ ហុង មិនា

សហគមន៍​ដីធ្លី ១០​ក្រុម​សុំ​សាលា​រាជធានី​ហែរ​ញត្តិ​មក ACU

ភ្នំពេញៈ ក្រុម​ពលរដ្ឋ​ប្រមាណ​ ១០ សហគមន៍​ដីធ្លី​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដល់​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ម្សិលមិញ ក្នុង​បំណង​ធ្វើ​ការ​ដង្ហែរ​ញត្តិ​មួយ​ពី​វត្ត​ភ្នំ ​ មាន​អ្នក​ចូលរួម​ប្រមាណ​ ២០០០ នាក់ នា​ថ្ងៃ​សៅរ៍​ទី​ ៧ ឧសភា​នេះ​ដើម្បី​ឲ្យ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បញ្ឈប់​ការ​អនុវត្ត​ខុស​តួនាទី និង​ធ្វើ​ទុក្ខ​ បុក​ម្នេញ​សកម្មជន​សិទ្ធិ​មនុស្ស។

លិខិត​ដែល​បាន​ស្នើ​សុំ​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ មាន​ស្នាម​មេដៃ​តំណាង​ពលរដ្ឋ​ ៦ នាក់ បាន​សរសេរ​ជម្រាប​ដល់​សាលា​រាជធានី​ភ្នំពេញ លោក​អភិបាល​ ប៉ា សុជាតិវង្ស​ថា ពួកគេ​កំពុង​បារម្ភពី​​ស្ថានការណ៍​ដែល​បណ្តាល​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ត្រូវ​បាន​ចាប់​ខ្លួន​ចំនួន​ ៥ នាក់ និង​មាន​ចោទ​ប្រកាន់​លើ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ផងដែរ។

គម្រោង​ដង្ហែរ​ញត្តិ​ទៅ​ ACU គឺ​ពួកគេ ស្នើ​សុំ​ឲ្យ​ «បញ្ឈប់​ការ​គំរាម​កំហែង​ ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តាម​ការ​ចោទ​ប្រកាន់​ផ្សេងៗ និង​បញ្ឈប់​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ ដែល​មាន​លក្ខណៈ​ស្តង់ដារ​ពីរ»។

ជា​ការ​ឆ្លើយតប លោក មាន​ ចាន់យ៉ាដា នាយក​រដ្ឋបាល​សាលារាជ​ធានី​ភ្នំពេញ ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា សាលា​រាជធានី​បាន​ទទួល​លិខិត​ពលរដ្ឋ ហើយ​នឹង​កោះ​អញ្ជើញ​ពួកគេ​មក​ពិភាក្សា​គ្នា​។​

ទោះ​យ៉ាង​ណា​លោក​ថា គម្រោង​ហែរ​ញត្តិនេះ នឹង​មិន​ទទួល​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ឡើយ។ លោក​ថា ៖ «គ្មាន​រឿង​អី​ដែល​ត្រូវ​ហែរ​ញត្តិ​នោះ​ទេ»។

អ្នកស្រី គឹម សារ៉ាន់ អាយុ​ ៤៨ ​ឆ្នាំ តំណាង​ពលរដ្ឋ​សហគមន៍​ភ្នំបាត​ (អតីត​អ្នក​បុរីកីឡា) ថ្លែង​ថា ពួកគេ​ចង់​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នក​ជាប់​ឃុំ​ទាំង​ ៥ ដែល​បាន​ធ្វើ​ការងារ​សិទ្ធិ​មនុស្ស​ជួយ​សហគមន៍​ដីធ្លី​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​កន្លង​មក។

អ្នក​ស្រីថា ៖ «កាល​យើង​មាន​ទុក្ខ ក្រុម​អង្គការ​បាន​យក​បាយ​ទឹក​ឲ្យ​យើង​ហូប ជួយ​យើងជា​ច្រើន គឺមានតែ សង្គម​ស៊ីវិល​ទេ»។

ទោះ​មាន​ការ​គំរាម​មិន​ឲ្យ​ហែរញត្តិ ក៏​ពលរដ្ឋ​អះអាង​ថា ពួកគាត់​នឹង​ធ្វើ​យ៉ាងណា​យក​ញត្តិ​ទៅ​ឲ្យ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តែម្តង៕

អត្ថបទគួរចាប់អារម្មណ៍