ភ្នំពេញៈ អគ្គនាយក​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួង​បរិស្ថាន​ និង​ UNDP បានសម្រេច​ជ្រើសរើស​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៥ ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ខ្នាតតូច​បន្ត​សម្រាប់​កម្មវិធី (Global Environment Facility) របស់​អង្គការ UNDP ដើម្បី​អភិវឌ្ឍន៍​សហគមន៍​នៅក្នុង​ប្រទេស​កម្ពុជា​។

យោងតាម​លោក គឹម សារិន អនុប្រធាន​នាយកដ្ឋាន​ជីវភាព​សហគមន៍​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ក្រោយ​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​វាយតម្លៃ​ថ្នាក់ជាតិ​សម្រាប់​ការផ្តល់​គម្រោង​ខ្នាតតូច​របស់​អង្គការ UNDP ដើម្បី​វាយតម្លៃ​ចុងក្រោយ​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​កាលពី​ថ្ងៃ​សុក្រ ទី​ ៥ ខែ​មិថុនា ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា អង្គប្រជុំ​បាន​សម្រេចយក​សហគមន៍​ចំនួន ៦ ដើម្បី​បន្ត​សរសេរ​គម្រោង​ពេញលេញ​។ ក្នុងចំណោម​សហគមន៍​ទាំង ៦ នោះ​គឺ​មាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៥ នឹង​ទទួល​ហិរញ្ញប្បទាន​ខ្នាតតូច​តាមរយៈ​កម្មវិធី​អភិវឌ្ឍ​បរិស្ថាន (Global Environment Facility) របស់​អង្គការ UNDP ដើម្បី​អភិវឌ្ឍន៍​សហគមន៍​។ សហគមន៍​ទាំង ៥ នោះ​រួមមាន ១- ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ភ្នំណាមលៀ ខេត្ត​មណ្ឌលគិរី​។ ២- ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ មណ្ឌល​យ៉ន ខេត្ត​មណ្ឌលគិរី​។ ៣- ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ រាំងខ្វាវ ខេត្ត​ពោធិ៍សាត់​។ ៤- ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ភ្នំ​ទំព័រ ខេត្តពោធិ៍សាត់​។ ៥- ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ជាំពេន ខេត្តព្រះវិហារ​។ ដោយឡែក​សម្រាប់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ភ្នំទំព័រ និង​ជាំពេន នឹង​ត្រូវ​បំពេញ​​លក្ខខណ្ឌ​ក្នុង​ការសុំ​ការឯកភាព​ពី​ក្រសួងបរិស្ថាន​លើ​ការអនុញ្ញាត​ពង្រីក​ផ្ទៃដី​ព្រៃ​សហគមន៍​លើ​ទីតាំង​គ្រោង​ធ្វើ​ទេសចរណ៍​ធម្មជាតិ​។

លោក ខៀវ បូរិន អគ្គនាយក​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​បន្ថែម​កាលពី​ម្សិលមិញ​ថា តាមរយៈ​កម្មវិធី​ផ្ដល់​ហិរញ្ញប្បទាន​របស់​អង្គការ UNDP ដើម្បី​អភិវឌ្ឍន៍​សហគមន៍​សម្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក៏​ដូចជា​ក្រសួងបរិស្ថាន​ក្នុង​ការធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មាន​ភាពប្រសើរ​ឡើង និង​ឲ្យ​ពួកគាត់​ចូលរួម​ការពារ អភិរក្ស​បរិស្ថាន និង​ធនធាន​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ងាក​មក​ចូលរួម​ថែរក្សា និង​អភិរក្ស​បរិស្ថាន​គឺ​ទាល់តែ​យើង​រក​ជម្រើស​ថ្មី​ដែល​អាច​ឲ្យ​ពួកគាត់​រកចំណូល​បាន​ក្នុង​រយៈពេល​មធ្យម​ និង​ខ្លី​ដែល​មាន​ការងារ​ពាក់ព័ន្ធ​ទៅនឹង​ការងារ កសិរុក្ខកម្ម​ដូចជា​ការដាំដុះ​បន្ថែម ចិញ្ចឹម មាន់ ត្រី ឃ្មុំ និង​ស្វែងរក​ទីផ្សារ​សម្រាប់​ពួកគាត់​»​។

លោក ខៀវ បូរិន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​បាន​បង្កើត​សហគមន៍​ដែលជា​តំបន់​ការពារ​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន ១៧៤ សហគមន៍​ និង​កំពុង​បន្ត​ជំរុញ​បង្កើត​សហគមន៍​នៅ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​នៅ​តាម​សហគមន៍​ផ្សេងៗ​ទៀត​។ លោក​បន្តថា ជា​រៀងរាល់​ឆ្នាំ​តាមរយៈ​កម្មវិធី​ហិរញ្ញប្បទាន​ខ្នាតតូច​របស់​អង្គការ UNDP ដើម្បី​អភិវឌ្ឍន៍​សហគមន៍​បាន​ផ្ដល់​ថវិកា​ប្រមាណ ៥ ​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​សហគមន៍​សម្រាប់​រយៈពេល ១ ​ឆ្នាំ​កន្លះ​។

លោក នេត្រភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា ការរៀបចំ​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ធ្វើ​ឡើង​ដើម្បី​បង្កើតជា​ដៃគូ​សន្ទនា​រវាង​ប្រជាសហគមន៍ និង​រាជរដ្ឋាភិបាល​ផ្លាស់ប្តូរ​យោបល់​គ្នា ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ចូលរួម​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក៏ដូចជា​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និង​អរូបី​ឲ្យ​បាន​គង់វង្ស និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើត​អេកូ​ទេសចរណ៍​ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​បរិស្ថាន​ចង់ឃើញ​ស្នាមញញឹម សាមគ្គីភាព​របស់​បងប្អូន​ប្រជាសហគមន៍​កាន់តែ​រឹងមាំ កូនៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​សិក្សា​បាន​ជ្រៅជ្រះ រៀបចំ​សេដ្ឋកិច្ច​សហគមន៍​មាន​ការរីកចម្រើន​និង​ធនធាន​ធម្មជាតិ​ត្រូវ​បាន​ការពារ​បាន​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត​»៕