ខេត្តសៀមរាប: ប្រជា​សហគ​​ម​ន៍ មន្ត្រី​មូលដ្ឋាននិង​ព្រះ​ស​ង្ឃ​​ប្រមាណ​ជាង ២០០ នាក់/អង្គ​ នៅ​សង្កាត់​ជ្រាវ កាលពី​ថ្ងៃទី១​៤ កក្កដា បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយ​ស្ដារ​ប្រឡាយ​ ធ្វើ​ផ្លូវ​ ​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ ដើម្បី​បង្ក​​ភាពងាយស្រួល​ដល់​ការ​ជិះ​ទូក​ចុះ​ល្បាត​ការពារ​សត្វ​ព្រៃ និង​សម្រួល​ដល់​ភ្លៀវ​ទេសចរ​មក​ទស្សនា​នៅ​តំបន់​សហ​គម​ន៍​ទេស​ចរណ៍​ធម្មជាតិ​បឹង​ពារាំង​។

លោក គង់ មង្គល ប្រធាន​សមាគម​សហគមន៍​ទេស​ចរ​ណ៍ វប្បធម៌ និង​ធម្មជាតិ​បឹង​ពារាំង ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការតវ៉ា​នេះធ្វើ​ឡើង​ក្នុង​គោ​ល​បំណង​ស្នើសុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ជួយកាយ​ដី​ភក់​ស្តារ​ប្រឡាយ​​ តាម​មាត់បឹង​ហើ​យ​បើក​ធ្វើជា​ផ្លូវទឹកដើម្បី​អាច​ជិះ​​ទូក​តាម​មាត់បឹង​ចុះ​ល្បាត​ការ​ពារ​សត្វព្រៃ​គ្រប់​ប្រភេទ និង​បង្ក​ភាព​ងាយ​ស្រួល ​​ដល់​ភ្លៀវ​ទេសច​រ ​ទៅ​​កម្សាន្ដ​ផង​ដែរ​។

លោក​បន្តថា ប្រជា​សហ​គម​ន៍ ​ចង់បាន​ផ្លូវទឹក​ប្រវែង​ជិត ២ គីឡូម៉ែត្រ តាម​បណ្ដោយ​មាត់​បឹ​​ង​​ពារាំង ដែល​មាន​​ទំហំ​​ជាង ៣៤០០ហិកតានៅក្នុង​បឹង​ទន្លេ​សាប ព្រោះ​ប្រជា​សហ​គម​ន៍​ច​ង់​ឲ្យ​បឹង​ពារាំង​ក្លាយទៅជា​តំបន់​ទេសចរណ៍និង​កន្លែង​អភិរក្ស​ស​ត្វ​ស្លាប​។

លោក​មង្គល​​ប​ន្ត​ថា​៖​«យើង​ចង់បាន​ផ្លូវ​នេះដោ​យ​សារ​យើង​ចុះ​ល្បាត​ម្ដងៗ គឺ​ដើ​​រ​កាត់​ភក់ និង​ព្រៃរនាម គឺ​បាន​បង្ក​ការលំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​សហគមន៍ ក៏ដូចជា​ភ្ញៀវទេសចរ។ ការពិត​យើង​បា​ន​ស្នើ​ចំនួន ២ដង​មក​ហើយ ប៉ុន្ដែ​នៅ​មិនទាន់មាន​ការ​ឆ្លើយ​តប​»​។

ព្រះ​តេជគុណ សន សារិទ្ធ ព្រះចៅអធិការ​វត្ត​ប្រាសាទ​រាជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្ដេ​ច​ព្រះ​​សង្ឃរា​ជ ទេព វង្ស បាន​មា​ន​​សង្ឃដីកា​ថា ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ បាន​ចែកវេន​គ្នា​ជា​ប្រចាំ ដើម្បី​ដើរល្បាត​ការពារ​ស​ត្វ​ព្រៃនិង​ព្រៃ​លិច​ទឹក​នៅ​​តំបន់​បឹ​ង​​ពារាំង ក្នុង​បឹង​ទន្លេសាប ក្នុង​គោលបំណង​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​លិច​ទឹក​ផង និង​ការពារ​ពូជ​ត្រី​សម្រាប់​ឲ្យ​សត្វ​ស្លាប​អា​ច​រក​អាហារដើម្បី​ឈាន​ទៅ​ដ​ល់​​ការអភិរក្ស​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​តំបន់​នោះ​ផង។

ព្រះ​តេជគុណ​បញ្ជាក់ថា​៖​«នៅ​តំបន់​នោះ​មិនទាន់មាន​ផ្លូវទឹកនិ​​ង​ផ្លូវគោក​ល្អ​ត្រឹមត្រូវ សម្រា​ប់​ប្រជា​សហគមន៍​ដើរ​ល្បាត​ទេ។ ដូច្នេះ អាជ្ញាធរ​គួរ​ជួយ​សម្រួល​ឲ្យ​មាន​ផ្លូវទឹកនិង​ផ្លូវគោក ព្រេោះ​​ប្រសិនបើ​តំបន់​នោះ​អាច​ការ​ពា​រ​ព្រៃ​លិច​ទឹកព្រម​ទាំង​សត្វ​ស្លា​ប​ជាច្រើន​ប្រភេទ​បានគឺ​យើង​រំពឹ​ង​ថា សក្ដានុពល​របស់​វា​អាច​នឹង​​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​យ៉ា​ង​ច្រើន​​សម្រាប់​អនាគត​»។

លោក​ ទា គឹម​សុទ្ធ ប្រធាន​មន្ទី​រកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​​ថា លោក​បាន​ទទួល​ព័ត៌មា​ន​នេះប៉ុន្ដែ​វា​មិនមែន​ស្ថិត​ក្នុង​ដែន​​​សមត្ថកិច្ច​របស់លោក​តែ​ម្នា​ក់​ឯង​នោះទេ គឺមាន​អន្តរ​ក្រសួ​ង​ជា​​អ្នក​សម្រេ​ច«​ប្រជា​សហគ​ម​ន៍​គួរ​សរសេរ​ជា​លិខិត​ហើយ​ដា​ក់​តាមរយៈ​ខ្ញុំ ខ្ញុំ​នឹង​នាំសារ​នេះ ទៅ​ថ្នាក់លើ​ទៀត ដើម្បី​ស្នើ​សុំ​ដំណោះ​ស្រាយ។ ពួកគាត់​គ្រា​ន់​​តែ​តវ៉ា ប៉ុន្ដែ​មិន​ទាន់​មាន​លិខិត​ស្នើសុំ​អ្វី​ជា​ផ្លូវការ​នោះ​ទេ»។

លោក ឡោ រស្មី អ្នក​នាំពាក្យ​ក្រសួង​កសិ​កម្មនិង​លោក ឃឹ​ម ប៊ុន​សុង អភិបាលខេត្ត​សៀម​រា​ប ​មិនទាន់​អាច​ទាក់​ទង​សុំ​​អធិ​ប្បា​យ​​បាន​ទេ​កាល​ពីម្សិល​មិញ​។

បឹង​ពារាំង​ មាន​ផ្ទៃ​ទឹក​ ​ទំហំ​ជាង ២៥០ ហិកតា សម្រាប់​ជម្រក​ត្រី​មេពូជ និង​ព្រៃ​លិច​ទឹក​ជាង ៣០០០ ហិកតាដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​ជាច្រើន​ប្រភេទ​សម្រាប់​ទាក់​ទា​ញ​ភ្ញៀវទេសចរ។

រយៈពេល ៣ ឆ្នាំ​មកហើយ ប្រជា​សហគមន៍បា​ន​​ប្រើប្រាស់​ថវិកានិង​ធន​ធាន​ផ្ទា​ល់​ខ្លួន​ សម្រាប់​សកម្មភាព​ការពារ​និង​អភិរក្ស​​ទីនោះ។ ពួកគេ​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋាភិបាលជួយ​ស្ថាបនា​​ផ្លូវថ្ន​ល់​ ទៅកាន់​ទីនោះ​ឲ្យ​ល្អ​ស្អាតដើ​ម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។

​បច្ចុប្បន្ន សង្កាត់​ជ្រាវ មាន​ពលរដ្ឋ​រស់នៅ​ជាង ២០​០០ គ្រួសារ។ ប្រជាពលរដ្ឋ​ទាំង​នោ​ះ​​ភាគច្រើន​ ជា​កសិករ​ ធ្វើស្រែ​ចម្កា​រ​​​​។ ដោយ​សារតែ​ចង់​ឲ្យ​តំបន់​បឹង​ពារាំង​ ក្លាយទៅជា​កន្លែ​ង​ទេសចរណ៍ ពលរដ្ឋ​ជាង ៦០០​ គ្រួសា​រ ​ក្នុង​ចំណោម​នោះ បាន​រួមគ្នា​ចូល​ជា​សមា​ជិក​សមា​គ​​ម​សហគមន៍​ទេស​ចរ​ណ៍ វប្ប​ធ​ម៌ និង​ធម្មជាតិ​នេះ​ឡើង​៕