ភ្នំពេញៈ ​បណ្តាញ​សហគមន៍​នេសាទ​មកពី​ ៣ ​តំបន់​ នៅ​ជុំវិញ​បឹង​ទន្លេសាប ទន្លេមេគង្គ និង​តំបន់ឆ្នេរ​នឹង​ជួប​ពិភាក្សាគ្នា​នៅ​ថ្ងៃ​សុក្រ ដើម្បី​ស្វែងរក​យន្តការ​សម្រាប់​ធ្វើការ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជលផល​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​បណ្តាញ​សហគមន៍​ទាំងនោះ​បារម្ភ​​ពី​បទល្មើស​នេសាទ​កើនឡើង ស្រប​ពេល​រដូវ​នេសាទ​ចាប់ផ្តើម​បើក​។

លោក ឱម សាវ៉ាត ​នាយកប្រតិបត្តិ​សម្ព័ន្ធភាព​ដើម្បី​ការអភិរក្ស​ធនធាន​ជលផល​ (FACT) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការជួបពិភាក្សា​នេះ​នឹង​ធ្វើ​ឡើង​នៅ​រាជធានីភ្នំពេញ​ ដោយ​មាន​ប្រជាសហគមន៍​នេសាទ​ប្រមាណ​ជិត ១០០ ​នាក់​ មកពី​ ៣ ​តំបន់​ក្នុង​ខេត្ត​ចំនួន​ ៦ ជុំវិញ​បឹង​ទន្លេសាប និង​មកពី​ខេត្ត​ចំនួន​ ៣ ​ជុំវិញ​ទន្លេមេគង្គ​ព្រមទាំង​មកពី​ខេត្ត​ចំនួន​ ៤ ដែល​នៅជាប់​មាត់សមុទ្រ​។

លោក​បន្តថា ការជួប​ពិភាក្សា​គ្នា​នេះ​គឺ​ធ្វើ​កម្មវិធី​មួយ​ដែល​ធ្វើឡើង​ជា​ទៀងទាត់ ២​ ដង​ក្នុង ១ ​ឆ្នាំ​ ដើម្បី​លើក​ពី​បញ្ហា​ប្រឈម​ដែល​ប្រជាសហគមន៍​ជួបប្រទះ​ក្នុង​រយៈពេល​ ៦ ​ខែ​ សម្រាប់​ធ្វើការ​ចែករំលែក​គ្នា និង​លើក​យក​បញ្ហា​ជា​អតិភាព​ដាក់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​មូលដ្ឋាន​របស់​ពួកគេ​ដោះស្រាយ ខណៈ​បញ្ហា​ប្រឈម​ដែល​ថ្នាក់មូលដ្ឋាន មិន​អាច​ដោះស្រាយ​បាន​នឹង​ដាក់ជូន​ថ្នាក់ជាតិ​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​ប្រឈម​របស់​ប្រជាសហគមន៍​​នេសាទ​គឺ​ទាក់ទង​នឹង​បទល្មើស​នេសាទ ព្រោះ​បទល្មើស​នេះ​គឺជា​រឿង​មួយ​ដ៏រសើប ហើយ​ក្តៅគគុក​ដែល​យើង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ ប៉ុន្តែ​នៅ​តែ​បន្ត​មាន​ហើយ​ឥឡូវ​រដូវ​បើក​នេសាទ​ចាប់ផ្ដើម​ផង​។ ចំណែក​ចំណុច​មួយ​ទៀត​ការខ្វះខាត​ធនធាន​ (​ថវិកា​)​ ដែល​ប្រជាសហគមន៍​ត្រូវធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​របស់គាត់​ដោយ​ត្រូវតែ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​តាម​មូលដ្ឋាន​»​។

ក្រៅពី​បញ្ហា​ទាំងនេះ​លោក សាវ៉ាត ក៏បាន​ថ្លែង​ដែរ​ថា គួរ​​បញ្ជ្រាប​ការយល់ដឹង​ដល់​ពលរដ្ឋ​ឲ្យ​យល់​អំពី​ច្បាប់ ជាពិសេស​ច្បាប់​ជលផល​ និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដើម្បី​ចៀសវាង​នូវ​ទោសទណ្ឌ​នានា ព្រោះ​​តែ​ចំណេះដឹង​របស់​ប្រជានេសាទ​នៅ​មាន​កម្រិត​នៅឡើយ ដែល​ទាមទារ​នូវ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ពួកគាត់​បន្ថែម​ទៀត​។

តាម​លោក ឱម សាវ៉ាត ក្តីបារម្ភ និង​លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​កិច្ចប្រជុំ​របស់​សហគមន៍​នេសាទ​ទាំង​ ៣ ​តំបន់​នេះ​នឹង​ត្រូវ​ដាក់បញ្ចូល​ក្នុង​កិច្ចប្រជុំ​ថ្នាក់ជាតិ​នា​ពាក់​កណ្តាលខែ​នេះ​​ដែល​មាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ដើម្បី​ពិនិត្យ និង​ធ្វើ​ផែនការ​បន្ត​ដើម្បី​ឈាន​ទៅ​រក​វិធានការ​ដោះស្រាយ​រួមគ្នា​។

លោក ឡុង សូចែត ប្រធាន​សម្ព័ន្ធ​ប្រជានេសាទ​កម្ពុជា​រំពឹង​​ថា កិច្ចប្រជុំ​នេះ​នឹង​បាន​លើកឡើង​អំពី​បញ្ហា​គ្រប់​តំបន់​ដែល​ប្រជាសហគមន៍​បាន​ជួបប្រទះ​​ស្របពេល​រដូវ​បើក​នេសាទ​​បាន​ចាប់ផ្តើម​។

លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហា​ការនេសាទ​ខុសច្បាប់​នៅតែ​កើតមាន សំខាន់​ការប្រែប្រួល​អាកាសធាតុ​ដែល​ទឹក​ឡើង​ចុះ មិន​ទៀង​ខុស​ពេលវេលា​នាំ​ឲ្យ​អ្នក​ធ្វើ​នេសាទ បើ​និយាយ​នៅ​​តាម​ទន្លេសាប​ពិបាក​រក​ផល​អនុផល​ត្រី​តែម្តង​ព្រោះ​រក​មិន​​បាន​ដោយសារ​តែ​ត្រី​ខ្សត់​ទៅ​»​។

លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​គ្រាន់តែ​​អះអាង​ថា រដ្ឋបាល​ជលផល​បាន​ចូលរួម​សហការ​ជាមួយ​ប្រជាសហគមន៍​ជាប្រចាំ និង​ទៀងទាត់​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ចូលរួម​ជាប្រចាំ​ដោយសារ​តែ​ការជួបប្រជុំ មិនទាន់​ចាប់ផ្តើម ដូច្នេះ​មិន​និយាយ​​អី​ទេ ចាំ​លោកស្រី​ចូលរួម​កិច្ចពិភាក្សា​ក្នុង​ពេល​នោះ​តែម្តង​​ទៅ ព្រោះ​យើង​មិនទាន់​បាន​ជួបគ្នា​ទេ​»​។

តាម​ព្រឹត្តិបត្រ​សម្ព័ន្ធភាព​ដើម្បី​ការអភិរក្ស​ធនធាន​ជលផល បច្ចុប្បន្ន​កម្ពុជា​មាន​សហគមន៍​នេសាទ​ចំនួន​ ៥១៦ សហគមន៍​ ដែល​សហគមន៍​ទាំងនេះ​កំពុង​រស់នៅ​តាម​ដង​ទន្លេសាប ទន្លេមេគង្គ និង​តាម​តំបន់ឆ្នេរ​៕