សៀមរាបៈ ​សហគមន៍​មេជ្រៃ​​គឺជា​សហគមន៍​មួយ​ក្នុង​ចំណោម​សហគមន៍​ជាច្រើន​ដែល​​មាន​ពលរដ្ឋ​រស់នៅ​ក្នុង​បឹង​ទន្លេសាប​។ សហគមន៍​នេះ​ស្ថិត​ក្នុង​ភូមិ​ពាមតាអួរ ឃុំ​កែវពណ៌ ស្រុក​ពួក ​ខេត្ត​សៀមរាប​ និង​មាន​ពលរដ្ឋ​ប្រមាណ​ជាង​ ៣០០ ​គ្រួសារ​ ដែល​ភាគច្រើន គឺ​ប្រកបរបរ​នេសាទត្រី​។

ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ​ក្រៅពី​របរ​នេសាទ អ្នកភូមិ​មិន​ថា​ក្មេង​ចាស់ ប្រុស ស្រី តែង​នាំគ្នា​ប្រមូល​សំរាម​ប្លាស្ទិក​ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក និង​រសាត់​ទើរ​លើ​ដើម​រាំង​យក​មក​ហាល​ឱ្យ​ស្ងួត​ប្រមូល​ដាក់​ការុង​សម្រាប់​ដូរ​យក​អង្ករ​ពី​អង្គការ​មូលនិធិ​ទំពាំង​ស្នងឫស្សី​។

កញ្ញា ឈឿង ហុកលី អាយុ ៣០ ​ឆ្នាំ​ ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​ពាមតាអួរ បាន​បង្ហាញ​ភាពសប្បាយ​រីករាយ​នឹង​ការប្រមូល​សំរាម​ប្លាស្ទិក​យក​មក​ដូរ​យក​អង្ករ​សម្រាប់​បរិភោគ​។

កញ្ញា ហុកលី បាន​ប្រាប់​កាសែត​​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា សំរាម​ប្លាស្ទិក ស្ទើរតែ​លែងមាន​នៅក្នុង​ភូមិ បន្ទាប់ពី​អង្គការ​នេះ​បាន​ប្រកាស​ឱ្យ​អ្នកភូមិ​ប្រមូល​សំរាម​ប្លាស្ទិក​នៅក្នុង​ទឹក​យក​មក​ដូរ​យក​អង្ករ​។

កញ្ញា រៀបរាប់​ថា​៖ «​ការដូរ​យក​អង្ករ​នេះ​គឺ​ល្អ​សម្រាប់​អ្នកភូមិ​ខ្ញុំ ដែល​យើង​ប្រមូល​សំរាម​ប្លាស្ទិក​ទុក​មួយ​ដុប​មិន​បណ្តោយ​ឱ្យ​សំរាម​អណ្តែត​ពេញ​ផ្ទៃ​ទឹក​ដែល​មិន​ល្អ​ដល់​ពួកយើង​ដូច​មុន​ទៀត​ទេ​។ ពេលនេះ​បងប្អូន​យើង​គឺមាន​ការផ្លាស់ប្តូរ​ណាស់​ពី​មុន​វិញ សំរាម​នៅតាម​ទឹក​ឡើង​អណ្តែត​ត្រា ដល់​ពេល​គាត់​បង្កើត​អ៊ីចឹង​ទៅ​នៅ​តាម​ទឹក​អត់​សូវ​មាន​ទេ​»​។

មិន​ខុសគ្នា​ប៉ុន្មាន​ទេ​លោក ពាម សែនវ័ង ​ជាង ៣០ ​ឆ្នាំ​ មាន​មុខរបរ​ជា​អ្នកនេសាទ​នៅក្នុង​ភូមិ​បាន​និយាយ​ដែរ​ថា អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​បាន​បង្កើត​កម្មវិធី​នេះ​ដល់​អ្នកភូមិ​ដែល​ធ្វើឱ្យ​គ្រួសារ​នីមួយៗ​ទុកដាក់​សំរាម​បាន​យ៉ាង​ត្រឹមត្រូវ និង​បាន​ប្រមូល​សំរាម​នៅក្នុង​ទឹក​ដាក់​ក្នុង​ទូក​គ្រប់គ្នា នៅពេល​ដែល​ប្រទះឃើញ​នៅតាម​ទឹក​។

លោក​បន្ថែមថា​៖ «​ល្អ​មែនទែន​ដែល​អង្គការ​នេះ​បានធ្វើ​ដូច្នេះ​។ គាត់​ធ្វើ​ដូច្នេះ វា​បាន​កាត់បន្ថយ​សំរាម​ប្លាស្ទិក​នៅក្នុង​ទឹក ព្រោះ​បើ​ប្លាស្ទិក​នេះ​ច្រើន គឺ​ធ្វើឱ្យ​ទន្លេ​កាន់តែ​រាក់ ហើយ​ដល់ពេល​មាន​ការប្រមូល គឺ​កាត់បន្ថយ​។ ម្យ៉ាង​ក៏​បាន​ជួយ​ជីវភាព​ពួកខ្ញុំ​ដែរ ហើយ​ប្រសិនបើ​មាន​ពីមុនមក អ្នកភូមិ​យើង​ធ្វើ​បែប​ហ្នឹង​តាំងពី​យូរ​»​។

ការបែងចែក​សំរាម​របស់​ភូមិ​ដើម្បី​ដូរ​យក​អង្ករ​គឺ​មាន​ ២ របៀប គឺ​ទី​១ អ្នកភូមិ ត្រូវ​ប្រមូល​សំរាម​ប្លាស្ទិក​ដែល​ប្រើប្រាស់​​រួច​នៅក្នុង​ផ្ទះ​ដាក់​មួយ​ឡែក​ និង​ទី​២ គឺ​អ្នកភូមិ​ត្រូវ​ប្រមូល​សំរាម​ប្លាស្ទិក​នៅតាម​ទឹក​​ដោយ​យក​ទៅ​ហាល​ឱ្យ​ស្ងួត​។

កញ្ញា ផាក់ ណាន់ អ្នក​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី​យក​សំរាម​ដូរ​យក​អង្ករ​នៅក្នុង​ភូមិ​ពាមតាអួរ​របស់​អង្គការ​មូលនិធិ​ទំពាំង​ស្នងឫស្សី​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​​ ថា ចំពោះ​កម្មវិធី​នេះ​គឺមាន​រយៈពេល​ ៣ ​ខែ​ម្តង​នៅ​ជង្រុក​ប្លាស្ទិក​របស់​ភូមិ​ពាមតាអួរ​។ កញ្ញា​និយាយថា អ្នកភូមិ​ហាក់​សប្បាយចិត្ត​នៅពេល​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​បាន​​ប្រកាស​ផ្តល់​អង្ករ​ដល់​ពួកគាត់​។

កញ្ញា​បាន​រៀបរាប់ថា​៖ «​ការុង​ដែល​ដាក់​សំរាម​នេះ គឺ​មាន​ចំណុះ​ ៥០ ​គីឡូ (​សំរាម​ដាក់​មួយ​ពេញ​ការុង​មិន​គិត​ទម្ងន់​) ដោយ​អ្នកភូមិ​ត្រូវ​បែង​ចែង​សំរាម​ប្លាស្ទិក​ឱ្យបាន​ត្រឹមត្រូវ​។

ក្នុង​ ១ ​ការុង គឺ​ដូរ​បាន​ ៥ ​គីឡូក្រាម​អង្ករ ហើយ​ ១ ​គ្រួសារ​គឺ​អាច​ដូរ​បាន​ ១០ ​គីឡូក្រាម​អង្ករ​តាមរយៈ​ការបែងចែក​​សំរាម​ប្លាស្ទិក​នេះ​»​។

កម្មវិធី​យក​សំរាម​ប្លាស្ទិក​ដូរ​យក​អង្ករ​ត្រូវបាន​បង្កើតឡើង​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០២០ នៅ​ភូមិ​ចំនួន​ ២ ​គឺ​ភូមិ​ពាមតាអួរ និង​ភូមិ​ចុង​ប្រឡាយ ដែល​ការអនុវត្ត​សាកល្បង​ក្នុងភូមិ​ចំនួន​ ២ ​នេះ​គឺ​មាន​ប្រជាពលរដ្ឋ​ជិត​ ៤០០ ​គ្រួសារ​ទទួលផល​។

លោក នេត្រ ភក្ត្រា​ (​ស្ដាំ​) និង​មន្ត្រី NGO ពិនិត្យ​ជង្រុង​ដាក់​សំរាម​នៅ​ស្រុក​ពួក ពី​ថ្ងៃ ២០ ធ្នូ​។ហ៊ាន រង្សី

លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នងឫស្សី និង​ស្ថាបនិក​នៃ​គម្រោង​ប្រមូល​ប្លាស្ទិក​ដូរ​យក​អង្ករ​នេះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា សហគមន៍​មេជ្រៃ​គឺជា​សហគមន៍​ដំបូង​បំផុត​ដែល​អង្គការ​លោក​​បាន​បង្កើត​កម្មវិធី​យក​សំរាម​ប្លាស្ទិក​ដូរ​យក​អង្ករ​។ ​លោក​ថា ក្នុងពេល​ខាងមុខ​ជង្រុក​ប្លាស្ទិក​​នេះ គ្រោង​នឹង​បង្កើតឡើង​នៅតាម​សហគមន៍​ជាច្រើន​ទៀត​ដែល​មាន​ពលរដ្ឋ​រស់នៅ​ក្នុង​បឹង​ទន្លេសាប​។

យ៉ាងណាក្ដី​នេះ​មិនមែន​ជា​គម្រោង​ដំបូង​ដែល​លោក ស៊ា សុផល បាន​បង្កើតឡើង​ដើម្បី​ឱ្យ​ពលរដ្ឋ​នៅតាម​ទន្លេ​ចូលរួម​សម្អាត​បរិស្ថាន​នោះទេ គឺ​មាន​រយៈពេល​ ៣ ​ឆ្នាំ​មក​ហើយ ដែល​លោក​បាន​បង្កើត​គម្រោង​ជាច្រើន​ដើម្បី​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន ជាពិសេស​សំរាម​ប្លាស្ទិក​នៅក្នុង​ទន្លេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏បាន​បង្កើត​កម្មវិធី​សាមញ្ញៗ​នៅ​ហ្នឹង ដោយ​ខ្ញុំ​បង្កើត​នៅក្នុង​ភូមិ​ពាមតាអួរ​ហ្នឹង​។ ខ្ញុំ​ក៏​បបួល​ប្រជាជន​មក សម្អាត​ដើមឈើ នៅពេល​ខែ​ទឹក​ឡើង យើង​ជិះទូក​ទៅ​បេះ​សំរាម និង​ប្រមូល​សំរាម​នៅ​នឹង​ដី នៅពេល​ខែ​ទឹក​ស្រក​។ ​ភូមិ​ពាមតាអួរ​នៅ​​ពេល​ទឹក​ស្រក​គឺ​សុទ្ធតែ​សំរាម ហើយ​ទឹក​ឡើង​គឺ​នៅលើ​ដើមឈើ​អីហ្នឹង​គឺ​សុទ្ធ​តែ​សំរាម​»​។

លោក សុផល បាន​និយាយ​​ថា​គោលដៅ​នៃ​ការបង្កើត​គម្រោង​​នេះ គឺ​ចង់​អភិរក្ស​បឹង​ទន្លេសាប​ក៏​ដូចជា​សត្វ​ស្លាប​ទឹក និង​ត្រី​ក្នុង​បឹង​ទន្លេសាប​ពី​ការបំពុល​ដោយ​សំរាម​ប្លាស្ទិក​បន្ទាប់ពី​សង្កេតឃើញ​ថា នៅតាម​ទន្លេ​​មាន​សំរាម​ប្លាស្ទិក​យ៉ាងច្រើន​នៅលើ​ដើមឈើ​នៅពេល​ទឹក​ឡើង និង​ពេញ​ដី ឬ​មាត់ច្រាំង នៅពេល​ទឹក​ស្រក​ទៅវិញ​។

លោក​បាន​បន្ថែមថា​៖ «​ទន្លេសាប​គឺជា​ប្រព័ន្ធ​អេកូឡូស៊ី​មួយ​សម្បូរបែប តែ​បែរ​ជា​សម្បូរ​សំរាម​ប្លាស្ទិក​ពេក​។ បឹង​ទន្លេសាប​គឺជា​កន្លែង​ទេសចរណ៍​មួយ​ដែរ ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​គួរតែ​ធ្វើ​អ្វី​ដល់​ទន្លេសាប ពីព្រោះ​វា​ជា​បេះដូង និង​សរសៃឈាម​។ បើ​យើង​ភ្លេច​គិត​សុខភាព​ទន្លេសាប​ទេ គឺ​មាន​បញ្ហា​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​គាំទ្រ​ចំពោះ​ការបង្កើត​ជង្រុក​ប្លាស្ទិក​ដែល​នាំ​ឱ្យ​អ្នកភូមិ​នៅតាម​ដង​ទន្លេសាប​ចូលរួម​ប្រមូល​សំរាម​ប្លាស្ទិក​ពី​ទន្លេ​។ លោក​ថា ក្រសួង​នឹង​បន្ត​គាំទ្រ​ដល់​អង្គការ​មូលនិធិ​ទំពាំង​ស្នងឫស្សី​ ដើម្បី​បន្ត​ការអប់រំ​ផ្សព្វផ្សាយ​ទៅ​ប្រជាពលរដ្ឋ​បន្តទៀត ហើយ​ការប្រមូល​ប្លាស្ទិក​ពី​ទន្លេ​គឺ​បាន​ចូលរួម​កាត់បន្ថយ​ការបំពុល​ដល់​ជីវចម្រុះ និង​មច្ឆជាតិ​។

លោក​បាន​បន្ថែមថា​៖ «​ការបង្កើត​ជង្រុក​ប្លាស្ទិក​នៅ​សហគមន៍​មេជ្រៃ​ក៏ដូចជា​សហគមន៍​​ផ្សេងៗ​ទៀត និង​ការអនុវត្ត​គម្រោង​ប្រមូល​ប្លាស្ទិក​ដូរ​អង្ករ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​គឺ​សំណល់​ប្លាស្ទិក យើង​នឹង​យក​ទៅ​ធ្វើជា​សារធាតុ​ ឬ​វត្ថុធាតុដើម​មួយផ្នែក​នៃ​ការផលិត​ឥដ្ឋ ដើម្បី​ក្រាល​នៅតាម​សាលារៀន និង​តាម​វត្ត​អារាម​ផ្សេងៗ​»​។

កត្តា​ដែល​បណ្តាល​ឱ្យ​បឹង​ទន្លេសាប​សម្បូរ​ទៅដោយ​សំរាម​ប្លាស្ទិក ព្រោះ​ទន្លេសាប​មាន​រាង​ដូច​បាតខ្ទះ ដែល​ធ្វើឱ្យ​សំរាម​ប្លាស្ទិក​ហូរ​មក​គ្រប់​ច្រកល្ហក​តាមរយៈ​ស្ទឹង អូរ ដែល​ជា​ដៃ​នៃ​ទន្លេ​ស្របពេល​ពលរដ្ឋ​រស់នៅ​តាម​ទន្លេ និង​ភ្ញៀវ​ទេសចរ​បាន​បង្កើត​សំរាម​ដោយ​ខ្លួនឯង​តាមរយៈ​ការបោះ​សំរាម​​ទៅក្នុង​ទឹក​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ស៊ា សុផល​។

សម្រាប់​គម្រោង​នេះ​លោក ស៊ា សុផល បាន​បង្ហាញ​ក្ដី​រំពឹងថា នឹង​មាន​ការគាំទ្រ​ពី​ភាគី​ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេស​គឺ​ក្រសួងបរិស្ថាន​បន្ថែមទៀត​ដើម្បីឱ្យ​ដំណើរ​ការយក​សំរាម​ប្លាស្ទិក​ដូរ​យក​អង្ករ​នេះ​អាច​បន្ត​និរន្តរភាព និង​មាន​វិសាលភាព​កាន់តែ​ទូលំទូលាយ​ទៅ​​ដល់​សហគមន៍​នៅតាម​បឹង​ទន្លេសាប​ដទៃទៀត​៕

វីដេអូ៖