មណ្ឌលគិរីៈ ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ភូមិ​ឡាំមេះ និង​ភូមិ​ពូលុ​ចំនួន ៤ ​នាក់​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃ​ទី​ ២០ ខែ​កក្កដា ដោយ​បាន​ប្តឹង​ប្រធាន​សហគមន៍​នៅ​ភូមិ​ប៊ូស្រា និង​ពលរដ្ឋ​ ១ ​គ្រួសារ ពី​បទ​កាប់​រុករាន​ដីព្រៃ​ក្នុង​សហគមន៍​ដើម្បី​លក់​។

ពាក្យបណ្ដឹង​នេះ​គឺ​បាន​ប្ដឹង​លោក តយ ប៉ាក់ ប្រធាន​សហគមន៍​ប៊ូស្រា និង​លោក ដែន ក្រុយ​សមាជិក​សហគមន៍​ប៊ូស្រា​រួមទាំង​ប្ដឹង​ប្ដី​ប្រពន្ធ​ ១ ​គ្រួសារ​ទៀត ​គឺ​ប្ដី​ឈ្មោះ កែក ថាន និង​ប្រពន្ធ​ឈ្មោះ​ អ្យើវ ពី​បទ​កាប់​រុករាន​ដីព្រៃ និង​លក់​ដីព្រៃ​ដោយ​ខុសច្បាប់​។

ពាក្យបណ្ដឹង​សរសេរ​ថា កាលពី​ឆ្នាំ​ ២០១៤ លោក តយ ប៉ាក់ និង​លោក ដែន ក្រុយ បាន​នាំគ្នា​ចូល​កាប់ឆ្ការ​ដីព្រៃ​សហគមន៍​នៅក្នុង​ឡាំមេះ និង​ភូមិ​ពូលុ អស់​ប្រមាណ​ពី​ ២ ​ទៅ​ ៣ ​ហិកតា និង​មកដល់​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ​ ២០២០ ​នេះ​លោក ដែន ក្រុយ និង​សមាជិក​សហគមន៍​ជាច្រើន​ទៀត​បាន​ចូល​រុករាន​ដី​សហគមន៍​ក្នុងភូមិ​ទាំង​ ២ ​នេះ​បន្តទៀត​អស់​ជាង ១០ ​ហិកតា​ ដើម្បី​ទៅ​លក់​ឱ្យ​អ្នកផ្សេង​ដែល​មិនមែន​ជា​សមាជិក​របស់​សហគមន៍ ព្រមទាំង​បាន​លួច​បោះបង្គោល​ និង​រុករាន​ដី​អស់​ប្រមាណ​ ៥០ ​ហិកតា​ទៀត​។

ពាក្យ​ប្ដឹង​បន្តថា​៖ «​ការរុករាន​ដី​សហគមន៍​ខាងលើ​នេះ​គឺ​ធ្វើ​នៅ​ចំណុច​ផ្សេងគ្នា មាន​ចម្ងាយ​ពី​​ទីស្នាក់ការ​បរិស្ថាន​ទួល​ស្វាយ​ប្រមាណ​ ១ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​មិនឃើញ​នាយក​ដែន​ជម្រក ឬ​មន្ត្រី​បរិស្ថាន​ណា​ម្នាក់​ចេញ​មក​ហាមឃាត់ ឬ​ចាត់វិធានការ​ផ្លូវច្បាប់​ឡើយ​»​។

នៅក្នុង​ពាក្យបណ្ដឹង​ដដែល​បន្តថា លុះ​មកដល់​ខែ​កុម្ភៈ ឆ្នាំ ២០២០ ​នេះ​លោក កែក ថាន និង​ប្រពន្ធ​ឈ្មោះ អ្យើវ បាន​កាន់​កាំបិត​ប៉័ងតោ​ទៅ​គំរាម​សហគមន៍​នៅ​ភូមិ​ឡាំម៉េះ​ថា ឱ្យ​ឈប់​បន្ត​បង្កបង្កើនផល​នៅ​លើដី​របស់​ខ្លួន បើ​ពុំ​នោះ​ទេ នឹង​ត្រូវ​កាប់​នឹង​កាំបិត​ប៉័ងតោ​ជាមិនខាន​។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​បន្ថែមថា ដី​ដែល​ស្ថិត​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ​ត្រូវ​បាន​រុករាន​ហើយ​លក់​នេះ គឺជា​ដី​សមូហភាព​ដែល​ប្រើប្រាស់​ដោយ​សហគមន៍​ភូមិ​ឡាំមេះ និង​ភូមិ​ពូលុ សម្រាប់​ធ្វើជា​ដី​លំនៅឋាន ដីចម្ការ​វិលជុំ ដីព្រៃ​កប់​សព ដីព្រៃ​តំណម និង​ដី​បម្រុង​ទុក​ ឬ​ដីព្រៃ​។

លោក​ថា​៖ «​នៅក្នុង​លក្ខន្តិកៈ​ដី​សហគមន៍ គឺ​យើង​មាន​សិទ្ធិ​ប្រើប្រាស់​សម្រាប់​អាស្រ័យផល​តាមបែប​ប្រពៃណី ហើយ​យើង​អត់​មាន​សិទ្ធិ​ចាត់ចែង​លក់ដូរ​ទៅឱ្យ​អ្នកណា ក្រៅពី​សមាជិក​សហគមន៍​បានទេ​។ អ៊ីចឹង​! ឈ្មោះ​ដែល​យើង​បាន​ប្ដឹង​ទាំង​ប៉ុន្មាន​នាក់​ហ្នឹង គឺ​ពួកគាត់​បាន​កាប់​ព្រៃឈើ ហើយ​យក​ដី​ទៅ​លក់ ដែល​យើង​មិនអាច​អត់ឱន​បាន​ទេ ទៅ​តាម​ផ្លូវច្បាប់ ហើយ​បាន​ដាក់​បណ្ដឹង​បរិហារ​គឺ​ដើម្បី​ជួយ​រក​យុត្តិធម៌​»​។

ក្រុម​សហគមន៍​នៅ​ភូមិ​ឡាំមេះ និង​ភូមិ​ពូលុ​ទាំង​នេះ​បាន​ទាមទារ​ឱ្យ​តុលាការ​ដកហូត​ដីសហគមន៍​ទាំងនោះ​មកវិញ​សង​តម្លៃ​ខូចខាត​ព្រៃឈើ​ឱ្យ​ដូចដើម និង​ត្រូវ​ផ្ដន្ទាទោស​ជនពាក់ព័ន្ធ​ទៅតាម​ច្បាប់​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការឆ្លើយតប​ពី​លោក តយ ប៉ាក់ និង​លោក ដែន ក្រុយ បានទេ​នៅ​ថ្ងៃទី​ ២១​ ខែ​កក្កដា​ដោយសារ​ពួកលោក​ទាំង​ ២ មិន​ប្រើ​ទូរស័ព្ទ ខណៈ​លោក ក្រើស ខ្វិន គណៈកម្មការ​សហគមន៍​ប៊ូស្រា​ក៏​មិនអាច​សុំ​ការបញ្ជាក់​បាន​ដោយសារ​ទូរស័ព្ទ​ហៅ​មិន​ចូល​។

ប៉ុន្តែ​លោក វុធ សារុំ ប្រធាន​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ​បាន​ថ្លែងថា នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ​គឺ​មានតែ​សហគមន៍​ដែល​ការពារ​ធម្មជាតិ​ភ្នំ​ណាំលៀរ​តែ​ ១ ​គត់ ហើយ​លោក​បញ្ជាក់ថា មន្ត្រី​បរិស្ថាន​គឺ​តែង​អនុវត្ត​ទៅ​តាម​តួនាទី​ក្នុង​ការការពារ​ការរុករាន​ដីព្រៃ ហើយ​មាន​ករណី​ខ្លះ​ក៏មាន​បញ្ជូន​ទៅ​តុលាការ​ដែរ​។

លោក​ហាក់​មិន​ច្បាស់​ថា នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ​អាច​មាន​ដី​សហគមន៍​ឡាំមេះ​ ឬ​ពូលុ​ឡើយ​។ លោក​បាន​ថ្លែងថា​៖ «​ការដាក់​បណ្ដឹង​របស់​ពួកគាត់​នេះ​គឺជា​សិទ្ធិ​របស់​ពួកគាត់ ប៉ុន្តែ​កន្លងមក គឺ​យើង​តែងតែ​អនុវត្ត​ទៅ​តាម​ភារកិច្ច​របស់​យើង​»​។

លោក វុធ សារុំ បញ្ជាក់ទៀត​ថា​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀរ​គឺ​កំពុង​ត្រូវបាន​ក្រុម​អ្នក​ឆ្លៀត​ឱកាស​ដែល​លោក​អះអាង​ថា​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​តែម្ដង​កំពុង​ផ្លាស់ប្ដូរ​ទម្លាប់​លួច​ចូលទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​នៅពេល​យប់ មក​កាប់​រាន​នៅ​ពេល​ទៀបភ្លឺ​វិញ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ឱ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​បាន​កាន់កាប់​ជាក់ស្ដែង​នៅតាម​តំបន់​ការពារ​របស់​រដ្ឋ​។

លោក អ៊ាង ម៉េងលី អ្នកសម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ គឺ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ មិន​ថា​ជន​នោះ​គឺជា​មន្ត្រី អ្នកមាន​ទ្រព្យធន ឬ​ជា​សហគមន៍​ដែល​ត្រូវបាន​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​ទទួល​តួនាទី​ជា​អ្នកការពារ​ព្រៃឈើ​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​! ប្រសិន​បើ​ករណី​ហ្នឹង​ពិតមែន អាជ្ញាធរ និង​តុលាការ គួរតែ​ស្រាវជ្រាវ​រក​ភ័ស្ដុតាង ថា​តើ​​ជាក់ស្ដែង​បាន​កើតឡើង​ដូច​សហគមន៍ ​(​ឡាំមេះ និង​ពូលុ​) ​បាន​លើកឡើង​ដែរ​ឬ​ទេ​?»៕