ភ្នំពេញ តំណាង​សហគ​មន៍​នៅ​ឃុំ​ប្រមេរុ​ ស្រុក​ត្បែង​មាន​ជ័យ ​ខេត្ត​ព្រះវិ​ហារ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ដាំ​ស្ករអំពៅ​ចិន​ចំនួន​ ២​ បាន​ស្នើ​ឱ្យ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ជាពិ​សេស​ ក្រសួង​ដែន​ដី​នគរូបនី​យកម្ម​ និង​ សំណង់ព​ន្លឿ​ន​ការ​ដោះ​ស្រាយ​ដីធ្លី​ជូន​ពួក​គាត់ ខណៈ​ពួក​គាត់​កំពុង​ត្អូញ​ត្អែ​រ​អំពី​ការ​បាត់​បង់​មុខ​របរ​ចិញ្ចឹម​ជីវិត​។

កាលពី​ព្រឹក​ថ្ងៃ​ទី ៨​ សីហា​នេះ​ សហ​គមន៍​ចំនួន​ ១៧​ នាក់​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ចំនួន ​៣ ​ភូមិ គឺ​ភូមិ​ប្រមេរុ​ ភូមិ​ស្រែ​ព្រាង ​និង​ភូមិ​បុះ​ធំ នៃ​ឃុំ​ប្រមេរុ​ បាន​ធ្វើ​សន្និ​សីទកា​សែត​មួយ​នៅឯ​ភោជនី​យដ្ឋាន​ទន្លេ​បាសាក់ ​១ ដើម្បី​ស្នើ​សុំឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​ លោក ជា សុផារ៉ា ចាត់​មន្ត្រី​បច្ចេក​ទេស​ចុះ​វាស់វែង​ដីធ្លី​សហគ​មន៍​ ដែល​ត្រូវបា​ន​ក្រុមហ៊ុន​ចិន​ឈ្មោះ ឡាន​ហ្វេ​ង និង​ក្រុម​ហ៊ុន រូ​យ​ហ្វេ​ង (ខេ​ម​បូ​ឌា) អ៊ីន​ធើ​ណេ​សិ​នណល ខម​ភេ​នី លីមី​ត​ធី​ត ឈូស​ឆាយ​រំលោភ​យក​ តាំងពី​ឆ្នាំ​ ២០១២​ ដើម្បី​ចុះប​ញ្ជី​ជា​ដី​កម្ម​សិទ្ធិ​សមូ​ហភាព​វិញ។​

លោក ស៊ុត សា​វន ប្រ​ធាន​គណៈ​កម្មា​ធិការ​សហគមន៍​ឃុំ​ប្រមេរុ​ បាន​លើក​ឡើងថា​ ​ពលរដ្ឋ​ទាំង​៣​ភូមិ ខ្លះ​បាន​ជាប់​បំណុល​ធនាគារ ​និង​ខ្លះ​ទៀត​ចំណាក​ស្រុក​បន្ទា​ប់ពី​ដី​សហ​គមន៍​ដែល​ធ្លាប់​តែ​មាន​បឹង​បួព្រៃឈើនិង​សត្វព្រៃ​ជាច្រើន​ប្រភេទដែល​អាច​ជួយ​ឱ្យ​ពលរដ្ឋ​បរ​បាញ់ នេ​សាទ បោក​វ​ល្លិ ធ្វើ​ចម្ការ​វិលជុំ​និង​ការ​ទទួល​បាន​ផល​អនុ​ផល​ព្រៃ​ឈើ​ជាច្រើន​ទៀត​ដើម្បី​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ​បច្ចុប្ប​ន្ននេះ មុខរបរ​ប្រពៃ​ណី​ទាំង​នោះត្រូវ​បាន​បាត់​បង់​ទាំង​ស្រុងក្រោយពី​មាន​ក្រុមហ៊ុន​ចិន​ចូលទៅ​ឈូស​ឆាយ​បំផ្លាញ​និង​ដាំ​ចម្ការ​អំពៅ​ដោយ​គ្មាន​ការ​ពិភា​ក្សា​ជា​មួយ​ពល​រដ្ឋ ​។

លោក​ថា៖​ «បើទោះបីជា​ខ្ញុំមិន​បាន​ស្រង់ស្ថិតិ​ ប៉ុន្តែ​បង​ប្អូន​នៅ​ឃុំ​ប្រមេរុ​ហ្នឹង​គឺ​មាន​ជំពាក់​ធនាគារ​ច្រើន​មែនទែនដោយសារតែ​មុខ​របរ​ប្រពៃណី​របស់​ពួកគាត់​ត្រូវ​បាត់​បង់ ដូចជា​ដង​ជ័រទឹក​អី​ជា​ដើម»។

ការធ្វើ​សន្និសីទកាសែត​នេះ បន្ទាប់​ពី​ក្រុម​ពលរដ្ឋ​ទាំង​ ១៧ នាក់ បាន​ឡើង​មក​ភ្នំពេញ​ តាំងពី​ថ្ងៃទី ​៤ ​សីហា​ ដើម្បី​យក​ញត្តិ​ទៅ​ដា​ក់នៅ​ក្រសួង​ដែន​ដី ខុទ្ទ​កាល័​យ​លោក ​ហ៊ុន សែន និង​សហ​ភាព​អឺរ៉ុប​ដើម្បី​ស្នើសុំ​ព​ន្លឿ​ន​ដំណោះ​ស្រាយ​ដីធ្លី ​ខណៈ​ពួក​គាត់​បាន​អះ​អាង​ថា ក្រុម​ការ​ងារ​ជំនាញ​របស់​ក្រសួង​ដែន​ដី​ ទើប​ចុះទៅ​វាស់​វែង​ដី​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរ​ ចាប់ពី​ថ្ងៃទី ​២៤ ​ខែមិ​ថុនា និង ​បញ្ចប់​វិញ​នៅ​ថ្ងៃទី​ ៩​ កក្កដា​នេះ ប៉ុន្តែ​ ពួក​គាត់​ថា ​ការ​ចុះទៅ​របស់​មន្ត្រី​នេះ គឺ​វាស់​វែង​បាន​តែ​ដី​លំ​នៅ​ឋាន ដី​ថ្ម​កប់​ខ្មោច​ និង​ស្រែ​តិច​តួច​ប៉ុណ្ណោះ​នៅ​ភូមិ​ប្រ​មេរុ ដោយ​ឡែក​មិន​បាន​វាស់​វែង​ដី​កំពុង​មាន​ជម្លោះ​ដែល​សហ​គមន៍​កំពុង​ទាម​ទារ​ឡើយ​។

លោក​ស្រី ទេព ទឹម តំណាង​សហ​គមន៍​នៅ​ភូមិ​ប្រមេរុ​បានលើ​ក​ឡើង​​ដែរ​ថា ចាប់​តាំងពី​កើត​មាន​ជម្លោះ​រយៈ​ពេល ៧ ឆ្នាំ​មក​នេះ គឺ​ខាង​ពលរដ្ឋ​បាន​ធ្វើ​ការតវ៉ា​ដាក់​ញត្តិ​និង​ការដើរ​ដាក់​ពាក្យ​បណ្ដឹង​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធ​ទាំង​អស់​របស់​រដ្ឋា​ភិបា​លក្នុង​នោះ​ រួម​មាន​ទាំង​តុលា

ការ​និង​ការ​ដាក់​ញត្តិ​ទៅ​ដល់​ស្ថាន​ទូត​ចិន​ផង​ដែរ ប៉ុន្តែ​ អាជ្ញាធរ​មិនបាន​ចេញម​ក​ដោះ​ស្រាយ​ជូន​ពល​រដ្ឋ​ឡើយ។ រីឯ ​អាជ្ញា​ធរខេ​ត្ត​វិញ​ថែម​ទាំង​ឆ្លើយថា​ បើទោះ​បីជា​​ពលរ​ដ្ឋ​ដើរ​តវ៉ា​យ៉ាង​ណាក្ដី​ ក៏​អាជ្ញា​ធរ​មិន​អាច​ទៅ​ដក​ហូតយ​ក​ដី​ពី​ក្រុម​ហ៊ុន​ចិន​វិញ​ដែរ​។

លោក​ស្រី​ថា៖​ «នៅ​ពេល​យើង​ទៅ​តវ៉ា​ឱ្យ​ក្រុម​ហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ​ដូច​កាប់​បំផ្លាញ​ដើម​ជ័រ​ច្បោះ​អ៊ី​ហ្នឹង​គេ​ចោទ​ប្រកាន់​យើង​ថា យើង​ទៅ​លួច​ដី​រដ្ឋ​ទៅ​វិញ ហើយ​កន្លង​មក​ ពេល​យើង​តវ៉ា​តាម​ផ្លូវ​ច្បាប់​ ពាក្យ​បណ្ដឹង​គ្មាន​ចំណាត់​ការ​អី​ទេ ប៉ុន្តែ​នៅ​ពេល​ក្រុម​ហ៊ុន​ប្ដឹង​ពល​រដ្ឋ​បែរ​ជា​តុលា​ការ​ខេត្ត​កោះហៅ​ពល​រដ្ឋ​ជា​បន្ត​បន្ទាប់ ​ម្ដង៤​នាក់​ទៅដ​ល់ ១០ នា​ក់​អ៊ីចឹ​ង»​។

ទោះ​ជា​យ៉ាង​ពលរដ្ឋ​នៅក្នុង​សន្និសីទ​សារព័ត៌មាន មិនអាច​បញ្ជាក់​អំពី​ចំនួន​ពលរដ្ឋ​នៅក្នុង​ភូមិ​ទាំង៣ និង​ផ្ទៃដី​របស់​សមូ​ហភាព​ប៉ុន្មាន​ហិកតា​ដែល​ត្រូវបាន​ក្រុមហ៊ុន​រំលោភ​យក​ឡើយ ដោយសារ​ពួកគាត់​អះអាងថា មិនដែល​ធ្វើ​ស្ថិតិ​និង​វាស់វែង​ដី​ទាំង​នោះទេ។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ ​ប៉ុស្ដិ៍​ មិនអាច​ទាក់ទង​លោក សេង ឡូត មន្ត្រី​នាំពាក្យ​ក្រសួង​ដែនដី​បានទេ​ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ។

លោក ធាង ហេង មេឃុំ​ប្រមេរុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា អាជ្ញា​ធរខេត្ត​ និង​មន្ត្រី​ក្រសួង​ដែ​ដី​កំពុង​ចុះ​ដោះ​ស្រា​យ​ដីធ្លី​នៅក្នុង​ឃុំ​ប្រមេរុ​នេះ ប៉ុន្តែ​លោក​ចោទ​ប្រកាន់​ភាគី​ពល​រដ្ឋ​ថា នៅ​ពេល​អាជ្ញា​ធរ​ចុះ​ដោះ​ស្រាយ​ បែរ​ពល​រដ្ឋ​មិន​ចូល​រួម​សហ​ការ​ទៅវិញ។

លោក​ថា៖«អាជ្ញា​ធរ​ខ្ញុំ​ប្រឹង​ជួយ​ណាស់​ប៉ុន្តែ​ពួក​គាត់​ដូច​មិន​សហ​ការ​សោះដូចជា​នៅ​ពេល​យើង​បង្ខំ​ឱ្យ​គាត់​ធ្វើលិ​ខិត​ស្នើ​សុំ​បង្កើត​សហគមន៍​ឡើង​វិញ គាត់​អត់​ធ្វើ​ហើយ​អត់​សហ​ការ​សោះ»។

ទោះជា​យ៉ា​ងណា លោក​បន្ត​ថា ការអ​ភិវឌ្ឍ​​គឺ​តែង​មាន​ការប៉ះ​ពាល់ ​ប៉ុន្តែ​មាន​តិច​តួច​ប៉ុណ្ណោះ មិ​នធំ​ធេង​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ឡើយ​ហើយ​បច្ចុប្បន្ន​ខាង​មន្ត្រី​ក្រសួង​នឹង​បន្ត​ចុះ​វាស់​វែង​បន្ត​ទៀត​ ហើយ​ចំពោះ​ដី​សហ​គ​មន៍​ដែល​មា​ន​ជម្លោះ​ជា​មួយ​ក្រុម​ហ៊ុន នឹ​​ងត្រូវ​ដោះស្រា​យ​នៅ​ពេល​បន្ត​បន្ទាប់​។

ក្រុមហ៊ុន​ហេង​ហ្វូ​ដែលជា​ក្រុមហ៊ុន​ធំ​របស់​ក្រុម​ហ៊ុន​ឡាន​ហ្វេ​ង​និង​រូ​យ​ហ្វេ​ង​ទទួលបាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ចំនួន​៩០​១៥​ហិក​តា​ស្ថិត​ក្នុង​ឃុំ​ប្រ​មេរុ និង​បាន​ឈូស​ឆាយ​ដើម្បី​ដាំ​​អំពៅ​ ​។

ប៉ុន្តែ​ លោក ​ឡោ ច័​ន្ទ មន្ត្រី​សម្រ​ប​សម្រួល​សមាគម​អាដហុក ​ប្រចាំ​ខេត្ត​ព្រះវិហារ​ បាន​លើ​កឡើង​ថា តាម​ការ​ចុះ​ពិនិត្យ​ផ្ទាល់​ លោក​សង្កេត​ឃើញ​ក្រុមហ៊ុន​នេះ​បាន​ប្ដូរ​មក​ដាំ​ជា​ស្រូវ​វិញ​បាន​ប្រហែល ​៨០% ​នៃ​ផ្ទៃដី​វិនិយោគ ។

លោក​បន្ត​ថា តាមផ្លូវ​ច្បាប់ ​ប្រសិន​បើ​អាជ្ញា​ធរ​រក​ឃើញ​ថា ការវិ​និយោ​គ​របស់​ក្រុម​ពិត​ជា​រំលោភ​លើដី​សហគ​មន៍ គឺ​រដ្ឋ​មាន​សិទ្ធិ​ដក​ហូត​ប្រគល់ឱ្យ​ពលរដ្ឋ​វិញ។

លោក​ថា៖ «ប៉ុន្តែ​ខ្ញុំ​ឮអាជ្ញា​ធរ​ថា​ដោះ​ស្រាយ ប៉ុន្តែ​គេ​ថា​មិន​ដឹង​ដោះ​ដោយ​រ​បៀប​ណា»​៕