កំពង់ស្ពឺៈ ប្រជាសហគមន៍​ប្រាំបី​មុំ​បាន​រួមគ្នា​ការពារ​ និង​អភិរក្ស​ព្រៃឈើ​ព្រមទាំង​សត្វព្រៃ​គ្រប់​ប្រភេទ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍​ដែលមាន​ផ្ទៃដី​ ៩៣៧ ​ហិកតា​ ក្នុង​ភូមិ​ត្រពាំង​ក្រើញ ឃុំ​ប្រាំបីមុំ​ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយ​មាន​អង្គការ Wildlife Alliance ជួយ​គាំទ្រ​ផងដែរ​។

លោក សឿន ឡាយ ប្រធាន​សហគមន៍​ប្រាំបីមុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តំបន់​ព្រៃ​ការពារ​របស់​សហគមន៍​ប្រាំបីមុំ​ជា​តំបន់​ទេសភាព​ខ្ពង់រាប​ និង​ជួរភ្នំ​ដែល​សម្បូរ​ធនធាន​សត្វព្រៃ​ច្រើន​ប្រភេទ ដូចជា មាន់ព្រៃ ជ្រូកព្រៃ ឆ្កែចចក ត្រកួត ទន្សង ឈ្លូស ក្ងោក ជាពិសេស​សត្វ​ទន្សោង​ដែលជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​។

លោក ឡាយ បាន​បញ្ជាក់ថា​៖ «​សព្វថ្ងៃ​​នេះ​សហគមន៍​របស់​យើង​មាន​ក្រុម​ឧទ្យានុរក្ស​ ១៦ ​នាក់​។ ​ក្រោម​កិច្ចការពារ​ និង​អភិរក្ស​របស់​យើង​ក្នុង​រយៈពេល​ ១៧ ​ឆ្នាំ​កន្លងមក​​នេះ​ តំបន់​ព្រៃ​ការពារ​របស់​យើង មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​បាន​បង្ហាញ​វត្តមាន​ដ៏គួរ​ឲ្យ​កត់សម្គាល់​ក្នុង​នោះ​មាន​ទាំង​សត្វ​ទន្សោង​ដែល​ជា​សត្វ​កម្រ និង​ជិត​ផុត​ពូជ​ពី​ពិភពលោក​ប្រមាណ​ជិត​ ១០០ ​ក្បាល​ផងដែរ​»​។

លោក​ ឡាយ បាន​ឲ្យ​ដឹងផង​ដែរ​ថា​ពលរដ្ឋ​ក្នុង​សហគមន៍​របស់លោក​សរុប​ ៦៧៨ ​គ្រួសារ​ ស្មើនឹង​ ២ ២៦៩ ​នាក់​ (​ស្រី​ ១ ៣៧២ ​នាក់​) តែ​នាំគ្នា​ចុះ​ល្បាត​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ដោយ​ស្ម័គ្រចិត្ត​ទាំងយប់​ទាំង​ថ្ងៃ​តាំងពី​ឆ្នាំ​ ២០០៣ ​មក​។ ​ដោយសារ​កិច្ចប្រឹងប្រែង​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​ ៣ ​ខែ​ មេសា ​ឆ្នាំ​ ២០១៨ បានប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​ ១០ ខែ​កញ្ញា ឆ្នាំ​​ដដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ដីព្រៃ​ក្នុង​ទំហំ​ខាងលើ​នេះ​ដល់​សហគមន៍​ជា​អ្នកគ្រប់គ្រង​ថែរក្សា​ការពារ និង​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​សហគមន៍​។

លោក​បាន​បន្ថែមថា​៖ «​ស្របពេល​ជាមួយ​គ្នា​នេះ​អង្គការ Wildlife Alliance បាន​បញ្ជូន​ក្រុម​ឧទ្យានុរក្ស​មួយចំនួន​មក​ជួយ​ធ្វើ​កិច្ចការ​របស់​យើង​រួមទាំង​ជួយផ្ដល់​ថវិកា​ ១ ​ចំនួន​ទៀត​សម្រាប់​គាំទ្រ​ដល់​ការចុះល្បាត​ផងដែរ​ដោយ​ក្នុង​ ១ ​ខែៗ​បានផ្ដល់​សាំង ៣ ​កាន​ (៩០ ​លីត្រ​) ​ទឹក​សុទ្ធ​ ១០០ ​យួរ អង្ករ​ ១០០ ​គីឡូក្រាម រួមទាំង​សម្លៀកបំពាក់ និង​គ្រឿង​បរិក្ខារ​មួយចំនួន​ទៀត​ដល់​សហគមន៍​យើង​»​។

លោក​បាន​បន្តថា ដើម្បី​តាមដាន​ពី​សត្វព្រៃ​នៅ​តំបន់​នេះ​ក្រុម​ឧទ្យានុរក្ស​របស់​អង្គការ​ Wildlife Alliance បាន​បំពាក់​កាំមេរ៉ា​វីដេអូ​ ៧ ​គ្រឿង​ក្នុងព្រៃ ហើយ​ក្នុង​ ១ ​ខែ​ក្រុម​ឧទ្យានុរក្ស​នៃ​អង្គការ​នេះ​បាន​មក​ប្រមូល​យក​ទិន្នន័យ​ពី​កាមេរ៉ា​ទាំងនោះ​ម្ដង​។

ជុំវិញ​ករណីនេះ​កាលពី​ថ្ងៃ​ចន្ទ អង្គការ​ Wildlife Alliance(Cambodia) ​បាន​បញ្ជាក់​ថា ការគាំទ្រ​ដល់​សហគមន៍​នេះ​គឺ​​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​អង្គការ ព្រោះ​សហគមន៍​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​កំណត់​ជោគវាសនា​សត្វព្រៃ​នៅក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​របស់​ពួកគេ​។ ​ក្រុម​ឧទ្យានុរក្ស​នៃ​សហគមន៍​នេះ​បាន​យល់​ដឹងថា​ «​ព្រៃឈើ​គឺជា​ផ្ទះ​របស់​ហ្វូង​សត្វព្រៃ​» ដូចជា សត្វ​ទន្សោង​ដែលជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​ជាដើម​។

បើតាម​អង្គការ​នេះ​បច្ចុប្បន្ន​ក្នុងព្រៃ​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវបាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​សត្វ​ទន្សោង​នៅ​សេសសល់​ប្រមាណ ៤ ០០០ ​ក្បាល​ប៉ុណ្ណោះ ។

អង្គការ​នេះ​បានបញ្ជាក់​បន្ថែម​ថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​នេះ​ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ និង​ក្រុម​ថែទាំ​សត្វ​របស់​អង្គការ Wildlife Alliance បាន​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​ឲ្យ​ទៅ​ជួយ​ធ្វើការ​ពួកគេ​បន្ថែមទៀត ហើយ​បាននិង​កំពុង​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ចុះ​ល្បាត​រយៈពេល​ ២ ​ឆ្នាំ​បន្តទៀត ដោយ​គិត​ចាប់ពី​ពេល​នេះ​ទៅ​៕