មណ្ឌល​គិរីៈ សហ​គមន៍ជន​ជាតិ​ភាគ​តិច​ព្នង​នៅ​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី ​បាន​អះ​អា​ង ​នៅថ្ងៃ​ទី ២៣ ​សីហា​នេះថា សកម្ម​ភាព​ដឹកជ​ញ្ជូន​ឈើ​ខុស​ច្បាប់​​ក្នុង​មួយ​យប់​មាន​រថ​យន្ត​ចាប់​ពី​ ២០ ​ទៅ​ ៣០​ គ្រឿង​ ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ណាំ​លៃរ​​ ប៉ុន្ដែ​អាជ្ញា​ធរ​ថា​ សក​ម្ម​ភា​ព​​នេះ​ត្រូវ​បាន​បង្ក្រាប​រួច​រាល់​ហើយ​។

លោក ​ច្រើ​ង​ តុលា​ តំ​ណាង​ក្រុម​សកម្ម​ជន​តស៊ូ​មតិ​ និង​ការ​ពារ​ព្រៃឈើ​​ក្នុង​សហ​គមន៍​ព្នង​ឃុំ​ប៊ូ​ស្រា​បាន​លើក​ឡើង​ថា សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​បន្ត​ជា​រៀង​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​សមត្ថ​កិច្ច​នោះ​ទេ។ ជាក់​ស្ដែង ជា​​រៀង​រាល់​យប់​គេ​ឮ​សំឡេង​រថយន្ត​ដឹក​ឈើ​ចេញពី​តំបន់​ដែន​ជម្រ​កសត្វ​ព្រៃ​ណាំ​លែរ​ជា​ហូរ​ហែ​។

លោក​បន្តថា កន្លង​មកពេល​ដែល​ពលរដ្ឋ​បាន​ឃើញ​សកម្ម​ភាព​នេះ តែង​តែ​ទៅ​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច ឬ​ចុះ​បង្ក្រាប​ផ្ទាល់​តែ​ម្ដង​ប៉ុន្ដែ​មិន​បាន​លទ្ធ​ផល​អ្វី​ទេ ព្រោះ​ជនល្មើ​ស​មាន​អាវុធ​គ្រប់​ដៃ។ លើស​ពី​នេះ ​ពួកគេ​បាន​គំរាម​សម្លាប់​ប្រជា​សហ​គមន៍​ដែល​ហ៊ាន​រា​រាំង​ពួក​គេ​ទៀត​​ផង។

លោក​បញ្ជាក់​ថា៖​«បទ​ល្មើស​នៅតែ​កាប់​ដឹក​ជញ្ជូន​យ៉ាង​គគ្រឹក​គគ្រេង ហើយ​អនា​ធិប​តេយ្យ​ក្នុង​ឃុំ​ប៊ូ​ស្រា​យើង​នេះ ​ក្នុង​នាម​​ខ្ញុំ​អ្នក​តស៊ូ​មតិ និង​ជា​អ្នក​ការពារ​ព្រៃ​ឈើ​ ស្នើសុំ​​ឯកឧត្តម​ ស្វាយ សំ​អ៊ាង ​គណៈ​នៃ​គណៈ​អភិ​បាល​ខេត្ត​ជួយ​ទប់​ស្កាត់​​បទ​ល្មើស​និង​បង្កើន​ប្រសិទ្ធ​ភាព​ ក្នុង​ការ​ការ​ពារ​ឲ្យ​មាន​ចីរ​ភាព ​ព្រៃឈើ​ផង ព្រោះ​វា​ជិត​រលាយ​ហើយ»។​

លោក កែវ សុ​ភ័គ ប្រធាន​មន្ទី​របរិ​ស្ថាន​ខេត្ត​មណ្ឌល​គិរី​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៣​សីហា​នេះ​ថា​ កម្លាំង​សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​​រួច​រាល់​ហើយ​គឺ​រឹប​អូស​ឈើ​ដែល​ក្រុម​ជនល្មើ​ស​បាន​លួច​កាប់​រាប់រយ​ដុំ​លាក់ទុក​នៅក្បែរ​មាត់​អូរ​ក្នុង​តំបន់​ណាំ​​លែរ ប៉ុន្ដែ​មនុស្ស​បាន​រត់​គេច​ខ្លួន​បាត់​។

លោក​​បញ្ជាក់​ថា៖«យើង​ចុះ​បង្ក្រាប​រយៈពេល​មួយ​សប្ដាហ៍​ហើយ ជាពិសេស​យើង​បាន​ទៅពិនិត្យ​ក្នុង​ក្រុមហ៊ុន​វៀត​ណាម​​មួយ​ដែល​បាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​នៅ​ក្បែរ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ណាំ​លែរហើយ​បានឃើញ​ឈើ​ជាច្រើន​កំណាត់​​ដែរ។ ខ្ញុំ​គិតថា ក្រុម​ហ៊ុន​ហ្នឹង​អាច​វា​ជួល​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ចូលទៅ​កាប់ ហើយ​យក​ទៅ​លាក់​ក្នុង​ដី​ក្រុម​ហ៊ុន»។

លោក អៀង ម៉េង​លី មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គកា​រ ADHOC​ ប្រចាំ​ខេត្ត​មណ្ឌល​គិ​រី​បាន​ឲ្យ​ដឹង​ថា ដូច​នូវ​អ្វីដែល​ពលរដ្ឋ​ក្នុង​សហ​គមន៍​លើក​ឡើង​ដែរ គឺ​សមត្ថ​កិច្ច​មិនសូវមាន​សកម្ម​ភាព​ឬ​បង្ហាញ​លទ្ធផល​នៃ​ការបង្ក្រាប​ទេ។ ម្យ៉ាង​វិញ​ទៀត​បើ​សមត្ថ​កិច្ច​បង្ក្រាប​បាន ​លុះត្រា​តែមាន​គ្រោះថ្នាក់​ចរ​ចរណ៍​ដោយ​ចៃ​ដន្យ និង​បង្ក្រាប​បាន​តែ​ពលរដ្ឋ​ដែល​​ដឹក​តាម​កង់ឬ​ម៉ូតូ​បន្ដិច​បន្ដូច​ប៉ុណ្ណោះ។

លោក​​បញ្ជាក់ថា៖«ពួក​គេ​ចាប់​បានដែរតែ​បាន​អ្នក​ដែល​ជិះ​កង់ឬ​ដឹកអុស​បន្ដិច​បន្ដួច​ហ្នឹង ហើយ​ទ្រង់ទ្រាយ​ធំគឺ​មិន​ងាយ​បាន​ឃើញ​សមត្ថកិច្ច​បង្ក្រាប​បានទេ។ ដូច្នេះ បានជា​ពលរដ្ឋ​ក្នុង​សហ​គមន៍ គាត់​ចេះតែ​បង្ហាញ​ក្ដីបារម្ភ​ជុំវិញ​ការបាត់បង់​ព្រៃ​ឈើ​ទាំង​នេះ»។

សហ​គមន៍​ភូមិ​ពូ​លុបាន​ចុះបញ្ជី​កំណត់​អត្តស​ញ្ញាណ​ជនជា​តិដើម​ព្នង​ទទួល​ស្គាល់​ផ្លូវការ​ដោយ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​។

សហ​គមន៍​អភិរក្ស​ព្រៃ​តំបន់​នោះដើម្បី​ចុះបញ្ជី​ជា​ព្រៃ​គោរពបូ​​ជានិង​ជា​ព្រៃ​ត្រៀម​បម្រុង​សហគ​មន៍ ​ក៏ប៉ុន្តែ​ប៉ុន្មា​ន​ឆ្នាំ​​កន្លង​ទៅ ព្រៃ​នេះ​ត្រូវបាន​ជនល្មើស​លួច​កាប់​ធ្វើ​អាជី​វកម្ម​ក្នុង​ប្រទេស​និង​លួច​ដឹក​​ឆ្លងដែ​ន​ទៅ​លក់​ឲ្យ​ឈ្មួញ​​នៅ​ប្រទេស​វៀត​ណាម​ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​តំបន់​នោះ៕