ភ្នំពេញៈ បណ្តាញសហគមន៍ព្រៃឡង់ នាពេលថ្មីៗនេះ បានទទួលពានរង្វាន់ «National Energy Globe Award 2019» ពីអង្គការថាមពលពិភពលោក ចំពោះភាពសកម្មរបស់ពួកគេ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើ និងបរិស្ថានដែលកំពុងទទួលរងការបំផ្លាញ។ នេះបើតាមសកម្មជនបណ្ដាញព្រៃឡង់កាលពីម្សិលមិញ។
នេះជាពានរង្វាន់ទី៤ ហើយ ដែលបណ្ដាញព្រៃឡង់ទទួលបាន។ កាលពីឆ្នាំ ២០១៧ បានទទួលពានរង្វាន់ «Innovation Prize» ពីមូលនិធិសង្គមអន្តរជាតិសម្រាប់ព្រៃត្រូពិច (International Society for Tropical Foresters) ខណៈកាលពីខែ ធ្នូ ឆ្នាំ ២០១៥ ទទួលបានពានរង្វាន់ «UNDP Equator Initiative Prize» ពីកម្មវិធីគំនិតផ្តួចផ្តើមរបស់ UNDP Equator និងពានរង្វាន់ដំបូងបំផុតដែលបណ្ដាញព្រៃឡង់ទទួលបានក្នុងឆ្នាំ ២០១២ ដែលមានឈ្មោះថា «Alexander Soros Foundation Award»។
សមាជិកក្រុមបណ្ដាញសហគមន៍ព្រៃឡង់ លោក ឯក សុវណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា អង្គការថាមពលពិភពលោក កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩ បានលើកទឹកចិត្ត ដល់ក្រុមការងារនៃបណ្ដាញសហគមន៍ព្រៃឡង់ ដែលបានប្រឹងប្រែងក្នុងកិច្ចការពារព្រៃឈើ និងបរិស្ថានបានល្អសម្រាប់កម្ពុជា និងពិភពលោក ដោយអង្គការនេះ បានប្រកាសផ្ដល់ពានរង្វាន់ «National Energy Globe Award 2019» ដល់បណ្ដាញព្រៃឡង់ដែលពានរង្វាន់នេះគឺជារង្វាន់បរិស្ថានដ៏មានកិត្យានុភាពបំផុត នៅទូទាំងពិភពលោកនា ពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា៖ «យើងពិតជារីករាយណាស់ នៅពេលដែលទទួលបានដំណឹងអំពីការទទួលបានពានរង្វាន់លើកទឹកចិត្ត ពីអង្គការថាមពលពិភពលោកនេះ»។
ជារៀងរាល់ឆ្នាំ អង្គការថាមពលពិភពលោក បានធ្វើការពិនិត្យទៅលើសកម្មភាពនៃការអនុវត្តគម្រោងកម្មវិធីអភិរក្សធនធានធម្មជាតិ និង ថាមពលនៃបណ្ដាប្រទេសជាង ១៨០ ដែលបានដាក់ស្នើសម្រាប់ការចូលរួមប្រកួតប្រជែងស្នាដៃ និងពានរង្វាន់លើកទឹកចិត្តសម្រាប់ថ្នាក់ជាតិនិងសកលលោក។ សម្រាប់ឆ្នាំ ២០១៩ នេះ មាន ១៨២ ប្រទេសដែលរួមបញ្ចូលទាំងបណ្ដាញសហគមន៍ព្រៃឡង់នៃប្រទេស កម្ពុជា ផងដែរ។
គួរបញ្ជាក់ថា បណ្តាញសហគមន៍ព្រៃឡង់ដែលតែងតែមានភាពសកម្ម ក្នុងការចុះល្បាតព្រៃ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ គឺជាបណ្តាញមួយ ដែលមានសមាជិកសហគមន៍មូលដ្ឋាន ដែលធ្វើការដើម្បីស្តារព្រៃឡង់ ពីការកាប់ឈើខុសច្បាប់។ ក្រុមល្បាតព្រៃឈើនៃបណ្តាញនេះ បានកត់ត្រាពីការកាប់ឈើខុសច្បាប់និងធនធានមានតម្លៃ និងរាយការណ៍ពីការរកឃើញរបស់ខ្លួនទៅអ្នកបង្កើតគោលនយោបាយ និងសាធារណជន។
គម្រោងនេះធ្វើការនៅចំណុចប្រសព្វរវាងអភិបាលកិច្ចល្អ សម្រាប់ធនធានធម្មជាតិ ការកសាងសន្តិភាព និងវិធីសាស្ដ្រផ្អែកលើសិទិ្ធមនុស្ស ហើយនិងប្រើប្រាស់ព័ត៌មាននិងបច្ចេកវិទ្យាទំនាក់ទំនងថ្មីៗ៕