ភ្នំពេញៈ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​លើកឡើងថា​ សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅតែ​បន្ត​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាង​ ៥ ខែ ​ក្នុង​ឆ្នាំ ២០១៩ នេះ​ និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​ទប់ស្កាត់ ​ទោះ​យ៉ាងណា ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ការ​លើកឡើង​នេះ​ថា​ជា​ការ​មិន​ពិត​ និង​មាន​របៀបវារៈ​ជា​រឿង​នយោបាយ។

តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ ចេញនៅ​ថ្ងៃទី ១៧ ​ខែ មិថុនា​ របស់​បណ្តាញ​សហគមន៍​ព្រៃឡង់ ​ពួកគេ​អះអាង ថា ​ការកាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​មានការ​កើនឡើង​យ៉ាងខ្លាំង​ក្លា។ ពួកគេ​បានបង្ហាញ​ពី​ក្ដីកង្វល់​ចំពោះ​ការកាប់បំផ្លាញ​ និង​ដឹកជញ្ជូនឈើ​យ៉ាង​អនាធិប​តេយ្យ ​និង​សកម្ម​ភាព​ល្មើសច្បាប់​ជាច្រើន​ករណីផ្សេងទៀត​ដែល​កំពុង​តែកើតមានឡើង​នៅក្នុង​តំបន់​ព្រៃឡង់។

បណ្ដាញ​ព្រៃ​ឡង់​បញ្ជាក់ថា ​សកម្មភាព​កើនឡើង​ទាំងនេះ​ ដោយសារ​មានការ​អនុញ្ញាតឱ្យ​ដឹកឈើ​ជាច្រើន​គោយន្ត​ក្នុង​ ១ ថ្ងៃៗ​ និង​ឧបករណ៍​សម្រាប់​កាប់​ឈើ​ កាត់តាម​មុខ​ស្នាក់​ការ​​យាម​របស់​មន្ត្រី​ឧទ្យា​នុរក្ស។ ការកាប់​រាន​ដីព្រៃ​ និង​ដែន​ជម្រក​សត្វព្រៃ​របស់​អ្នកមាន​អំណាច​និង​ពលរដ្ឋ​ចំណូល​ថ្មី។

ការ​ដំឡើង​រោង​ម៉ាស៊ីន​អារឈើ​ដោយ​​​ក្រុមហ៊ុន ​ស៊ីង បាយ​អូ​ថេ​ក (ខេ​ម​បូ​ឌា) ខូ​អិ​ល​ធី​ឌី។ ការចេញ​លិខិត​អនុញ្ញាត​របស់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ពលរដ្ឋ​ចូល​ទៅកាប់​ឈើ​ក្រោមលេស​សាងសង់​ផ្ទះ ​ការប្រើប្រាស់​អាវុធ​កែច្នៃបាញ់​សត្វព្រៃ​ និង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ក្រុមហ៊ុន​និង​ជន​អនាធិបតេយ្យ។

កញ្ញា​ ឈាង លី ​តំណាង​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​ការចេញ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការកាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ ​គឺ​ដោយសារ​ការចុះ​ល្បាត​ឃ្លាំមើល​របស់​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ដែល​តែង​ធ្វើឡើង​ ១ ខែ​ម្ដង​ដោយបាន​រកឃើញ​ថា ​ចាបពី​ឆ្នាំ ២០១៨​ ដល់​ ខែ មិថុនា ​ឆ្នាំ ២០១៩ នេះ ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើន​ឡើង​ខ្លាំង​ដដែល។ ​

រាល់​បទ​ល្មើស​ដែល​បាន​រៀបរាប់​នៅក្នុង​សេច​ក្ដី​ថ្លែងការណ៍ ​គឺ​កើតឡើង​ទាំង​ ៤ ខេត្ត​ នៃ​តំបន់​ព្រៃឡង់។

កញ្ញា​ ឈាង លី​ បញ្ជាក់ថា​៖ «​ការកាប់​ឈើ​ក្នុង​ឆ្នាំ​ ២០១៩ ​ហ្នឹង​ខ្លាំង​មែន​ទែន ​និយាយ​រួម​ក្នុង​ឆ្នាំ ២០១៩​ គឺ​ចាប់ផ្ដើម​ពី​ខែ ២​ មក។ ចា៎!​ បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​ទាំង​ ៤ ខេត្ត​ បាន​ចុះ​ល្បាត​ជា​រៀងរាល់​ខែ»។

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​ស្នើសុំ​វិធានការ​ពី​រដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ពួកគេ​បានលើកឡើង​ក្នុង​សេច​ក្តីថ្លែងការណ៍។ ពួកគេ​ស្នើឱ្យ​ក្រសួង​បរិស្ថាន​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​ជាក់លាក់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការកាប់បំផ្លាញ​ព្រៃឈើ​ ការកាប់​រាន​ដីព្រៃ​សម្រាប់​កសិកម្ម​ថ្មីៗ ​កាំភ្លើង​កែច្នៃ ​និង​សម្ភារ​សម្រាប់​បម្រើការ​ប្រព្រឹត្ត​បទល្មើស។ ពួកគេ​ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​ ត្រូវ​ដកហូត​ម៉ាស៊ីន​អារឈើ​ទាំងអស់​នៅតាម​ភូមិ​ឃុំ​រហូត​ដល់​ខេត្ត​និង​បញ្ឈប់​ការនាំ​ចូល និង​ត្រូវ​ដាក់ទោស​ចំពោះ​មន្ត្រី​រូបណា​ ដែល​មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។

លោក នេ​ត្រ ភក្ត្រា ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ចាត់ទុក​សេចក្តី​ថ្លែងការណ៍នោះ ​ជា​សេចក្ដី​ថ្លែងការណ៍​បំប៉ោង​ទិន្នន័យ​នាំឱ្យ​មាន​ការ​ចាប់អារម្មណ៍​និង​មាន​របៀបវារៈ​នយោបាយ ​ដើម្បីឱ្យ​សាធារណជន​យល់​ច្រឡំ ​និង​មាន​ចេតនា​បំផ្លាញ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ងារ​អភិរក្ស​ធនធាន​ធម្មជាតិ។

លោក​ នេត្រ ភក្ត្រា ​ឆ្លើយតប​ថា​៖ «ក្រសួង​ទទួលស្គាល់​ថា​នៅមាន​បទល្មើស​ទ្រង់ទ្រាយ​តូច​នៅ​កើតឡើង​នៅឡើយ​ក្នុង​តំបន់​អភិរក្ស​ ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​បន្ត​ក្នុងការ​បង្ក្រាប​ជា​បន្តបន្ទាប់ ​ហើយ​ជា​លទ្ធផល​នៅក្នុង​ឆ្នាំ ២០១៨ ​កន្លងទៅ ​បទល្មើស​ធនធាន​ធម្ម​ជាតិ​មានការ​ធ្លាក់ចុះ​នៅក្នុង​តំបន់​ព្រៃ​ឡង់ ​មិន​ដូច​អ្វីដែល​ក្រុមបណ្ដាញ​ព្រៃ​ឡង់​បាន​លើក​ឡើង​នោះ​ទេ»។

ទោះជា​យ៉ាងណា ​លោក​បន្តថា ​ក្រសួង​បរិស្ថាន​នៅតែ​ស្វាគមន៍​ការចុះ​ល្បាត​រួមគ្នា​ជាមួយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។ ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​ជនខិលខូច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ឬ​លាប​ពណ៌​អាក្រក់​មកលើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឡើយ ​ពីព្រោះ​ពួកគេ​បាន​លះបង់​សព្វ​បែបយ៉ាង​ក្នុងនាម​ជា​ឆ្មាំ​ការពារ​ធម្មជាតិ។

លោក​បាន​ស្នើឱ្យ​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ គួរ​បញ្ជូន​ឯកសារ​ជា​ភ័ស្ដុតាង​មកកាន់​ក្រសួង​ ជាជាង​ការចោទប្រកាន់​ដោយ​គ្មាន​ភ័ស្ដុតាង​ ក្នុងន័យ​បង្ខូច​ឈ្មោះ​របស់​មន្ត្រី​បែប​នេះ។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ក៏បាន​បង្ហាញ​របាយការណ៍​ក្នុង​ឆ្នាំ ២០១៨ ​ដែល​ពួកគេ​បាន​ចុះ​ល្បាត​និង​បាន​ដកហូត​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មួយចំនួន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ ​ដូចជា​ ម៉ាស៊ីន​រណា​រយន្ត ៩៨ គ្រឿង ​កាំភ្លើង​កែច្នៃ ២១ ដើម ​អន្ទាក់​សត្វព្រៃ​ ៥៨១ អន្ទាក់​ គោយន្ត ចំនួន​ ១៣ គ្រឿង​ ឧបករណ៍​ឆក់​ត្រី​ចំនួន ២ គ្រឿង​ ឈើ​អារ​ច្រៀក​ ៥៩,៤៥ ម៉ែត្រគុប​ ឈើ​កាត់​ផ្ដួល​រលំ​រួច​ចំនួន​ ៧៤ ដើម​ និង​បាន​រកឃើញ​គល់ឈើ​ថ្មី​ចំនួន ៧១៩​ គល់ ផងដែរ៕