ស្ទឹងត្រែង: ប្រជាសហគមន៍​ភូមិ​ក្បាល​រមាស​ចាស់ ឃុំ​ក្បាលរមាស ស្រុក​សេសាន បាន​ឃាត់ខ្លួន និង​ផាកពិន័យ​អ្នក​នៅក្រៅ​សហគមន៍​ចំនួន​ ៣ ​នាក់​ បន្ទាប់ពី​អ្នកភូមិ​បានសម្រេច​ហាមឃាត់​មនុស្ស​ពី​ខាងក្រៅ​សហគមន៍​ចេញ-ចូល​នៅក្នុង​ភូមិ​ជា​បណ្ដោះអាសន្ន ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​គោរព​តាម​ប្រពៃណី​ពួកគាត់​។

លោក​ រឿង សម្បត្តិ មេឃុំ​ក្បាលរមាស ស្រុក​សេសាន​ថ្លែង​ពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ក្បាល​រមាស​ទាំងអស់​សរុប​ ៧ ​ភូមិ​ដោយ​ពួកគាត់​តែងតែ​ប្រតិបត្តិ​តាម​ជំនឿ​តពី​ដូនតា​របស់​ពួកគាត់ ដែល​ត្រូវ​បិទ​ភូមិ​ក្នុង​ ១ ​ឆ្នាំ​ម្ដង​គឺ​ចាប់ពី​ខែមីនា​ដល់​ខែមេសា​ជា​រៀងរាល់​ឆ្នាំ ខណៈ​ភូមិ​នីមួយៗ​ត្រូវ​ឆ្លាស់គ្នា​បិទ​ភូមិ​ម្ដង​ ១ ​ភូមិៗ​ហើយ​ក្នុងភូមិ​នីមួយៗ​ត្រូវ​បិទ​រយៈពេល​ពី​ ៣ ​ទៅ​ ៦ ​ថ្ងៃ​ដោយ​អ្នកភូមិ​ហាមឃាត់​មនុស្ស​ពី​ខាងក្រៅ​ចេញ-ចូល ​នៅក្នុង​សហគមន៍​របស់​ពួកគេ​។

លោក​បន្តថា ការបិទ​ភូមិ​នេះ​គឺ​ធ្វើ​ឡើង​តាម​ទំនៀមទម្លាប់​ដូនតា​ហើយ​ពេលនេះ​វា​ជា​ការល្អ​ដោយសារ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​នៅ​ទូទាំងប្រទេស​កំពុង​មមាញឹក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ខណៈ​រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​ទីកន្លែង​កម្សាន្ត​មួយ​ចំនួន​ផងដែរ​។

លោក​ សម្បត្តិ បន្តថា​៖ «​អ្នកភូមិ​ក្បាល​រមាសចាស់​បាន​ឃាត់ខ្លួន​មនុស្ស​ក្រៅ​សហគមន៍ ៣ ​នាក់​ ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន​ចន្លោះ​ពី ៣០ ទៅ​ ៤០ ​ម៉ឺន​រៀល ដោយសារ​តែ​មនុស្ស​ទាំង​ ៣ ​នាក់​នេះ​បាន​ចចេស​ចង់​ចូលក្នុង​ភូមិ​ក្បាលរមាស​ចាស់​ក្នុង​អំឡុងពេល​អ្នកភូមិ​ហាមឃាត់ ហើយ​អ្នក​ទាំង​ ៣ ​នាក់ ​មិនបាន​យល់ដឹង​ពី​ទំនៀមទម្លាប់​របស់​អ្នកភូមិ​។ យើង​មិនបាន​ដាក់​ទោសទណ្ឌ​អ្វី​ធ្ងន់ធ្ងរ​ទេ​គឺ​គ្រាន់តែ​ពិន័យ​ជា​ប្រាក់​តិចតួច ហើយ​ពួកគាត់​ ៣ ​នាក់​នេះ​ជា​កម្មករ​តភ្ជាប់​ប្រព័ន្ធ​ទឹក និង​ប្រព័ន្ធ​ភ្លើង​របស់​ក្រុមហ៊ុន​មួយ​នៅ​តំបន់​នោះ​»​។

លោក​បន្ថែមថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​មូលដ្ឋាន​។ អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ អនុវត្ត​វិធាន​អនាម័យ​ស្អាត​ជាប្រចាំ​ដោយ​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល​មុន​និង​ក្រោយពេល​ប៉ះពាល់​វត្ថុ​អ្វីមួយ​ដែល​មិន​ស្អាត​។

អ្នកស្រី យ៉ៅ សុង អាយុ ៥៤ ​ឆ្នាំ​ ជា​តំណាង​សហគមន៍​ភូមិ​ក្របីជ្រុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកភូមិ​ក្របីជ្រុំ​ក៏​ដូច​អ្នកភូមិ​ក្បាលរមាស​ចាស់​ដែរ ភាគច្រើន​ជា​ជនជាតិភាគតិច​ឡាវ និង​ព្នង​ស្ថិត​នៅក្នុង​ឃុំ​ក្បាលរមាស​បាន​អនុវត្ត​ទំនៀមទម្លាប់​ដូនតា​ដូចគ្នា​។ ចំពោះ​ភូមិ​ក្របីជ្រុំ​នឹង​ចាប់ផ្ដើម​បិទ​ពី​ថ្ងៃទី​ ២៩ ដល់​ថ្ងៃទី​ ៦ ខែមេសា​ ខាងមុខ ហើយ​នឹង​មាន​ការហាម​មនុស្ស​ក្រៅ​សហគមន៍​ចូល ឬ​ចេញ​ពី​សហគមន៍​ដោយ​ត្រូវ​រង់ចាំ​ដល់​ផុតកំណត់​ថ្ងៃ​បិទ​ភូមិ​នេះ​។

អ្នកស្រី​បន្តថា ការបិទ​ភូមិ​នេះ​ស្រប​ពេល​ដែល​មន្ត្រី​សុខាភិបាល​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​អំពី​វិធី​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩​។

អ្នកស្រី​និយាយថា​៖ «​តាម​ជំនឿ​ពី​ដូនតា​របស់​ពួកយើង​បើ​ក្នុង ១ ​ខែ​មាន​អ្នកភូមិ​ចាប់ពី ៣ ​នាក់​ឡើងទៅ​ស្លាប់​បន្តបន្ទាប់​គ្នា​នោះ អ្នកភូមិ​ទាំងអស់​ត្រូវ​នាំគ្នា​រៀបចំ​ពិធី​បន់ស្រន់​ដល់​ព្រលឹង​ដូនតា និង​អារុកអារក្ខ​អ្នកតា​ម្ចាស់​ស្រុក​ដើម្បី​សុំ​សេចក្ដីសុខ​ហើយ​បើ​មាន​ជំងឺ​រាតត្បាត​គឺ​ត្រូវ​នាំគ្នា​ហាមឃាត់​មនុស្ស​ពី​ក្រៅ​សហគមន៍​ចេញ-ចូល​នៅក្នុង​ភូមិ​»​។

អ្នកស្រី យ៉ៅ សុង បាន​ឲ្យ​ដឹងថា​នៅក្នុង​ខែមីនា​នេះ​មាន​អ្នកភូមិ ៣ ​នាក់​ បាន​ឈឺ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ ប៉ុន្តែ​មិន​ពាក់ព័ន្ធ​ជំងឺ​កូវីដ​១៩ នោះទេ​។ អ្នកភូមិ​ម្នាក់​បាន​ស្លាប់​កាលពី​ដើម​ខែមីនា ដោយ​ជំងឺ​គ្រុន​ពោះវៀន ចំណែក​ម្នាក់ទៀត​បាន​ស្លាប់​កាលពី ១ ​សប្តាហ៍​មុន ដោយសារ​ខ្យល់គ ឬ​គាំង​បេះដូង​។ ចំណែក​អ្នកភូមិ​ម្នាក់ទៀត​ឈ្មោះ ប៉ម អាយុ ៥៨ ​ឆ្នាំ​ ជា​ជនជាតិ​ព្នង​បាន​ស្លាប់​កាលពី​ថ្ងៃទី​ ២៣ ខែមីនា ដោយសារ​ជំងឺ​រលាក​ក្រពះ​៕