ព្រះវិហារៈ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ត្មាតប៉ើយ ធឿនក្រសាំង ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​បាន​ទទួល​ពានរង្វាន់​អេកូទេសចរណ៍​គំរូ​​ពី​ក្រសួង​ទេសចរណ៍​កាលពី​ចុង​ខែ​មុន​ចំពោះ​ការចូលរួម​ការពារ និង​អភិរក្ស​សត្វ​ស្លាប​ដ៏កម្រ និង​ការចូលរួម​ផ្តល់​សេវា​អេកូទេសចរណ៍​។

លោក ឌឹម គឹមអោន ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ត្មាតប៉ើយ ធឿនក្រសាំង បាន​ថ្លែង​ថា​សហគមន៍​​នេះ​មាន​ដៃគូ​ជាមួយ​សមាគម​មគ្គុទ្ទេសក៍​​សត្វ​ស្លាប​កម្ពុជា និង​មជ្ឈមណ្ឌល​សំវាសនា​ដែល​ជួយ​រក​ភ្ញៀវ​មក​ទស្សនា​ និង​កម្សាន្ត​ក្នុង​តំបន់​ក្នុង​ខេត្ត​ព្រះវិហារ​ និង​បម្រើ​សេវា​ផ្សេងៗ​ដល់​ភ្ញៀវ​។

ទាក់ទង​នឹង​ពានរង្វាន់​នេះ​លោក គឹមអោន បាន​ថ្លែង​ថា មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​បណ្តា​រមណីយដ្ជាន សណ្ឋាគារ និង​សហគមន៍​ទេសចរណ៍​ផ្សេង​ទៀត​ដោយ​លោក​បាន​ដាក់​ពាក្យ​ប្រឡង​ ២ ​លើក​មក​ហើយ មុន​បាន​រង្វាន់​នេះ​ដោយសារ​ការចូលរួម​អភិរក្ស​ដែល​មាន​ទាំង​ការសម្រួល​អាហារ និង​ការ​ស្នាក់នៅ​ដល់​ភ្ញៀវ​មក​កម្សាន្ត​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា គេ​ឲ្យ​ពានរង្វាន់​នេះ​មក​យើង​ដោយសារ​យើង​ចូលរួម​អភិរក្ស និង​ជួយ​អភិវឌ្ឍ​សហគមន៍​។ ​ពួកយើង​ខ្ញុំ​មាន​អាហារ​ទទួល​​ភ្ញៀវ និង​មាន​កន្លែង​ស្នាក់នៅ​ដល់​ភ្ញៀវ​របស់​យើង​។ ​ពួកគាត់​អាច​ដើរ​មើល​ជម្រក​សត្វ និង​ធ្វើ​សកម្មភាព​កម្សាន្ត​តាម​សហគមន៍​ដូចជា​ធ្វើ​កន្ទេល និង​មាន​ការ​រស់នៅ​តាម​បែប​សហគមន៍​»​។

បើ​តាម​លោក គឹមអោន សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ត្មាតប៉ើយ​ធឿនក្រសាំង​នេះ មាន​បុគ្គលិក​ប្រហែល​ ៤០ ​នាក់​ដែល​មាន​ជីវភាព​ខ្វះខាត​រស់ក្នុង​តំបន់​នេះ​ដោយ​ធ្វើការ​ការពារ​សម្បុក​​សត្វ​ស្លាប​។

លោក​ថា​៖ «​យើង​មាន​បុគ្គលិក​ទាំងអស់​សុទ្ធតែ​នៅក្នុង​សហគមន៍ និង​មាន​ជីវភាព​ខ្វះខាត​ចូលរួម​ធ្វើការ​ដោយ​ពួកគាត់​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ និង​ជា​អ្នក​សម្អាត​​បន្ទប់​ជាដើម​។ ​«​យើង​បាន​ចូលរួម​អភិរក្ស​សត្វ​ស្លាប​តាមរយៈ​យាម​សម្បុក​កុំ​​ឲ្យ​ពលរដ្ឋ​ចាប់​វា និង​យក​សម្បុក​ដោយ​យើង​បាន​ផ្តល់​ថវិកា​ឲ្យ​គាត់​មើលថែ អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង និង​ការពារ​សត្វ​ស្លាប​»​។

យ៉ាង​ណា​ក្ដី​លោក គឹមអោន បាន​ថ្លែង​ដែរ​ថា​នៅ​មាន​ការលំបាក​ច្រើន​ដោយសារ​វា​ជា​សត្វ​ស្លាប​រស់នៅ​លើ​ចុង​ឈើ ហើយ​ក្នុង​តំបន់​មាន​ការ​កើនឡើង​អ្នក​មក​រស់នៅ​ដែល​ប្រឈម​នឹង​សកម្មភាព​បរបាញ់​ដូចជា​សត្វ​ត្រយង​យក្ស និង​ត្រយង​ចង្កំកស ជាដើម​។ ប៉ុន្តែ​លោក​មាន​មោទនភាព​ចំពោះ​ការកើនឡើង​នូវ​សត្វ​អភិរក្ស​ដែល​មាន​ដល់​ប្រហែល​ ៤០ ​ក្បាល ខុស​គ្នា​ពី​ពេល​ចាប់ផ្ដើម​កសាង​សហគន៍​ដែល​មាន​ត្រឹម​តែ​ប្រមាណ​ពី​ ៣ ​ទៅ​ ៤ ​ក្បាល​។

យោង​តាម​អង្គការ​ជីវិត​សត្វ​ស្លាប​កាលពី​ខែ​មីនា​ឆ្នាំ​នេះ​ថា ត្មាត​ជា​បក្សី​ដ៏កម្រ និង​ជិត​ផុត​ពូជ​លើ​ពិភពលោក​។ ជាង ៩៩ ភាគរយ​នៃ​ចំនួន​សរុប​ជា​សកល​បាន​ធ្លាក់​ចុះ​សម្រាប់​ត្មាតផេះ​ និង​ប្រមាណ​ ៩៥ ​ភាគរយ​ទៅ​ ៩៧ ភាគរយ​មាន​ការ​ធ្លាក់ចុះ​សម្រាប់​ត្មាត​ត្នោត និង​ត្មាតភ្លើង​។ ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ​មាន​តែ​ប្រទេស​កម្ពុជា​ ១ ​គត់​ដែល​នៅ​មាន​វត្តមាន​បក្សី​ទាំង​នេះ​។

ដោយឡែក​អង្គការ WCS វិញ​ក៏​ធ្លាប់​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សត្វ​ស្លាប​ប្រភេទ​ត្រយង​យក្ស​ត្រូវ​បាន​គេ​រកឃើញ​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​តិចតួច​ក្នុង​ប្រទេស​ឡាវ​។ នៅលើ​ពិភពលោក​​សត្វ​ត្រយង​យក្ស​ពេញ​វ័យ​មាន​ត្រឹម​តែ​ ១៩៤ ​ក្បាល​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​ ៩៩ ​ភាគរយ​មាន​វត្តមាន​នៅ​កម្ពុជា​៕