ឧត្តរមានជ័យៈ ក្រុម​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន និយាយ​ថា បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​មាន​សកម្មភាព​កក្រើក​ឡើងវិញ​គួរ​ឲ្យ​កត់សម្គាល់​ដោយ​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​កិច្ចការពារ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។

ខណៈ​កំពុង​បន្តដំណើរ​ចុះ​ល្បាត​ព្រៃ​ក្នុង​ភូមិសាស្ត្រ​តំបន់ភ្នំ​ស្វាយ និង​ភ្នំក្រោល​នៃ​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃទី​ ២២ មេសា ព្រះតេជគុណ ប៊ុន សាលួត ប្រធាន​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​បទល្មើស​សត្វព្រៃ​ និង​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​បាន​កក្រើក​ឡើងវិញ​គួរ​ឲ្យ​កត់សម្គាល់​។

ព្រះអង្គ​មាន​ព្រះថេរដីកា​ថា​៖ «​ក្នុង​ដំណើរ​ចុះ​ល្បាត​ព្រៃ​រយៈពេល​ ១ ​សប្ដាហ៍ កន្លង​មក​នេះ​ក្រុមការងារ​របស់​អាត្មា​បាន​រកឃើញ​សត្វ​ទន្សោង​ ១ ​ក្បាល និង​សត្វ​ប្រើស​ ២ ​ក្បាល​ងាប់​នៅក្បែរ​ខ្សែលួស ដែល​ជា​អន្ទាក់​ភ្ជាប់​ដោយ​ឧបករណ៍​ឆក់​នៅ​ចំណុច​ភូមិសាស្ត្រ​ភ្នំ​ស្វាយ និង​ភ្នំក្រោល​។ សព​សត្វព្រៃ​ទាំងនោះ​បាន​រលួយ​នៅ​សល់​តែ​ស្បែក​ និង​គ្រោងឆ្អឹង​។ ក្រៅពីនេះ ក្រុមការងារ​របស់​អាត្មា​ក៏​បាន​រកឃើញ​ករណី​កាប់​ផ្ដួលរំលំ​ដើមឈើ​ថ្មីៗ​ប្រមាណ​ ៤០ ​ដើម​ព្រមទាំង​រណារយន្ត​ចំនួន​ ១ ​គ្រឿង ដែល​ក្រុម​ជនប្រព្រឹត្ត​បទល្មើស​បាន​លាក់ទុក​នៅក្នុង​តំបន់​នោះ​ផងដែរ​»​។

ព្រះតេជគុណ ប៊ុន សាលួត បន្តថា កាលពី​ខែមីនា​កន្លង​ទៅ​ក្រុម​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន​បាន​រកឃើញ​សពសត្វ​ទន្សោង​ ១ ​ក្បាល និង​សពសត្វ​ប្រើស​ចំនួន​ ៤ ​ក្បាល​ព្រម​ទាំង​ខ្សែ​អន្ទាក់​សរុប​ជាង​ ៣០០ ​ខ្សែ និង អន្ទាក់​ខ្សែលួស​ជាង​ ៣០០០ ​ម៉ែត្រ​ដែល​មាន​ភ្ជាប់​ដោយ​ឧបករណ៍​ឆក់​អាគុយ​ ៣ ​គ្រឿង និង​ដុំ​អាំង​ស៊ីវ៉ាទ័រ​ចំនួន​ ៣ ​គ្រឿង​។

ជាមួយ​គ្នា​នេះ​ព្រះអង្គ​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​កិច្ចការពារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​តំបន់​ដែន​ជម្រក​មួយ​នេះ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សាធារណជន​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​សកលលោក​ទាំងមូល​។

ព្រះអង្គ​បន្ថែម​ថា ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ជា​តំបន់​ចុងក្រោយ​បំផុត​នៃ​ខេត្ត​ភាគឧត្តរ​នៃ​ប្រទេស​កម្ពុជា​ដែល​នៅមាន​វត្តមាន​សត្វព្រៃ​ច្រើន​ជាង​គេ​។ ពិសេស​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ដូចជា សត្វ​ទន្សោង ប្រើស ខ្ទីង ខ្លា សត្វ​ទោច និង ស្វា​ព្រាម​ជាដើម​។

ជុំវិញ​ករណី​នេះ​លោក​ ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ មេសា ថា​លោក​បានទទួល​ដំណឹង​អំពី​ករណី​ប្រទះឃើញ​សពសត្វ​ទន្សោង​ និង​សត្វប្រើស​នោះ​ពី​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​ចូលរួម​ចុះ​ល្បាត​ជាមួយ​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន​នោះ​ហើយ​។

លោក​ថា​៖ «​ដោយឡែក​ករណី​គល់ឈើ​ប្រមាណ​ ៣០-៤០ ​ដើម​ដែល​ក្រុម​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន​បាន​ប្រទះឃើញ​នោះ គឺ​មិនមែន​ជា​ករណី​ថ្មី​ទេ​។ ករណីនេះ​ត្រូវបាន​ក្រុម​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​យើង ស្រាវជ្រាវ​រកឃើញ​ និង​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​ព្រម​ទាំង​រឹបអូស​គោយន្ត​ ២០ ​គ្រឿង តាំងពី​ជាង​ ១ ​សប្ដាហ៍​មុន​មក​ម៉្លេះ ហើយ​ករណីនេះ​សមត្ថកិច្ច​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួចហើយ​ដែរ​»​។

បើតាម​លោក​ លីណា កាលពី​ ៣-៤ ​ថ្ងៃ​មុន ក្រុមមន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​បាន​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​ភ្នំ​រូងដែក ចុះ​ល្បាត​ការពារ​បទល្មើស​ធនធាន​ធម្មជាតិ ហើយ​បាន​ប្រទះឃើញ​ និង​បង្ក្រាប​រឹបអូស​គោយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ ១ ​គ្រឿង​ថែមទៀត​នៅ​ចំណុច​ភ្នំ​ក្រោល​ក្នុង​ភូមិ​ចារ ឃុំ​លំទង ស្រុក​អន្លង់វែង​។

លោក​បន្ថែមថា នៅពេល​នេះ​លោក​កំពុង​ដំណើរការ​សាងសង់​ប៉មយាម​ ២ និង​ទីស្នាក់ការ​បរិស្ថាន​ ១ ​បន្ថែមទៀត​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ដើម្បី​ពង្រឹង​ និង​សម្រួល​ដល់​ការងារ​ចុះ​ល្បាត​ការពារ​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​។ មក​ទល់ពេលនេះ ប៉មយាម​ និង​ស្នាក់ការ​នោះ​ត្រូវបាន​សង់​រួច​បាន​ប្រមាណ​ ៦០ ​ភាគរយ​ហើយ​។ ទីស្នាក់ការ​បរិស្ថាន​ថ្មី​នេះ​មាន​ទីតាំង​ក្នុង​តំបន់​ភ្នំ​អណ្ដូង​មាន​ចម្ងាយ​ប្រមាណ​ ១០ ​គីឡូម៉ែត្រ​ពី​ស្នាក់ការ​បរិស្ថាន​ភ្នំ​រូងដែក​។

លោក​បន្ថែមថា​៖ «​នៅ​ថ្ងៃ​សៅរ៍​ចុងសប្ដាហ៍​នេះ​ខ្ញុំ​នឹង​ដឹកនាំ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ពី​ថ្នាក់​ខេត្ត​បន្ថែម​ទៀត​ទៅ​ចូលរួម​ជាមួយ​ក្រុមការងារ​នៃ​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន​ដែល​ដឹកនាំ​ដោយ​ព្រះតេជគុណ ប៊ុន សាលួត ដើម្បី​រួម​ជា​កម្លាំង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​»៕