ក្រុមគណៈកម្មការសហគមន៍សង្ឃរុក្ខវ័ន និយាយថា បទល្មើសព្រៃឈើនិងសត្វព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន បានផ្ទុះកក្រើកឡើងវិញគួរឲ្យកត់សម្គាល់ និងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ចូលរួមឲ្យបានសកម្មនៅក្នុងកិច្ចការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់នេះឲ្យមានប្រសិទ្ធភាព។
ខណៈកំពុងបន្តដំណើរចុះល្បាតព្រៃក្នុងភូមិសាស្ត្រតំបន់ ភ្នំស្វាយ និងភ្នំក្រោល នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដែលមានទីតាំងស្ថិតក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃពុធ ព្រះតេជគុណ ប៊ុន សាលួត ប្រធានគណៈកម្មការសហគមន៍សង្ឃរុក្ខវ័ន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បទល្មើសសត្វព្រៃនិងព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន បានផ្ទុះកក្រើកឡើងវិញគួរឲ្យកត់សម្គាល់។
ព្រះអង្គមានព្រះថេរដីកាថា៖«ក្នុងដំណើរចុះល្បាតព្រៃរយៈពេល១សប្ដាហ៍កន្លងមកនេះ ក្រុមការងាររបស់អាត្មា បានរកឃើញសត្វទន្សោង ១ ក្បាល និងសត្វប្រើស ២ ក្បាលងាប់នៅក្បែរខ្សែលួស ដែលជាអន្ទាក់ភ្ជាប់ដោយឧបករណ៍ឆក់ នៅចំណុចភូមិសាស្ត្រភ្នំស្វាយ និងភ្នំក្រោល ។ សពសត្វព្រៃទាំងនោះ បានរលួយនៅសល់តែស្បែកនិងគ្រោងឆ្អឹង។ ក្រៅពីនេះ ក្រុមការងាររបស់អាត្មា ក៏បានរកឃើញករណីកាប់ផ្ដួលរំលំដើមឈើថ្មីៗប្រមាណ ៤០ ដើម ព្រមទាំងរណាយន្តចំនួន ១ គ្រឿង ដែលក្រុមជនប្រព្រឹត្តបទល្មើសបានលាក់ទុកនៅក្នុងតំបន់នោះផងដែរ»។
ព្រះតេជគុណ ប៊ុន សាលួត មានព្រះថេរដីកាបន្តថា កាលពីខែមីនាកន្លងទៅនេះ ក្រុមគណៈកម្មការសហគមន៍សង្ឃរុក្ខវ័ន បានរកឃើញសពសត្វទន្សោង១ក្បាល និងសពសត្វប្រើសចំនួន៤ក្បាល ព្រមទាំងខ្សែអន្ទាក់សរុបជាង ៣០០ ខ្សែ និង អន្ទាក់ខ្សែលួសជាង ៣ ០០០ ម៉ែត្រ ដែលមានភ្ជាប់ដោយឧបករណ៍ឆក់អាគុយ៣គ្រឿង និង ដុំអាំងស៊ីវាទ័រចំនួន៣គ្រឿង។
ជាមួយគ្នានេះព្រះអង្គបានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ចូលរួមឲ្យបានសកម្មក្នុងកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់ដែនជម្រកមួយនេះ ដើម្បីជាប្រយោជន៍សម្រាប់សាធារណជនទូទៅនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោកទាំងមូល។
ព្រះអង្គមានព្រះថេរដីកាថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ជាតំបន់ចុងក្រោយបំផុតនៃខេត្តភាគឧត្តរនៃប្រទេសកម្ពុជា ដែលនៅមានវត្តមានសត្វព្រៃច្រើនជាងគេ។ ពិសេសប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ដូចជា សត្វទន្សោង ប្រើស ខ្ទីង ខ្លា សត្វទោច និង ស្វាព្រាមជាដើម។
ជុំវិញករណីនេះ លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធថា លោកបានទទួលដំណឹងអំពីករណីប្រទះឃើញសពសត្វទន្សោងនិងសត្វប្រើសនោះពីក្រុមមន្ត្រីឧទ្យានុរក្ស ដែលបានចូលរួមចុះល្បាតជាមួយគណៈកម្មការសហគមន៍សង្ឃរុក្ខវ័ននោះហើយ។
លោកថ្លែងបន្តថា៖«ដោយឡែកករណីគល់ឈើប្រមាណ ៣០-៤០ ដើម ដែលក្រុមគណៈកម្មការសហគមន៍ សង្ឃរុក្ខវ័ន បានប្រទះឃើញនោះ គឺមិនមែនជាករណីថ្មីទេ។ ករណីនេះត្រូវបានក្រុមកម្លាំងមន្ត្រីឧទ្យានុរក្សយើង ស្រាវជ្រាវរកឃើញនិងបង្ក្រាបចាប់ជនប្រព្រឹត្តបទល្មើស ព្រមទាំងរឹបអូសគោយន្ត ២០ គ្រឿងតាំងពីជាង ១ សប្ដាហ៍មុនមកម្ល៉េះ ហើយករណីនេះ សមត្ថកិច្ចយើងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយដែរ»។
បើតាមលោកលីណា កាលពី៣ថ្ងៃមុន ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំរូងដែក ចុះល្បាតការពារបទល្មើសធនធានធម្មជាតិ ហើយបានប្រទះឃើញនិងបង្ក្រាបចាប់រឹបអូសគោយន្តដឹកបទល្មើសព្រៃឈើ១គ្រឿងថែមទៀតនៅចំណុចភ្នំក្រោល ស្ថិតក្នុងភូមិចារ ឃុំលំទង ស្រុកអន្លង់វែង។
លោកបានបន្តថា នៅពេលនេះលោកកំពុងដំណើការសាងសង់ប៉មយាមចំនួន២ និងទីស្នាក់ការបរិស្ថានចំនួន១បន្ថែមទៀត ក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដើម្បីពង្រឹងនិងសម្រួលដល់ការងារចុះល្បាតការពារនិងបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃ។ មកទល់ពេលនេះ ប៉មយាមនិងស្នាក់ការនោះត្រូវបានសង់រួចបានប្រមាណ៦០ភាគរយហើយ។ ទីស្នាក់ការបរិស្ថានថ្មីនេះ មានទីតាំងនៅក្នុងតំបន់ភ្នំអណ្ដូង មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីស្នាក់ការបរិស្ថានភ្នំរូងដែក។
លោកបន្ថែមទៀតថា៖ «នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខ្ញុំនឹងដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សពីថ្នាក់ខេត្តបន្ថែមទៀត ទៅចូលរួម ជាមួយក្រុមការងារនៃគណៈកម្មការសហគមន៍សង្ឃរុក្ខវ័ន ដែលដឹកនាំដោយព្រះតេជគុណ ប៊ុន សាលួត ដើម្បីរួមជាកម្លាំងឲ្យកាន់តែរឹងមាំថែមទៀត»៕