ព្រះវិហារៈ គោ​យន្ត ៦ គ្រឿង និងរណា​រយន្ត​ ៥ ​គ្រឿង​ថ្មី​ទៀត ត្រូវ​បាន​ក្រុម​បណ្ដាញ​សហគ​ម​ន៍​ព្រៃ​ព្រះ​រកា និង​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​បង្ក្រាប​ចាប់​​បានក្នុង​អំឡុ​ង​ពេល​នៃយុទ្ធ​នា​ការ​ចុះល្បាត​ការពារ​ព្រៃ​ឈើ​រយៈពេល​ ៣ ​ថ្ងៃ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃទី​ ៧​ ដល់​ថ្ងៃ ៩​ ខែ​មិថុនា។

លោក ស៊ុន ពៅ តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះ​រកា ដែល​បាន​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​​ថ្ងៃ​ម្សិល​មិញ​ថា បទ​ល្មើស​ព្រៃឈើ​ ក្នុង​តំបន់​ដែន​ជម្រក​ព្រៃ​ព្រះរ​កា បាន​កើត​មាន​ជាបន្ត​បន្ទាប់ ​បើទោះ​ជា​មាន​ការ​ការពារពីក្រុម​មន្ត្រី​ឧទ្យា​នុរក្សនិង​ប្រជា​សហគមន៍​​ព្រៃឈើ​យ៉ាងណា​ក៏ដោយ។

លោកពៅ​​បញ្ជាក់​ថា៖​ «យុទ្ធ​នា​ការ​ចុះ​ល្បាត​ការ​ពារ​ព្រៃ​ឈើ​ ដែល​មាន​ការ​ចូល​រួម​ពី​កម្លាំង​មន្ត្រី​ឧទ្យា​នុរក្ស​ ក្នុង​រយៈពេល​ ៣ ថ្ងៃ​កន្លង​មក​នេះ ក្រុម​ការងារ​បាន​ចាប់​ផ្ដើម​ល្បាត​ពី​ចំណុច​អូរ​​ក្រូច​តាវីន (ជាំជ្រេ) រហូតដល់​ ចំណុច​ជាំកី ដោយ​បានឆ្លង​កាត់​ចំណុច​​អូរ​ខ្សាច់​ស និង​វាល​​អូរ​ខ្លុង។ ជា​លទ្ធផល​ ក្រុម​ការងារ​បាន​បង្ក្រាប​ចាប់​រឹបអូ​ស​បា​ន​គោយន្ត​ ៦ ​គ្រឿង​រណា​រយ​ន្ត ៥​ គ្រឿង និង​ឈើ​អារ​ចម្រុះ​ប្រភេទ​​ សរុប​ ៤ ​ម៉ែត្រ​គុប​។ វត្ថុ​​តាងទាំង​ នោះ​ត្រូវបាន​ប្រគល់​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​ព្រៃ​ព្រះរកា យក​ទៅ​រក្សាទុក​និង​ចាត់​ចែង​បន្ត​តាម​នីតិវិធី​ច្បាប់»។

ព្រៃ​ព្រះ​រកាដែល​មាន​ទំហំ​ ៩៦ ០០០​ ហិក​តា ស្ថិតនៅ​ចន្លោះ​ព្រំ​ប្រទល់​ស្រុក​ចំនួន​ ៣ គឺ​ស្រុក​ត្បែង​មាន​ជ័យ​ ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប នៃ​​ខេត្ត​ព្រះវិ​ហារ​។ ​ជន​ជាតិ​ដើម​ភាគតិច​កួយ ត្រូវបាន​គេកត់​សម្គាល់​​ឃើញ​ថា បាន​រស់​នៅ​ប្រមូលផ្ដុំគ្នា​នៅ​ក្បែរ​តំបន់​ព្រៃ​ដ៏ធំ​នេះ ហើយ​ពួក​គេ​បាន​នាំគ្នា​ការពារ​និង​​អភិរក្ស​ ដោយ​ចាត់​ទុក​ព្រៃ​ដ៏ធំ​មួយ​នេះ ​ជា​ជង្រុក​ស្បៀង​​អាហារ​របស់​ពួកគេ។

កាលពី​ខែ​ឧសភាឆ្នាំ​ ២០១​៦ រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួ​ង​បរិស្ថាន បាន​សម្រេច​ដាក់​បញ្ចូល​ជា​តំបន់​ការពារ ​និង​អភិ​​រក្សដោយ​ឲ្យ​ឈ្មោះ​ថា «ដែន​ជម្រក​សត្វព្រៃ​ព្រះរកា»។

យោង​តាម​របាយការណ៍​អង្កេត​ដំបូង​ ស្ដីពីការ​ងារ​ចុះ​ល្បាត​ព្រៃ​របស់​បណ្ដាញ​សហ​គមន៍​ព្រៃ​ព្រះរកា​បាន​ឲ្យ​ដឹង​ថា​ ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ ៧៧ ភាគ​រយ​ ពឹង​ផ្អែក​ទៅ​លើដើម​ច្បោះ​ជ័រខណៈ​ជាង ​២០ ភាគ​រយ​ទៀ​ត​​ពឹង​ផ្អែក​​លើការ​បរបាញ់​សត្វ នេ​សាទ និងការ​រុក​រក​រុក្ខជាតិ​ឱស​​ថនៅ​ក្នុងព្រៃ​នោះ។​ ប៉ុន្តែ​បច្ចុប្បន្ន​ដើម​ច្បោះ​ជ័រ​​ជា​ច្រើ​ន​ត្រូវ​បាន​ក្រុម​ជន​ខិលខូច​មួយ​ចំនួនលួច​កាប់​បំផ្លាញ​ជា​បន្ត​បន្ទា​ប់។

របាយ​​​​​​​​​ការណ៍ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើទំព័រ Facebook របស់​បណ្ដាញ​សហ​គ​​​​​​មន៍​នេះ កាល​ពី​ម្សិលមិញ បាន​បង្ហា​ញ​​ថា ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ព្រះរកា ត្រូវ​បាន​គេកាប់​រាន​ជាបន្ត​បន្ទា​ប់ ដែល​ចាប់​តាំង​ពី​មុន​ពេល​តំបន់​នេះ ត្រូវបាន​ដាក់​បញ្ចូល​​ជា​តំប​ន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា រហូ​ត​មក​ទល់​ពេល​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ការ​កាប់​រាន​អស់​ជាង ​១០០ ហិកតា។

របាយ​ការណ៍​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈ​ពេល​ ៤​ ខែ គឺពីដើ​ម​ខែកុម្ភៈ ដល់​ដើម​ខែ​មិថុនា ឆ្នាំ ២០១៩ ក្រុម​ល្បាត​បាន​រក​ឃើញ​ដើម​ច្បោះជ័រ​ ៧៣​ដើម​ត្រូវបាន​គេ​កាប់​ផ្ដួល​រំលំ និង​អារច្រៀក​នាំយក​ទៅលក់​នៅ​តាម​ដេប៉ូ​ឈើនានា​នៅ​ទូទាំង​ប្រទេស​។ ជាមួយ​គ្នានេះ​ ក្រុម​ល្បាត​ បាន​បង្ក្រាប​ចាប់​រឹប​អូស​វត្ថុតាង​របស់​ជន​ប្រព្រឹត្តបទ​ល្មើស បាន​ចំនួន ​១៧ គ្រឿង និង​រឹប​អូស​បាន​ឈើក្ដារ​បន្ទះ​ចំនួន​ ៣១ ​សន្លឹក​ ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់​ការ​បន្ត​តាម​នីតិវិធី។ ​

​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា កាលពី​ម្សិល​មិញ បាន​សម្ដែង​ការ​ស្វាគមន៍​ ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះរកា ដែល​បាន​ចូល​រួម​ល្បាតនៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​គ្រប់​គ្រង​ដោយ​ក្រសួង​បរិស្ថាន ដើម្បី​សហការ​គ្នា​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ការ​កាប់​បំផ្លាញ​ឈើខុស​ច្បាប់ និង​ការបរ​បាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​ពីក្រុម​ជន​ខិលខូច។

លោក​​បញ្ជាក់​ថា​៖ «ក្រសួង​បរិស្ថា​ន​នឹង​បន្ត​ចាត់​វិធានការ​​តឹង​រឹុង​ទាំង​ផ្នែក​ការអប់រំ​ និង​ការ​អនុវត្ត​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ក្រុមជន​ល្មើស​ក្នុង​គោល​ដៅ​ធ្វើ​យ៉ាង​ណាការ​ពារ​និង​អភិរក្ស​ឲ្យ​បាន​នូវ​តំបន់​ការពារ​ធម្មជា​តិ​ដែ​ល​​​ជា​ព្រៃអភិរក្ស​ទាំង​នេះ។ ក្រសួ​ង​​បរិស្ថាន ក៏សូម​អរគុណ​ផង​ដែរ ​ចំពោះ​ការ​ចូល​រួម​របស់​សហគមន៍​ ក្នុង​ការ​ចុះល្បាត​ចូល​រួម​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​​ល្មើស​ធន​ធាន​ធម្មជាតិ​ នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា»៕