មណ្ឌលគិរី: ក្រុម​ប្រជាសហមន៍​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​សង្គមស៊ីវិល​ចំនួន​ ៨ ​នាក់​ បាន​ដាក់​ពាក្យ​ប្ដឹង​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង និង​មនុស្ស​ ៣ ​នាក់​ផ្សេងទៀត​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ដោយ​ចោទថា បាន​រំលោភ​យក​ដីព្រៃ​អភិរក្ស​ចំនួន ៣០០ ​ហិកតា​ នៅក្នុង​ភូមិ​ពូរឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ប៉ុន្ដែ​ចុងចោទ​បាន​បដិសេធ​។

តាម​ពាក្យបណ្ដឹង​របស់​ដើមចោទ​ចំនួន ៨ ​នាក់​ រួមមាន​លោក​ ប៉ែន ប៊ុណ្ណារ៍ អាយុ​ ៥៨ ​ឆ្នាំ រស់នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដែល​ជា​មន្ត្រី​សមាគម​អាដហុក​, លោក គ្រើង តុលា អាយុ​ ៣០ ​ឆ្នាំ​,​ លោក ក្លាង ថូល អាយុ ៤២ ​ឆ្នាំ​, លោក ស្រាំង សឿន អាយុ ៥៦ ​ឆ្នាំ​, លោក វ៉ាន ងាច អាយុ​ ៦៦ ​ឆ្នាំ​,​ លោក​ ព្យាន ច្រេន អាយុ ៥៥ ​ឆ្នាំ​, អ្នកស្រី លីន ឡាក អាយុ ២៧ ​ឆ្នាំ និង​អ្នកស្រី ផ្លឹក ភីរុំ អាយុ ៣៩ ​ឆ្នាំ​។ ពួកគាត់​ទាំង ៧ ​នាក់​ គឺជា​សកម្មជន​ព្រៃឈើ និង​តំណាង​សហគមន៍​រស់នៅ​ឃុំ​ប៊ូស្រា ឃុំ​រយ៉ និង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង​។

ពាក្យបណ្ដឹង​បាន​ប្ដឹង​លោក អ៊ុត ស៊ីម៉ាត តំណាង​ពលរដ្ឋ​ចំនួន ១៩២ ​គ្រួសារ​រស់នៅ​ចំណុច​ទួលស្វាយ ភូមិ​ពូរឡេះ ឃុំ​ដាក់ដាំ​, លោក សម វ៉ាន្នី អតីត​មេឃុំ​ដាក់ដាំ​, លោក វុធ សារុំ ប្រធាន​ដែនជម្រក​សត្វព្រៃ​ណាំលៀ និង​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​។

នៅក្នុង​ពាក្យបណ្ដឹង​ដែល​យកទៅ​ដាក់​នៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​ ៥ ខែ​កុម្ភៈ​ គឺ​បាន​ប្តឹង​ចោទ​បុគ្គល​ទាំង​ ៤ ​នាក់​ខាងលើ​ពី​បទ​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​កាប់​រាន​ឈូសឆាយ​ដី​ព្រៃ​រាប់ពាន់​ហិកតា​យក​ជា​កម្មសិទ្ធិ​ខុសច្បាប់ បំផ្លាញ​រុក្ខជាតិ​កម្រ និង​សត្វព្រៃ​នៅ​ចំណុច​ទួលស្វាយ ភូមិ​ពូរឡេះ ឃុំ​ដាក់ដាំ​។

ពាក្យបណ្ដឹង​បាន​សំណូមពរ​ឲ្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​ដកហូត​ដីព្រៃ​ដែល​បាន​កាប់​ទន្ទ្រាន​យក​រាប់ពាន់​ហិកតា​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ និង​សង​តម្លៃ​ខូចខាត​ព្រៃឈើ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ធ្វើឲ្យ​តំបន់​បាត់បង់​ព្រៃឈើ រុក្ខជាតិ​កម្រ និង​សត្វព្រៃ​មាន​សភាព​ដូចដើម​វិញ​។ ក្រៅពី​នេះ​ក៏បាន​ស្នើឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ទាំងនេះ​ទៅតាម​ច្បាប់​។

លោក គ្រើង តុលា តំណាង​ជនជាតិដើម​ភាគតិច​ព្នង​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កាលពី​មុន​តំបន់​ទួលស្វាយ​គឺជា​ចំណុច​ស្នូល​ព្រៃស្រោង និង​ជា​តំបន់​រុក្ខជាតិ​កម្រ​ (​ដើម​ស្លឹក​ព្យាប​) ​ក្នុង​ដែនជម្រក​សត្វព្រៃ​ណាមលៀ​ដែល​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​។

ប៉ុន្ដែ​នៅ​ឆ្នាំ​ ២០១៣ មាន​ចលនា​ចូលមក​កាប់​ទន្ទ្រាន​យក​ដីព្រៃ​ស្រោង​រាប់ពាន់​ហិកតា​ដោយ​មិនមាន​ការទប់ស្កាត់ ហើយ​ចលនា​នេះ​នៅ​តែ​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​បង្ក​ឲ្យ​មានទំនាស់ ដណ្ដើម​ដី​គ្នា​រវាង​ក្រុម លោក អ៊ុត ស៊ីម៉ាត និង​ក្រុម​ឈ្មោះ សៀក មុន្នី អភិបាលស្រុក​អូររាំង​លើដី​ព្រៃស្រោង​ចំនួន​ ៣០០ ​ហិកតា ដែល​ក្រុម​លោក​ អ៊ុត ស៊ីម៉ាត ចោទ​ថា​ក្រុម​លោក​ សៀក មុន្នី បានរួម​ចំណែក​កាប់​រាន​ដីព្រៃ​ប្រមាណ ១០ ​ហិកតា​ដែរ​។

លោក​បញ្ជាក់ថា​៖ «​យើងខ្ញុំ​មាន​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ព្រៃឈើ​រាប់ពាន់​ហិកតា រុក្ខជាតិ​កម្រ និង​សត្វព្រៃ​ស្ទើរ​ជិត​ផុត​ពូជ​ទៅ​ហើយ ដោយសារ​មន្ត្រី​ទទួល​ខុសត្រូវ​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​មក​ដល់​ពេលនេះ​នៅ​សល់​ប្រមាណ ១ ​ពាន់​ហិកតា​មាន​ម្ចាស់​អស់ហើយ ព្រោះ​មាន​ការធ្វើ​ផ្លូវ​ចូល​ទៅកាន់​ទីនោះ​មាន​ភាពមិនប្រក្រតី ដើម្បី​ជំនួញ​ដីព្រៃ​ខុសច្បាប់​»​។

លោក​បន្ថែមថា ដីព្រៃ​អភិរក្ស​ដែល​អាជ្ញាធរ​ស្រុក​រំលោភ​យក​នោះ ជា​កន្លែង​អាស្រ័យ​ផល​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​រាប់ពាន់​គ្រួសារ រស់នៅ​តំបន់​នោះ​ដូចជា រកវល្លិ៍ រក​ថ្នាំបុរាណ បេះបន្លែ ចិញ្ចឹមសត្វ និង​រុក្ខជាតិ​កម្រ ជាដើម​។

លោក​បញ្ជាក់​ថា​ការដាក់​បណ្តឹង​នេះ​គឺជា​ជម្រើស​ចុងក្រោយ​របស់​សហគមន៍ ដោយសារ​អ្នកភូមិ​ភាគច្រើន​មិន​ហ៊ាន​ងើប​តវ៉ា​ទាមទារ​ដី​ដែល​មន្ត្រី​អាជ្ញាធរ​មួយ​ចំនួន​រំលោភ​នោះទេ​ ព្រោះ​ពួកគេ​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខ​បុកម្នេញ​។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​កំពុង​ត្រួតពិនិត្យ​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​នោះ​ហើយ​ប្រសិន​មាន​អ្វី​កែតម្រូវ លោក​នឹង​បញ្ជូន​ទៅ​ដើមបណ្ដឹង​វិញ ដើម្បី​ឲ្យ​កែតម្រូវ ប៉ុន្ដែ​បើ​គ្មាន​កន្លែង​កែសម្រួល​ទេ​លោក​នឹង​បញ្ជូន​បណ្តឹង​នោះ​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ចាត់ចែង​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​កំពុង​ពិនិត្យ​សិន ខ្លាច​មាន​ខុស​ខ្លឹម​សារ ឬ​តួអក្សរ​»​។

លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​កាលពី​ម្សិលមិញ​បាន​បដិសេធ​ថា លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការរំលោភ​យក​ដីព្រៃ​អភិរក្ស ៣០០ ​ហិកតា​នោះទេ​។ លោក​ថ្លែង​ថា​លោក​នឹង​ចូលទៅ​បំភ្លឺ​ទៅ​តាម​ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ដើម្បី​ឆ្លើយតប​នូវ​អ្វីដែល​ជាការ​ចោទប្រកាន់​មកលើ​រូបលោក​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ទើប​ឡើងកាន់​តំណែង​ជា​អភិបាលស្រុក​អូររាំង​ត្រឹម​ឆ្នាំ​ ២០១៧ ​ហើយ​ដី​កំពុងមាន​ទំនាស់​នេះ គឺ​បាន​មាន​ទំនាស់​តាំងពី​ឆ្នាំ ២០១៣ ​ម្ល៉េះ ហើយ​អ៊ីចឹង​ខ្ញុំ​ទៅ​ឃុបឃិត​គ្នា​យក​ដី​ហ្នឹង​ម៉េច​កើត អ៊ីចឹង​វា​ខុសពី​ការពិត​»​។

ចំណែក លោក វុធ សារុំ នាយក​ដែនជម្រក​សត្វព្រៃ​ណាមលៀ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ​កាលពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នកទទួល​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​ដែល​បាន​ចូលរួម​ដាក់ពាក្យ​ប្តឹង​ដែរ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការរំលោភ​ដីព្រៃ​អភិរក្ស​របស់​រដ្ឋ​គឺជា​ទង្វើ​ល្មើសច្បាប់ ហើយ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ស៊ើបអង្កេត​រឿងនេះ​ឲ្យ​ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ស្រោចស្រង់​ព្រៃ​អភិរក្ស​ដែល​នៅសល់​ចុងក្រោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ឃើញថា នេះ​ជា​ជំហាន​មួយ​ដែល​បង្ហាញ​ពី​ភាព​គំរូ​របស់​សហគមន៍​ខេត្តមណ្ឌលគិរី​ដែល​ពួកគាត់​មាន​ឆន្ទៈ​ដាក់​បណ្ដឹង​បរិហារ​តាមផ្លូវ​ច្បាប់​ហ្នឹង ដើម្បី​ឲ្យ​មាន​ការបំបាត់​អំពើ​ពុករលួយ និង​អំពើ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​»៕

វីដេអូ​៖