ឧត្ដរមានជ័យៈ សហគមន៍​ព្រៃ​សង្ឃរុក្ខវ័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលថ្ងៃ​ ២ កុម្ភៈ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ចូលរួម​ការពារ និង​អភិរក្ស​​ព្រៃឈើ និង​សត្វព្រៃ​ទាំងអស់​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។

នៅក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​ ១៩ ​នៃ​​ការបង្កើត​ទីស្នាក់ការ​កណ្ដាល​នៃ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃអាទិត្យ ព្រះតេជគុណ ប៊ុន សាលួត មេគណ​ខេត្ត​ឧត្តរមានជ័យ និង​ជា​​ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន​មាន​សង្ឃដីកា​ថា មាន​បញ្ហា​ប្រឈម​ចំនួន​ ៤ ដែលជា​ឧបសគ្គ​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន​ក្នុង​នោះ​រួមមាន បញ្ហា​ភ្លើង​ឆេះ​ព្រៃ ការដកហូត​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ និង​ការនេសាទ​ត្រី​ក្នុង​តំបន់​ការពារ​ និង​អភិរក្ស​ដោយ​ខុសច្បាប់​។

ព្រះអង្គ​បានបញ្ជាក់​ថា​៖ «​បញ្ហា​ទាំងនេះ​មិន​គ្រាន់តែ​ធ្វើឲ្យ​បាត់បង់​នូវ​ព្រៃឈើ និង​ជីវចម្រុះ​ដែល​ជា​ជម្រក និង​ចំណី​របស់​សត្វព្រៃ​ និង​មច្ឆជាតិ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឲ្យ​បាត់បង់​ជីវិត​សត្វព្រៃ និង​មច្ឆជាតិ​របស់​យើង​ផងដែរ ពិសេស​ប្រភេទ​ឈើ​ប្រណីត និង​​ប្រភេទ​សត្វកម្រ​ដែល​ងាយ​រងគ្រោះ និង​ជិត​ផុត​ពូជ​តែម្ដង​»​។

បើ​តាម​ព្រះតេជគុណ សាលួត ក្រុម​ជន​ប្រព្រឹត្តល្មើស​ធនធាន​ធម្មជាតិ​ភាគច្រើន​បាន​ប្រើ​អន្ទាក់ ឧបករណ៍​ឆក់ រណារយន្ត និង​អាវុធ​ជាតិផ្ទុះ​ដែល​​ឧបករណ៍​ទាំងនេះ​ត្រូវ​បាន​ចាប់ និង​រឹបអូស​បាន​រាប់ពាន់​គ្រឿងក្នុង​ ១ ​ឆ្នាំៗ​។ ​ព្រះអង្គ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​ឲ្យ​​ទម្លាក់ចោល​នូវ​គំនិត​ទុទ្ទិដ្ឋិនិយម​​ចោល ហើយ​ចូលរួម​ក្នុង​កិច្ចការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជាមួយ​សហគមន៍​របស់​ព្រះអង្គ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​ទាំងអស់​គ្នា​។

ព្រះអង្គ​មាន​សង្ឃដីកា​បន្ថែម​ថា​៖ «​ចូរ​យើង​ទាំងអស់​គ្នា​ទម្លាក់ចោល​នូវ​គំនិត​អស្មិមានះ​ដែល​នាំឲ្យ​ខ្លួនឯង និង​សហគមន៍​រួមទាំង​សង្គមជាតិ​ទាំងមូល​ឈាន​ទៅ​រក​សេចក្ដី​វិនាស​។ ​យើង​ត្រូវ​​រួមគ្នា​ធ្វើ​ល្អ​ដើម្បី​ភាព​ចម្រុងចម្រើន​នៃ​សហគមន៍ និង​ប្រទេស​ជាតិ​យើង ព្រមទាំង​ពិភពលោក​ទាំងមូល​»​។

ក្នុង​ឱកាស​នោះ ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​ក៏បាន​ថ្លែង​ដែរ​ថា កិច្ចការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ មិនមែន​ជា​តួនាទី​ផ្ដាច់មុខ​របស់​ប្រជាសហគមន៍​ការពារ​ព្រៃ​ ឬ​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​ ឬ​ក្រសួង​បរិស្ថាន​នោះ​​ទេ ប៉ុន្តែ​ជា​តួនាទី និង​ការទទួល​ខុសត្រូវ​រួម​របស់​ភាគី​ពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​ជាការពិត​ក្នុង​ចំណោម​តំបន់​ដែន​ជម្រក​សត្វព្រៃ​ទាំងអស់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​របស់​យើង ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន​មាន​ភាពល្អប្រសើរ​ជាងគេ ដោយសារ​ប្រជាសហគមន៍​ក្នុង​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមទាំង​ស្ថាប័ន​ជំនាញ​មាន​កិច្ច​សហការគ្នា​ល្អ ក្នុង​ការការពារ អភិរក្ស និង​ចុះ​អង្កេត​តាមដាន និង​បង្ក្រាប​បទល្មើស​ជាប្រចាំ​»​។

ទន្ទឹម​នឹង​នេះ​លោក​បាន​ទទួលស្គាល់​ថា បទល្មើស​ធនធាន​ធម្មជាតិ​នៅតែ​បន្ត​កើតមាន​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ និង​បាន​ទាមទារ​ឲ្យ​មាន​ការចូលរួម​ទាំងអស់​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ទង្វើ​បែបនេះ ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​។

បើ​តាម​លោក លីណា កាលពី​ឆ្នាំមុន​ក្រៅពី​ការងារ​ពង្រឹង​ការ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ​និង​សត្វព្រៃ មន្ត្រី​ឧទ្យានុរក្ស​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន​បាន​ដាំ​ឈើ​គ្រញូង​ដើម្បី​ស្ដារ​ព្រៃឈើ​ប្រណីត​នេះ​ឡើងវិញ​បាន​ចំនួន​ ៣ ​ហិកតា និង​បានរៀបចំ​ជីក​ព្រំ​តំបន់​ការពារ​ព្រមទាំង​គន្លង​ផ្លូវ​សម្រាប់​ការពារ​ភ្លើង​ឆេះ​ព្រៃ​បាន​ប្រមាណ​ ៧០ ​ភាគរយ​ នៃ​ផ្ទៃដី​សរុប ៣០ ២៥៦ ​ហិកតា​ ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​មួយ​នេះ​ផងដែរ​។

ចំណែក​លោក ហួន ម៉ានិត អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​បាន​ជំរុញ​​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​កិច្ចសហប្រតិបត្តិការ​ល្អ​បន្ថែមទៀត​ជាមួយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​​ពិសេស​ជាមួយ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន​ និង​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ដើម្បី​ចុះ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក៏ដូចជា ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​នានា​ផងដែរ​។ ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាសហគមន៍​ប្រគល់​នូវ​ឧបករណ៍​ខុសច្បាប់​នានា​ដែល​ពួកគេ​បាន​លាក់ទុក​សម្រាប់​ប្រព្រឹត្ត​បទល្មើស​កាលពី​កន្លងមក​ជូន​ដល់​សមត្ថកិច្ច​ដើម្បី​ចៀសវាង​ការប្រឈម​ចំពោះ​ផ្លូវច្បាប់​។

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ពិធី​អបអរសាទរ​ខួប​ ១៩ ​ឆ្នាំ​នៃ​ការបង្កើត​ទីស្នាក់ការ​កណ្ដាល​នៃ​សហគមន៍​សង្ឃ​រុក្ខវ័ន​នេះ​ក្រុម​គណៈកម្មការ​នៃ​សហគមន៍​រួមទាំង​អ្នកចូលរួម​ប្រមាណ​ជាង​ ២០០ ​នាក់​ ក៏បាន​រួមគ្នា​បំបួស​ដើមឈើ​មួយ​ចំនួន​ក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន​ផងដែរ ដោយ​ភាគច្រើន​នៃ​​ដើមឈើ​ទាំងនោះ​រួមមាន ឈើទាល ផ្ដៀក ត្រាច គគីរ ធ្នង់​និង​សុក្រំ​ជាដើម​៕