
ព្រះសង្ឃ និងពលរដ្ឋសហគមន៍បំបួសដើមឈើកន្លងមក។ រូបថត សាវិ
ព្រះវិហារៈ បណ្ដាញសហគមន៍ព្រៃព្រះរកានឹងរៀបចំពិធីបុណ្យតាមបែបសាសនាបំបួសដើមឈើនៅចំកណ្ដាលព្រៃព្រះរកាចាប់ពីថ្ងៃទី ១០-១១ ខែមករានេះ ដើម្បីរំឭកគុណអ្នកបូជាជីវិតក្នុងការការពារព្រៃឈើ និងដើម្បីឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋសហការគ្នាថែរក្សាព្រៃព្រះរកា។
លោក ជឹម ចៀន សមាជិកបណ្ដាញសហគមន៍ព្រៃព្រះរកានៅស្រុកត្បែងមានជ័យបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ពិធីបុណ្យបំបួសដើមឈើនេះគឺរៀបចំធ្វើឡើងដោយប្រជាពលរដ្ឋ និងសមាជិកបណ្ដាញសហគមន៍ព្រៃព្រះរកាចំនួន ៣០០ នាក់ដែលរស់នៅក្នុងតំបន់ព្រៃព្រះរកាស្ថិតក្នុងស្រុកចំនួន ៣ នៃខេត្តព្រះវិហារគឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត។ ក្រៅពីនោះខាងបណ្ដាញសហគមន៍ក៏ដាក់លិខិតអញ្ជើញចូលរួមពីខាងបណ្ដាញសហគមន៍ព្រៃឡង់ មន្ត្រីពីស្ថាប័នរដ្ឋពាក់ព័ន្ធនៅក្នុងខេត្ត ដូចជា អភិបាលខេត្ត អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពីមន្ទីរបរិស្ថានខេត្តរួមទាំងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនទៀត។
លោក ចៀន ថ្លែងថា៖ «ដើមឈើដែលត្រូវបំបួសហ្នឹងគឺមានរាប់ពាន់ដើមមានតាំងពីតូច និងធំ ដែលបានសល់ពីជនល្មើសបានកាប់ ដើម្បីការពារបានខ្លះ។ យើងថា បំផ្លាញអស់ចុះអាធំ ប៉ុន្តែយើងខ្លាចជនខិលខូចទៅកាប់ និងទន្ទ្រានយកដីធ្វើចម្ការ អ៊ីចឹង យើងខ្លាចអស់អាតូចៗហ្នឹងទៀត»។
ព្រៃព្រះរកាដែលមានទំហំ ៩ ម៉ឺនហិកតាស្ថិតក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារត្រូវបានរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃព្រះរកាដើម្បីការពារធម្មជាតិ ខណៈព្រៃនេះគឺជាប្រភេទទីជម្រកចម្រុះដែលគាំទ្រដល់ការរស់នៅរបស់ប្រភេទសត្វរងការគំរាមកំហែងជាង ២៨ ប្រភេទដូចជាត្រយងយក្ស និងត្រយងចង្កំកសដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុត និងថនិកសត្វប្រភេទជិតផុតពូជ ៧ ប្រភេទផ្សេងទៀតដូចជា ទោចមកុដ រមាំង និងទន្សោងជាដើម។
លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថា ថ្វីដ្បិតមាន ឬគ្មានបុណ្យបំបួសដើមឈើរបស់បណ្ដាញសហគមន៍នេះ ក៏មន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានចំនួន ១៤ នាក់តែងតែចុះល្បាតនៅក្នុងព្រៃព្រះរកាជារៀងរាល់ថ្ងៃ ប៉ុន្តែលោកបដិសេធមិនផ្ដល់របាយការណ៍អំពីការរកឃើញបទល្មើសកើតឡើងនៅក្នុងព្រៃនេះកាលពីអំឡុងក្នុងឆ្នាំ ២០១៩ កន្លងទៅនេះទេ។
លោកថ្លែងថា៖ «មន្ត្រីឧទ្យានុរក្សគឺធ្វើការងារនៅក្នុងព្រៃមិនមែនធ្វើការងារនៅខេត្តទេ។ យើងមានរបាយការណ៍ ប៉ុន្តែខ្ញុំមិនអាចនឹងផ្ដល់ព័ត៌មានលម្អិតឱ្យបានទេ»។
ចំណែកយុវជន សាន់ ម៉ាឡា សកម្មជនបរិស្ថានដែលធ្លាប់ចុះទៅល្បាតព្រៃព្រះរកាកន្លងមកបានឲ្យដឹងថា ថ្វីដ្បិតព្រៃព្រះរកាមិនមានសកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំៗ ប៉ុន្តែគឺមានរូបភាពការកាប់បំផ្លាញព្រៃឈើតូចៗនៅតែបន្តកើតឡើង។
លោក ម៉ាឡា បានឲ្យដឹងទៀតថា អាជ្ញាធរតែងលើកឡើងខុសគ្នាពីការលើកឡើងរបស់សហគមន៍ និងយុវជនដោយអាជ្ញាធរអះអាងថា បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃព្រះរកាគឺកើតឡើងដោយសារប្រជាពលរដ្ឋដែលចូលទៅកាប់ឈើ ដើម្បីសង់ផ្ទះ ប៉ុន្តែជនល្មើសមួយចំនួនដែលយុវជន និងសហគមន៍ឃាត់សួរនៅក្នុងពេលចុះល្បាតគឺបានឆ្លើយថា ពួកគេកាប់ឈើទាំងនោះ ដើម្បីយកទៅឱ្យថៅកែឈើ។
លោកថា៖ «អ៊ីចឹង!អាជ្ញាធរហាក់មិនបានសហការគ្នាជាមួយអ្នកពាក់ព័ន្ធហ្នឹង ហើយក៏មិនបានធ្វើជំរឿន ឬ ក៏កំណត់ថាតើអ្នកណានៅក្នុងភូមិជាមុខសញ្ញាចាប់ ហើយមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារឱ្យពិតប្រាកដ ដែលជាអ្នកខ្វះខាត និងត្រូវការឈើដើម្បីយកមកធ្វើផ្ទះ (ការធ្វើអ៊ីចឹង) គឺដើម្បីធានាក្នុងការផ្ដល់លិខិតអនុញ្ញាត ហើយមិនមានអ្នកចូលទៅកាប់ព្រៃខុសច្បាប់»៕