ឧត្តរមានជ័យ: សត្វទន្សោងឈ្មោល ១ ក្បាល ដែលគេប្រទះឃើញងាប់ក្នុងសភាពស្អុយរលួយនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី ២០ ខែមិថុនា ត្រូវបានយកមករៀបចំពិធីបង្សុកូលកាលពីម្សិលមិញ ខណៈប្រធានព្រៃសហគមន៍នេះ និងមន្ត្រីថា ការងាប់នេះគឺជាស្នាដៃព្រានព្រៃលួចបាញ់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងពីម្សិលមិញថា ក្រុមការងារចម្រុះដឹកនាំដោយព្រះភិក្ខុ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ និងជាប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធមានមន្ត្រីនគរបាល និងទាហានបានពិនិត្យខ្មោចសត្វទន្សោងនេះ។ តាមការសន្និដ្ឋាន សត្វទន្សោងនេះបានងាប់ជាង ១០ ថ្ងៃហើយ ដោយសារត្រូវគ្រាប់កាំភ្លើងរបស់ព្រានព្រៃ ហើយមានបាក់ឆ្អឹងជំនីរចំនួន ២ កាំនៅផ្នែកខាងឆ្វេង។
លោកបានឲ្យដឹងថា នេះជាសត្វទន្សោងទី ៦ ហើយដែលត្រូវបានគេបាញ់សម្លាប់ក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័នក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ សត្វទន្សោងទី ៥ ដែលបានរកឃើញកាលពីថ្ងៃទី ២៤ ខែឧសភា និងបានងាប់ដោយការជាប់អន្ទាក់របស់ព្រានព្រៃ ក្រោយពីការខិតខំជួយសង្គ្រោះជីវិតពីគ្រូពេទ្យសត្វ ខណៈទន្សោងញីឈ្មោល ៤ ក្បាលផ្សេងទៀតបានងាប់ដោយការជាប់អន្ទាក់ និងដោយសារអន្ទាក់ឆក់កាលពីដើមឆ្នាំ ២០២០។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «យើងត្រូវតែបន្តស៊ើបអង្កេតស្វែងរកជនខិលខូចដែលប្រព្រឹត្តបទល្មើសបរបាញ់សត្វដាក់អន្ទាក់សត្វ ហើយសូមស្នើសុំបងប្អូនប្រជាពលរដ្ឋដែលបានដឹងព័ត៌មានពីជនបំផ្លាញសត្វព្រៃ សូមជួយផ្តល់ការសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីអនុវត្តច្បាប់»។
លោកបានសម្ដែងការសោកស្តាយចំពោះការបាត់បង់សត្វកម្រដោយសារស្នាដៃក្រុមព្រានព្រៃគ្មានក្តីមេត្តានេះ ហើយបានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការគ្នាបន្ថែមទៀតដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ និងត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុតចំពោះពលរដ្ឋដែលចូលព្រៃរកអនុផលព្រៃឈើផ្សេងៗដើម្បីកុំឲ្យពួកគាត់លួចលាក់អាវុធពិត ឬអាវុធកែច្នៃ អន្ទាក់ចូលក្នុងព្រៃប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
ព្រះតេជព្រះគុណ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ និងជាប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័នមានសង្ឃដីកាពីម្សិលមិញថា ខ្មោចសត្វទន្សោងនេះត្រូវបានដឹកមកកាន់ទីស្នាក់ការសហគមន៍ព្រៃសង្ឃរុក្ខវ័នហើយ ដើម្បីធ្វើពិធីបង្សុកូលឧទ្ទិសកុសលតាមបែបពុទ្ធសាសនានៅថ្ងៃទី ២១ មិថុនា មុននឹងកប់ទន្ទឹមផ្នូរទន្សោងដែលបានងាប់កាលពីថ្ងៃទី ២៤ ខែឧសភា កន្លងទៅ។
ព្រះអង្គបន្ដថា សត្វទន្សោងនេះត្រូវបានគេបាញ់ត្រូវបាក់ឆ្អឹងជំនីរចំនួន ២ កាំ ហើយបានព្យាយាមរត់គេចពីក្រុមព្រានព្រៃមកដេកងាប់កន្លែងកើតហេតុនេះ។ សកម្មភាពលួចបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ហើយអន្ទាក់គឺជាឃាតករលាក់មុខបន្តសម្លាប់សត្វព្រៃជារៀងរាល់ថ្ងៃ។ រីឯមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់សង្ឃរុក្ខវ័នបានបង្ក្រាប និងទប់ស្កាត់ជាហូរហែ។
ព្រះអង្គបញ្ជាក់ថា៖ «សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយចំពោះកម្ពុជាយើងនៅសេសសល់ខ្លះ។ អ៊ីចឹងប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃឲ្យបានគង់វង្ស យើងទាំងអស់គ្នាគួរតែបញ្ឈប់ការជួញដូរសត្វព្រៃ សូមកុំបរិភោគសាច់សត្វព្រៃ និងកុំបរបាញ់ និងចាប់សត្វព្រៃបន្តទៀត»។
បើតាមលោក នេត្រ ភក្ត្រា ចាប់តាំងពីខែមករាដល់ខែមិថុនានេះមានសត្វទន្សោងយ៉ាងហោចណាស់ ១០ ក្បាលត្រូវបានប្រទះឃើញងាប់ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងនោះ ១ ក្បាល រកឃើញងាប់ដោយជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ។ រីឯ ៦ ក្បាល (ឈ្មោល ៣ ក្បាល និងញី ៣ ក្បាល) ងាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ និង ២ ក្បាល ងាប់ក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយសារការបាញ់សម្លាប់ និងកូនទន្សោងញី ១ ក្បាល រកឃើញងាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី ដោយសារជាប់អន្ទាក់ដែរ៕