ភ្នំពេញៈ មន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្រើន​​រំឭក​ដល់​ម្ចាស់​ ឬ​នាយក​សហគ្រាស​ ឬ​គ្រឹះស្ថាន និង​ជនបរទេស​ថា ប្រសិន បើ​ពួកគេ​ចង់​ប្រើ​ពលកម្ម​បរទេស​សម្រាប់​ឆ្នាំ​ ២០១៩ ​តែ​មិន​បាន​ស្នើការ​អនុញ្ញាត​ ឬ​សុំ​ពន្យារ​ [​កូតា​] ​តាម​កាលកំណត់​ទេ​នឹង​ត្រូវ​ប្រឈម​ការពិន័យ​តាម​ឆ្នាំ​ប្រព្រឹត្ត​។ នេះ​បើ​តាម​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​នេះ​កាលពី​ម្សិលមិញ​។

ការលើក​ឡើង​បែប​នេះ​បន្ទាប់ពី​ក្រសួង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​កាលពី​ថ្ងៃទី​ ២០ ​ខែ​សីហា​ដោយ​តម្រូវ​ឱ្យ​ស្ថាប័ន​ណា​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជា​ជនបរទេស​ត្រូវ​មក​សុំ​ការអនុញ្ញាត​ប្រើប្រាស់​ចាប់ពី​ថ្ងៃទី​ ១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨​។

ជាមួយ​នេះ​សេចក្ដី​ជូន​ដំណឹង​ដដែល​ក៏​បាន​តម្រូវ​ឱ្យ​អ្នក​សុំ​ពន្យារ​ប័ណ្ណ​ ឬ​សៀវភៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០១៩ ​មក​បំពេញ​បែបបទ​ផង​ដែរ​គិត​ចាប់ពី​ថ្ងៃ​ទី​ ១ ខែ​មករា​ដល់​ថ្ងៃទី​ ៣១ ​ខែ​មីនា ឆ្នាំ ​២០១៩ ដោយ​នីតិវិធី​ស្នើសុំ​ និង​ពន្យារ​ត្រូវ​ធ្វើ​តាមរយៈ​គេហទំព័រ www.fwcms.mlvt.gov.kh ហើយ​ថា​នឹង​វិធានការ​អនុវត្ត​ការផាក​ពិន័យ​តាម​ទោស​ប្បញ្ញត្តិ​ដែល​មាន​ចែង​​ក្នុង​ជំពូក​ទី​ ១៦ នៃ​ច្បាប់​ស្ដីពី​ការងារ​ផង​ដែរ ប្រសិន​បើ​មិន​អនុវត្ត​តាម​។

លោក ហេង សួរ បាន​ថ្លែង​ថា​សហគ្រាស​ទាំងអស់​ដែល​មាន​កាតព្វកិច្ច​ប្រើប្រាស់​ជនបរទេស​គឺ​ត្រូវ​សុំ​កូតា ហើយ​បើ​គាត់​អត់​មាន​កូតា​មាន​ន័យ​ថា​មិន​អាច​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជា​ជនបរទេស​បាន​ទេ​។ រីឯ​ជនបរទេស​ណា​ដែល​ធ្វើការងារ​នៅ​ស្ថាប័ន​ដែល​គ្មាន​កូតា​ក៏​ខុស​ច្បាប់​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​សហគ្រាស ឬ​ជនបរទេស​ណា​ដែល​មិន​បាន​សុំ​កូតា​ ឬ​ការ​អនុញ្ញាត​ការងារ​គាត់​អាច​ត្រូវ​ពិន័យ ឧបមាថា​គាត់​ត្រូវ​បង់​ប្រាក់​ចំនួន ​៤៥០០០០ ​រៀល​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ហើយ​អាក់ខាន​គឺ​គាត់​ត្រូវ​បង់​ប្រាក់​គុណ​នឹង​ ២ ​ហើយ​បើ​គាត់​ខកខាន​ ២ ​ឆ្នាំ​ត្រូវ​បង់​គុណ​នឹង​ ៣»​។

លោក ហេង សួរ បាន​បន្ថែម​ថា​៖ «​យើង​គ្រាន់​តែ​ជូនដំណឹង​ពី​ឥឡវ​រហូត​ដល់​ចុង​ឆ្នាំ​ដើម្បី​ឲ្យ​​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ដែល​ចង់​ប្រើប្រាស់​ជនបរទេស​មក​ចុះ​កូតា​​ដែល​ក្រសួង​នឹង​ទុក​ពេល​ឲ្យ​រហូត​ដល់​ចុង​ឆ្នាំ​សល់​ពេល​ប្រមាណ​ ៥ ​ខែ​ទៀត​សម្រាប់​​ការចុះ​ឈ្មោះ​កូតា​ថ្មី​នេះ​»​។

ទាក់ទង​នឹង​ការសុំ​កូតា​នេះ​លោក ហេង សួរ បាន​បញ្ជាក់​ថា​ក្នុង​ឆ្នាំ​ ២០១៧ ជនបរទេស​ដែល​សុំ​កូតា​នៅ​កម្ពុជា​ច្រើន​ជាង​គេ​គឺ​នៅ​តំបន់​អាស៊ី តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ជា​ជនជាតិ​ណា​ទេ​។

លោក​ថា​៖ «​ឆ្នាំ​ ២០១៧ មាន​ជនជាតិ​អាស៊ី​ច្រើន​ជាង​គេ​ចំពោះ​ការសុំ​កូតា ប៉ុន្ដែ​មិន​ទាន់​ដឹង​ជនជាតិ​ណា​ដែរ​ទាល់​តែ​ខ្ញុំ​ពិនិត្យ​មើល​ស្ថិតិ​សួរ​ជំនាញ​សិន​។ ឆ្នាំ​ ២០១៧ ជនបរទេស​បាន​មក​សុំ​កូតា​ដោយ​រលូន​មិន​មាន​ការយឺតយ៉ាវ​ទេ​»​។

លោក ហេង សួរ អះអាង​ថា​៖ «​សេចក្ដី​ជូន​ដំណឹង​នេះ​គឺ​សម្រាប់​​សាធារណៈ​បើ​ទោះបី​ដល់​ ឬ​មិន​​ដល់​សហគ្រាស​ដែល​ប្រើប្រាស់​​ជនបរទេស​ឲ្យ​តែ​ដល់​កាលបរិច្ឆេទ​ត្រូវ​ពិន័យ​គឺ​ពិន័យ​ហើយ​សហគ្រាស​ដែល​ធ្លាប់​ប្រើប្រាស់​​ជនបរទេស​គឺ​គាត់​ដឹង​រួចរាល់​ហើយ អ៊ីចឹង​យើង​មិន​រំពឹង​ថា​មាន​ការ​ខ្វះខាត​ទៀត​ទេ​។ ​បើ​នៅ​តែ​មាន​ការខ្វះខាត​មាន​ន័យ​ថា​គាត់​ល្មើស​នឹង​ច្បាប់​គឺ​គួរតែ​ពិន័យ​ចំពោះ​គាត់ មិន​គួរ​លើកលែង​ឲ្យ​គាត់​ទេ​»​។

យ៉ាង​ណា​ក្ដី​លោក​ ហេង សួរ ថា​មិន​ទាន់​អាច​ដឹង​ពី​ចំនួន​អ្នក​មក​ស្នើសុំ​បាន​នៅ​ឡើយ​ទេ​ចាប់ពី​ជូន​ដំណឹង​នេះ​មក​។

លោក​ថា​៖ «​អត់​ទេ ទាល់​តែ​​ដាច់​ឆ្នាំ​បាន​យើង​ដឹង​ក្នុង​ឆ្នាំ​អ៊ីចឹង​យើង​ម៉េច​ដឹង​រឿង​ហ្នឹង​ក្នុង​ ១ ​ឆ្នាំ​ទើប​ធ្វើ​ម្ដង​...​យើង​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន ឬ​សហគ្រាស​ដល់​ចុង​ឆ្នាំ យើង​គ្រាន់​តែ​ជូន​ដំណឹង​ពី​ឥឡូវ​ដល់​ចុង​ឆ្នាំ​ប៉ុណ្ណោះ​» ៕