ភ្នំពេញៈ សហចៅក្រម​ស៊ើបអង្កេត​ជាតិ​នៅក្នុង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​ដីកា​លើកលែង​ការ​ចោទប្រកាន់​លើ​លោក មាស មុត ពាក់ព័ន្ធ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ឃាតកម្ម​គិត​ទុក​ជាមុន​នៅក្នុង​របប ប៉ុល ពត ប៉ុន្តែ​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​បដិសេធ​សេចក្ដី​សម្រេច​របស់​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​ដោយ​លើក​ឡើង​ថា មាន​ភ័ស្តុតាង​គ្រប់​ដើម្បី​ចោទប្រកាន់​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក​) ​កាលពី​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា​បាន​ឲ្យ​ដឹង​ថា​៖ «​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​យល់​ឃើញ​ថា មាស មុត មិន​ស្ថិត​នៅ​ក្នុង​យុតា្តធិការ​បុគ្គល​របស់ អ.វ.ត.ក ក្នុង​នាម​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​ជន​ម្នាក់​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នោះ​ទេ ហើយ​បាន​លើកលែង​ការ​ចោទប្រកាន់​លើ មាស មុត ដោយសារ​មូលហេតុ​នេះ​»​។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​យល់​ឃើញ​ថា មាស មុត ​ត្រូវ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់ អ.វ.ត.ក ក្នុង​នាម​ជា​ជន​ម្នាក់​ក្នុង​ចំណោម​ជន​ទាំងឡាយ​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ហើយ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​បញ្ជូន​គាត់​ទៅ​ជំនុំជម្រះ​ចំពោះ​បទចោទ​នៃ​អំពើ​ប្រល័យពូជសាសន៍​លើ​ជន​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​យោងតាម​ច្បាប់​កម្ពុជា​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ អ.វ.ត.ក ​ថ្លែង​ថា​ដីកា​ដំណោះស្រាយ​នេះ​មិន​ទាន់​ដឹងថា​តើ​ត្រូវ​យក​ មាស មុត ​ទៅ​ជំនុំជម្រះ​ ឬ​ក៏​លើកលែង​ការចោទប្រកាន់​ទេ​ព្រោះ​សហចៅក្រម​ស៊ើបអង្កេត​ខ្វែង​យោបល់​គ្នា ហើយ​ការសម្រេច​ចុង​ក្រោយ​គឺ​អាស្រ័យ​លើ​ចៅក្រម​នៃ​អង្គបុរេ​ជំនុំជម្រះ​៕